Friday, November 28, 2025
Homeតារាខ្មែរមាស សុខសោភា ស្ទាក់ស្ទើរមិនហ៊ានជួបលោកឧកញ៉ា?

មាស សុខសោភា ស្ទាក់ស្ទើរមិនហ៊ានជួបលោកឧកញ៉ា?

ក្រោយចេញពីថោន ជាង១ខែមកនេះ មាស សុខសោភា នៅតែមិនទាន់បង្ហាញទ្រនំថ្មីរបស់ខ្លួនទេ បើទោះជាមនុស្សជាច្រើនបានសន្និដ្ឋានថា នាងនឹងទៅធ្វើជាតារាចម្រៀងហង្សមាស ដែលមានលោកឧកញ៉ាជាអ្នកគ្រប់គ្រងក្ដី ប៉ុន្ដែពេលនេះការចរចានៅតែមិនអាចទៅរួច ហើយត្រូវជាប់គាំងដដែល​ ព្រោះសោភា ចង់ច្រៀងដោយគ្មានកុងត្រា ប៉ុន្ដែហង្សមាស ចង់បានកុងត្រា៥ឆ្នាំ ដូចខេមរៈ សិរីមន្ដ ដែរ។

ទោះជាយ៉ាងណា មាស សុខសោភា នៅតែមិនអន្ទះសាស្វែងរកទ្រនំថ្មីទេ ហើយនាងផ្ដោតលើការចេញបទចម្រៀងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ​ដូចជាបទ ”ស្រណោះដៃប្ដី”។

ដោយឡែក នៅតាមឆាកតន្រ្ដីទូរទស្សន៍វិញ​ មាស សុខសោភា ក៏ផ្អាកឡើងច្រៀងសម្ដែងជាច្រើនខែមកហើយ ព្រោះនាងមិនចង់ច្រៀងបទចាស់ៗឡើងវិញ និងម្យ៉ាងទៀតនាងជាប់បើកហាងកាហ្វេនៅខេត្តព្រះសីហនុ ទើបពិបាកមកច្រៀងរាំនៅភ្នំពេញ។

មាស សុខសោភា បានផ្លាស់ប្ដូរផលិតកម្មជាច្រើនមកហើយ ដូចជា នាងធ្លាប់ច្រៀងនៅរស្មីស្ទឹងសង្កែ , U2 ឬ CB , M , សាន់ដេ , ថោន និងផលិតកម្មរបស់ផ្ទាល់ខ្លួនរបស់នាង Camtrax។

ឆ្លងកាត់ការច្រៀងនូវ៦ផលិតកម្មនេះ មាស សុខសោភា ត្រូវបានគេកត់សម្គាល់ឃើញថា នាងទៅដល់ផលិតកម្មណាក៏នៅតែល្បីដដែល ប៉ុន្ដែក្រោយចេញពីថោន នេះ សោភា បែរជាស្ទាក់ស្ទើរការចូលជ្រកកោននៅទ្រនំហង្សមាស ដែលមហាជនយល់ថា ស័ក្តិសមសម្រាប់ផលិតកម្មទី៧របស់នាង ក្នុងអាជីពចម្រៀងនេះទៅវិញ។

មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា តារាចម្រៀងនៅហង្សមាស ដែលជាមិត្តភក្ដិនាងចង់ឲ្យនាងទៅហង្សមាស ដែរ។ ប៉ុន្ដែជំហររបស់នាង គឺនៅតែដដែល បើទៅហង្សមាស ដោយមានកុងត្រានាងមិនទៅទេ ព្រោះនាងជាមនុស្សចូលចិត្តរស់នៅមានសិទ្ធិសេរីភាព ហើយសម័យនេះហើយ ទោះគ្មានផលិតកម្មច្រៀង ក៏គេអាចធ្វើបទចម្រៀងដោយខ្លួនឯងល្បីបានដែរ៕

RELATED ARTICLES