Friday, November 28, 2025
Homeតារាខ្មែរអ្នកនាងសុគន្ធ និសា វ័យកាន់តែច្រើន ចង់សម្រាកពីអាជីពនេះហើយ

អ្នកនាងសុគន្ធ និសា វ័យកាន់តែច្រើន ចង់សម្រាកពីអាជីពនេះហើយ

ក្នុងជំនួបផ្ទាល់ជាមួយសុគន្ធ និសា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ តារាហង្សមាស រូបនេះ បានឲ្យដឹងថា នាងនឹងផ្អាកការថតសម្ដែងភាពយន្ដមួយរយៈសិន ព្រោះថាការថតរឿងមិនមែនដូចថត MV នោះទេ គឺមានភាពហត់នឿយច្រើនជាងឆ្ងាយណាស់ ហើយឈុតឆាកប្លង់មួយចំនួនក៏មានថតដល់យប់ជ្រៅៗដែរ អីចឹងនាងអាចនឹងមិនមានគម្រោងថតរឿងថ្មីៗទៀតឡើយ។

តារាតូចច្រឡឹងរូបនេះ បានឲ្យដឹងថា រឿងចុងក្រោយដែលនាងបានសម្ដែងជាមួយលោកឆន សុវណ្ណរាជ នោះ បានថតចប់ហើយ ដោយប្រើពេលដល់ទៅ៥ខែឯណោះ ហើយភាពយន្ដនោះជាការទិញសិទ្ធិ (License)​ពីបរទេសផងដែរ។ នាងថា ដោយសារស្រលាញ់អាជីពសិល្បៈ ទាំងចម្រៀង និងភាពយន្ដ អីចឹងហើយបានជាចង់បន្សល់ស្នាដៃទាំងនេះសម្រាប់ថ្ងៃក្រោយ។ ប៉ុន្ដែពេលនេះនាងមានវ័យកាន់តែច្រើនទៅហើយ​អីចឹងឆាប់ហត់នឿយជាងមុន ទើបគិតថា ចង់ឈប់សម្រាកពីអាជីពភាពយន្ដ ប៉ុន្ដែចម្រៀងនៅតែបន្ដចេញច្រៀងសម្ដែង និងថតបទថ្មីៗដដែល។

សុគន្ធ និសា បានសម្រុកថតភាពយន្ដដល់ទៅ៤រឿងជាប់គ្នា ក្នុងតំណែងជាតួឯក គឺមានដូចជារឿង ”សិសិររដូវក្នុងបេះដូង”, ”រាជិនីភូមិគ្រឹះ”, ”ព្រះវេស្សន្ដជាតក” និងរឿង ”ចំណតថ្មីនៃសុភមង្គល” ខណៈដែលអំឡុងនៅផលិតកម្មថោន ធ្លាប់ធ្លាយព័ត៌មានថា នាងបានថតរឿង ”ចងចាំ” ជាមួយលោកករុណា ពេជ្រ តែភាពយន្ដនោះបែរជាប់គាំង មិនទាន់ឃើញដាក់បញ្ចាំងទៅវិញ។

ទាក់ទងនឹងការបាត់ប្រាក់ចំណូលពីអាជីពចម្រៀង ដោយសារតែការកូវីដ-១៩នេះ សុគន្ធ និសា បានឲ្យដឹងថា នាងក៏ដូចតារាផ្សេងៗទៀតដែរ គឺធ្លាក់ចំណូលដូចគ្នា។ ប៉ុន្តែនាងថា មិនអាចនិយាយថាស្ដាយលុយ ព្រោះកម្មវិធីគេលុបចោលនោះទេ គឺមានតែបន្ដការប្រុងប្រយ័ត្ន និងចូលរួមទាំងការពារខ្លួនទាំងអស់គ្នាឲ្យរួចផុតពីជំងឺដ៏សាហាវមួយនេះ។ នាងថាថ្វីត្បិតតែការប្រគំតន្ត្រីតាមខេត្ត ត្រូវបានលុបចោលអស់មែន ប៉ុន្ដែនាងនៅតែមានភាពមមាញឹកច្រៀងសម្ដែងតាមឆាកទូរទស្សន៍ និងមុខរបរក្រៅពីអាជីពសិល្បៈរបស់នាង ដូចជា បើកហាងលក់គុយទាវខ្ចប់​ ជាដើម។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧​ជាមួយអាណិកជនខ្មែរ​មកពីរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក​ លោកចៅ សម្បត្តិ ដែលជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយ នៅកម្ពុជា តែក្រោយការជិត៣ឆ្នាំនេះ និសា នៅមិនទាន់ពពោះកូនដំបូងឡើយ។

ប៉ុន្ដែអតីតតារាចម្រៀងរស្មីស្ទឹងសង្កែ,​ Spark Music និងថោន រូបនេះ មានសំណាងជាងតារាមួយចំនួន ព្រោះនាងត្រូវបានស្វាមីអនុញ្ញាតឲ្យនាងលេងសិល្បៈថតសម្ដែង ច្រៀងរាំពេញទំហឹងតែម្ដង ហើយលោកសម្បត្តិ ហៅសាំបា ក៏មិនដែលដើរតាមឆាកតន្រ្ដីមួយចំនួនតាមនិសា ដូចគូស្នេហ៍តារាផ្សេងៗទៀតដែរ។

និសា អះអាងថា នាងធ្លាប់ប្រាប់ហេតុផលទៅសា្វមីរឿងមិនអាចបញ្ចប់អាជីពសិល្បៈត្រឹមនេះបានទេ​ព្រោះនាងបានតស៊ូជាង១០ឆ្នាំមកហើយ ហេតុនេះបានជាប្ដីនាងមិនហាមឃាត់នាងច្រៀងសម្ដែងនោះទេ ហើយប្ដីប្រពន្ធរបស់នាងមានទំនុកចិត្តគ្នាល្អណាស់។

ប៉ុន្ដែទាក់ទងរឿងគម្រោងចេញទៅរស់នៅសហរដ្ឋអាមេរិក​តាមស្វាមីនោះ តារាហង្សមាសរូបនេះ​នៅតែមិនច្បាស់ដដែល​ដោយនាងធ្លាប់ប្រាប់ថា មិនទាន់ទទួលបានសិទ្ធិទៅរស់នៅស្របច្បាប់ (Visa)​ ពីស្ថានទូតអាមេរិកឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES