ខេត្តបាត់ដំបង ៖ បុរសម្នាក់ព្រោះតែជួបវិបត្តិផ្លូវចិត្តក្នុងក្រុមគ្រួសារដោះស្រាយមិនចេញ លុះគ្រាន់តែចប់ពិធីបុណ្យភ្ជុំភ្លាម ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិតខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចដំណាក់ស្នួល ស្ថិតក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់។
បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះឈូន តុល អាយុ៣០ឆ្នាំ មុខរបរកម្មករសិប្បកម្មតុទូ មានលំនៅក្រុមទី០៩ ភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីបុរសម្នាក់ធ្វើអត្តឃាតចង់កសម្លាប់ខ្លួនខាងលើនេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យកន្លែងកើតហេតុនៅចំណុចដំណាក់ស្នួល ស្ថិតក្នុងដីស្រែរបស់ឈ្មោះហ៊ួន ហ៊ុច ភេទប្រុស រស់នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

បើតាមការពិនិត្យជាក់ស្តែងរបស់សមត្ថកិច្ចជំនាញឃើញថា សាកសពខាងលើនេះពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងប្រាកដមែន។
តាមប្រភពពីបងប្អូនជនរងគ្រោះបានបញ្ជាក់ប្រាប់សម្ថកិច្ចមូលដ្ឋានថា មូលហេតុដែលនាំឱ្យបុរសខាងលើឈានទៅដល់ការសម្រេចចិត្តបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួនឯងនេះ គឺបណ្តាលមកពីជនរងគ្រោះមានវិបត្តិផ្លូវចិត្តនៅក្នុងក្រុមគ្រួសារ ទើបបានជាគិតខ្លីយ៉ាងដូចនេះ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕