Friday, November 28, 2025
Homeតារាខ្មែរស្រីតូច សង្សារឃ្លាតឆ្ងាយ១ឆ្នាំហើយ នៅតែនឹក និងមិនទាន់ចង់រៀបការ

ស្រីតូច សង្សារឃ្លាតឆ្ងាយ១ឆ្នាំហើយ នៅតែនឹក និងមិនទាន់ចង់រៀបការ

តារាសម្ដែងរូបស្រស់សួង ស៊ីធឿន បានកាន់ទុក្ខជូនសង្សារសំណព្វចិត្តរយៈពេលជិត១ឆ្នាំទៅហើយ ក្រោយពីលោកសូ ដារា ដែលជាមន្រ្ដីបម្រើការនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែសីហា​ឆ្នាំ២០១៩ យ៉ាងអណោចអធ័មក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅម្ដុំក្រុងតាខ្មៅ។

នាងស៊ីធឿន ក្រៀមក្រំស្រពន់ចិត្តជាច្រើនខែ បន្ទាប់ពីសង្សារលាចាកលោកទាំងមិនទាន់បានភ្ជាប់ពាក្យជាមួយនាង ហើយពេលនេះនាងថា មិនទាន់មានគូស្នេហ៍ថ្មីទេ ប៉ុន្ដែនាងព្យាយាមធ្វើចិត្តឲ្យសប្បាយៗឡើងវិញ។​នាងថា ឃើញមិត្តភក្ដិរៀបការ នាងមានតែត្រេកអរជំនួសគេ ប៉ុន្ដែរូបនាងវិញមិនអាចកំណត់ថ្ងៃណាថានឹងរៀបការដូចគេបានទេ ត្បិតអីពេលនេះនាងមិនទាន់ទទួលយកអ្នកថ្មីទេ។

ស៊ូធឿន ប្រាប់ថា នៅមុនផ្ទុះកូវីដ-១៩ ការងារសិល្បៈរបស់នាងមានច្រើនណាស់ ទាំងការថតភាពយន្ដភាគ និងរឿងដុំ គឺមានស្មើគ្នាតែម្ដង ប៉ុន្ដែតាំងពីផ្ទុះជំងឺនេះមក បាត់បង់ការងារច្រើន ទើបតែពេលនេះទេ ដែលនាងបានទទួលការងារសិល្បៈពេញទំហឹងឡើងវិញ ហើយសកម្មភាពសិល្បៈចាប់ផ្ដើមមានជាហូរហែជាបណ្ដើរៗហើយ។

សួង ស៊ីធឿន ហៅស្រីតូច ជាអតីត Freshie កាលពីឆ្នាំ២០១៥ ហើយពេលនេះនាងបានប្រឡូកសិល្បៈជិត៤ឆ្នាំហើយ និងបានថតភាពយន្ដជាង១០រឿង ដែលភាគច្រើនអ្នកដឹកនាំតម្រូវឲ្យនាងសម្ដែងជាតួឯកឬតួរង។ នាងថា សម្រាប់បទពិសោធន៍ក្នុងភាពយន្ដ គឺនាងទទួលបានច្រើនគួរសម ទាំងរឿងភាគនិងរឿងដុំ ហើយបំណងរបស់នាង គឺចង់ធ្វើជាពិធីការិនីដូចតារាសម្ដែងមួយចំនួនទៀតដែរ។

ស៊ីធឿន បន្ថែមថា នឹងប្រឹងប្រែងរៀនសូត្រពីការចាប់អាជីពពិធីការិនី ព្រោះនាងស្រលាញ់អាជីពពិធីការិនីនេះ ដូចការសម្ដែងដែរ ហើយនៅពេលខាងមុខ នាងសង្ឃឹមថា អាចនឹងសម្រេចបំណងនេះបាន តាមរយៈការព្យាយាមហាត់រៀនពីរៀមច្បង។

ទោះជាយ៉ាងណា ស៊ីនធឿន ថា ដោយសារតែនាងកើតចេញពីអាជីពសម្ដែង ហេតុនេះហើយនៅតែផ្ដោតលើអាជីពសម្ដែងកុន ជាជម្រើសទី១ដដែល៕

RELATED ARTICLES