បើទោះជាពេលនេះ អ្នកនាងម៉េង កែវពេជ្ជតា មានវ័យជ្រេបន្ដិចទៅហើយក្ដី ប៉ុន្ដែតាមរយៈការគ្រងឈុតកូនក្រមុំឲ្យសម្អាងការមួយកាលពីពេលថ្មីៗនេះ អ្នកនាងពិតជាមានរូបសម្រស់លេចធ្លោស្រស់ស្អាតមិនចាញ់តារាវ័យក្មេងៗឡើយ។

អ្វីដែលទស្សនិកជនសរសើរថែមទៀតនោះ គឺកំពូលតារាចម្រៀងរូបនេះរក្សាបានរាងបានស្វែលស្អាត មិនឲ្យឡើងគីឡូនោះទេ ទើបគេមើលទៅឃើញនាងស្លៀកពាក់ឈុតអ្វី ក៏នៅតែលេចត្រដែតដែរ ហើយមិនត្រឹមតែត្រូវប៉ាន់អាជីពចម្រៀងជាង២ទសវត្សន៍នោះទេ តែពេលនេះត្រូវប៉ាន់ទាំងស្ពតពាណិជ្ជកម្មហាងសម្អាងការទៀតផង។

ម៉េង កែវពេជ្ជតា បានលែងលះអតីតប្ដីឧត្តមសេនីយ៍ឯក មួង ឃីម កាលពីឆ្នាំ២០១១ ដោយបន្សល់ចំណងដៃកូន២នាក់ គឺកូនប្រុសឈ្មោះម៉េង ពេជ្ជរតនៈ និងកូនស្រីឈ្មោះម៉េង ពេជ្ជតាសង្វាពេជ្រ ដែលថ្មីៗនេះកូនប្រុសស្រីរបស់នាងត្រូវបានបុរសម្នាក់ ដែលស្រលាញ់នាងជួយជ្រោមជ្រែងឲ្យពួកគេទៅបន្ដការសិក្សានៅប្រទេសបារាំង ទៀតផង។

ដោយឡែក អ្នកនាងពេជ្ជតា វិញថានាងនឹងរៀបការជាមួយបុរសម្នាក់នៅបារាំង ដែលជាអ្នកថ្លៃថ្នូរម្នាក់មានការងារល្អ ហើយពិធីអាពាហ៍ពិពាហ៍នោះនឹងរៀបចំតាមប្រពៃណីខ្មែរ ដែលរៀបចំទាំងទាំងនៅស្រុកខ្មែរ ទាំងនៅបារាំង។

យ៉ាងណា អ្នកនាងកែវ ពេជ្ជតា មិនទាន់អាចកំណត់ថា នឹងរៀបចំនៅពេលណាឲ្យជាក់លាក់នោះទេ ដោយអ្នកនាងនិយាយខ្លីថាចាំពេលវេលាសមស្រប និងមានលុយកាក់សិន ព្រោះពេលនេះនាងបានចំណាយទៅលើការសិក្សារបស់កូនៗនៅក្រៅប្រទេស អស់ប្រាក់ច្រើន។

ប៉ុន្ដែគេចាប់អារម្មណ៍ថា នៅពេលដែលអ្នកនាងម៉េង កែវពេជ្ជតា មិនទាន់បានរៀបការជាមួយគូស្នេហ៍ថ្មីផង ស្រាប់តែនាងត្រូវបានស្រី្ដមានឥទ្ធិពលដែលមានឋានៈជាជំទាវ ដល់ទៅ៣រូបប្ដឹងអ្នកនាងក្នុងពេលតែមួយព្រមគ្នាតែម្ដង ពីបទចោទផ្សេងៗគ្នានោះ គឺអ្នកស្រីរស់ សោភ័ណ្ឌ ដែលជាភរិយាថ្មីរបស់អតីតស្វាមីរបស់អ្នកនាង លោកមួង ឃីម , លោកជំទាវហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចនាយករដ្ឋមន្រ្ដីហ៊ុន សែន និងលោកស្រីហង្ស បូរី ។

យ៉ាងណា អ្នកនាងកែវពេជ្ជតា មិនបង្ហាញការតក់ស្លុតចំពោះស្រី្ដទាំង៣ប្ដឹងនាងនេះឡើយ ដោយនាងជឿជាក់ថា នាងជាមនុស្សស្អាតស្អំ នឹងទទួលបានយុត្តិធម៌៕