Saturday, November 29, 2025
Homeតារាខ្មែរកញ្ញាវ៉ាន់នីឡា បន្តឡើងតុលាការថ្ងៃនេះ កើតចម្ងល់មួយ

កញ្ញាវ៉ាន់នីឡា បន្តឡើងតុលាការថ្ងៃនេះ កើតចម្ងល់មួយ

ភ្នំពេញ ៖ តារាចម្រៀងស្រីល្បីឈ្មោះដែលរងគ្រោះរឿងអតីតសង្សារលួចទម្លាយរូបអាក្រាតតាមបណ្តាញសង្គម ធ្វើនាងរងការអាម៉ាស់នោះ ខណៈដែលសំណុំរឿងរបស់នាងបានឡើងដល់តុលាការកំពូល ហើយត្រូវតុលាការជាន់ខ្ពស់បំផុតនេះរុញទម្លាក់មកសាលាឧទ្ធរណ៍វិញ ហើយនាងត្រូវឡើងសវនាការនៅសាលាឧទ្ធរណ៍នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ នាងបានបង្ហាញការបារម្ភខ្លាច មិនបានទទួលយុត្តិធម៌ ព្រោះជនល្មើសជាអតីតសង្សាររបស់នាងជាកូនអ្នកមានអំណាច អាចធ្វើអ្វីតាមចិត្ត នៅតែរួចខ្លួនពីសំណាញ់ច្បាប់ ហើយមិនដឹងថា រឿងក្តីរបស់នាងថ្ងៃណាទើបចប់នោះទេ បើត្រូវបង្វិលចុះពីសាលាដំបូងឡើងដល់ឧទ្ធរណ៍ ឥឡូវតុលាការកំពូលរុញទម្លាក់មកឧទ្ធរណ៍វិញទៀតនៅពេលនេះ។

កញ្ញាវ៉ាន់ នីឡា

តារាចម្រៀងស្រី កញ្ញាសុខ ចិន្តា ហៅ វ៉ាន់នីឡា បានសរសេរនៅក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២០ ថា “រយៈពេលប៉ុន្មានឆ្នាំនេះ ឃើញខ្ញុំសើចសប្បាយក្អាកក្អាយ គិតថា ខ្ញុំអាចរំសាយចិត្តមែន? គិតថាយូរៗទៅ ពេលដែលកាន់តែមិនទទួលបានយុត្តិធម៌ ខ្ញុំនឹងខ្ជិលលែងខ្វាយខ្វល់? ហេតុអីក៏បញ្ហាដែលកើតឡើងលើបណ្តាញសង្គម អ្នកទាំងនោះតែងតែមានច្បាប់ការពារ ដោះស្រាយឱ្យផ្តល់ភាពយុត្តិធម៌?

ហើយចុះរឿងរបស់ខ្ញុំ ម៉េចបានមិនចេះចប់? ម្នាក់ហ្នឹងគេមានអំណាចខ្លាំងសម្បើមណាស់មែនទេ បានជាជននេះនៅរួចខ្លួនធ្វើដូចគ្មានរឿងអ្វីកើតឡើង។ ព័ត៌មានលម្អិតឱ្យកាន់តែច្បាស់ ឱ្យកាន់តែភ្លឺ ខ្ញុំបកស្រាយនៅពេលឆាប់ៗនេះ។ ខ្ញុំជឿហើយ បុរសពាក់ស័ក្តិលើស្មា ដែលមានឪពុកជាមន្ត្រីជាន់ខ្ពស់ អាចធ្វើអ្វីបានស្រេចចិត្តដោយគ្មានអ្នកចាប់ទោស”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ កញ្ញាសុខ ចិន្តា ហៅវ៉ាន់នីឡា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០ ថា តាមពិតរឿងក្តីរបស់នាងនេះ ត្រូវបានសាលាឧទ្ធរណ៍ បើកសវនាការរួចហើយ ដោយផ្តន្ទាទោសជនជាប់ចោទជាអតីតសង្សារនាង ឈ្មោះគុយ សិទ្ធិស័ក្តិ នោះ ឱ្យជាប់គុក១ឆ្នាំ និងពិន័យជាប្រាក់៨០លានរៀល ពីបទចែកចាយរូបអាក្រាតរបស់នាងជាសាធារណៈ ប៉ុន្តែមិននឹកស្មានដល់ ពេលរឿងក្តីនេះឡើងតុលាការកំពូល បែរជាតុលាការកំពូលរុញ ទម្លាក់មកសាលាឧទ្ធរណ៍ឱ្យកាត់ក្តីឡើងវិញ ទើបនាងបារម្ភខ្លាចចុងចោទដែលមានខ្នងមាន អំណាច អាចបង្វិលសំណុំរឿងពីខ្មៅទៅជាសបានវិញ។

កញ្ញាវ៉ាន់នីឡា បានឱ្យដឹងថា ពាក់ព័ន្ធសំណុំរឿងបណ្តឹងនេះនាងត្រូវឡើងសាលាឧទ្ធរណ៍ ចូលរួមក្នុងសវនាការនៅវេលាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ។

កញ្ញាវ៉ាន់នីឡា បានបញ្ជាក់ថា “ហ្នឹងហើយ! ដោយសារតែរឿងរបស់ខ្ញុំកន្លងមកហ្នឹង គឺតាំងពីឆ្នាំ២០១៦ រហូតមកដល់ឥឡូវហ្នឹង គឺរយៈពេល៤ឆ្នាំហើយៗរឿងហ្នឹង ក៏វារាងស្ងាត់យូរមកហើយដែរ ខ្ញុំក៏អត់ដឹងខាងនោះគេធ្វើអី ខ្ញុំក៏អត់ដឹងដែរថា រយៈពេលដែលស្ងាត់ហ្នឹងខាងនោះគេធ្វើអី ឬមួយក៏ម៉េចៗ ខ្ញុំក៏អត់មានទទួលដំណឹងអីពីខាងតុលាការមកដែរ ហើយជាក់ស្តែង ស្អែកហ្នឹង ថ្ងៃទី៣១ ម៉ោង៨ព្រឹកហ្នឹង ខ្ញុំត្រូវបានខាងតុលាការហ្នឹង គាត់អញ្ជើញឱ្យទៅស្តាប់សវនាការ។

ប៉ុន្តែគ្រាន់តែថា កន្លងមកហ្នឹង ខាងសាលាឧទ្ធរណ៍ គឺគាត់បានកាត់ទោសហើយៗឱ្យជនជាប់ចោទហ្នឹង ឱ្យមានសំណង៨០លានរៀល មកខាងខ្ញុំ ហើយនិងត្រូវជាប់ពន្ធនាគារ១ឆ្នាំ អាហ្នឹងទៅតាមច្បាប់ព្រហ្មទណ្ឌ។

ក្រោយមកទៀត ខាងគុយ សិទ្ធិស័ក្តិ ហ្នឹង ក៏គាត់បានប្តឹងទាស់ទៅតុលាការកំពូល ហើយឥឡូវហ្នឹង រឿងដែលខ្ញុំអត់អស់ចិត្តហ្នឹង គឺអ៊ីចេះ! ដោយសារតែខាងតុលាការកំពូលហ្នឹង គឺគាត់បានរុញរឿងក្តីហ្នឹង មកឧទ្ធរណ៍វិញ ឱ្យកាត់ម្តងទៀត។ អ៊ីចឹងចំណុចហ្នឹងហើយដែលខ្ញុំមានអារម្មណ៍ថា ខ្ញុំភ័យព្រួយថា ហេតុអីបានជាខាងឧទ្ធរណ៍ គាត់កាត់ហើយ ប៉ុន្តែខាងតុលាការកំពូល គាត់បានរុញឱ្យឧទ្ធរណ៍ហ្នឹង កាត់ម្តងទៀត ដែលកន្លងមកហ្នឹង ខ្ញុំមានភ័ស្តុតាង ខ្ញុំមានឯកសារ ខ្ញុំមានអីៗគ្រប់សព្វបែបយ៉ាងទាំងអស់ ខ្ញុំមានឯកសារពេញលេញតែម្តង ដែលកន្លងមកហ្នឹង ខ្ញុំមានសង្ឃឹមថា ខ្ញុំនឹងទទួលបានយុត្តិធម៌ វាយោងទៅតាមអាឯកសារដែលយើងមាន ហើយនិងភ័ស្តុតាងអីផ្សេងៗហ្នឹង។

ប៉ុន្តែបែរខាងតុលាការកំពូលហ្នឹង គាត់រុញឱ្យខាងឧទ្ធរណ៍ហ្នឹង កាត់ឡើងវិញ ខ្ញុំអត់ដឹងថា ខាងគុយ សិទ្ធិស័ក្តិ ហ្នឹង គេអន្តរាគមន៍ទៅដល់ណា ឬក៏មានបញ្ហាអីទេ។ ហើយមួយទៀត ពេលដែលរឿងហ្នឹងទៅដល់កំពូលហ្នឹង ក៏ខាងខ្ញុំអត់បានដឹងដែរ អត់មានខាងតុលាការណា ឬក៏អីគាត់ធ្វើលិខិតអញ្ជើញខ្ញុំទេ អត់មានតែម្តង ព្រោះថា ផ្ទះខ្ញុំអត់មានដូរទេ ទីតាំងផ្ទះខ្ញុំអី នៅដដែលៗទាំងអស់ ប៉ុន្តែជាក់ស្តែងនៅពេលដែលរឿងហ្នឹងទៅដល់កំពូល ខាងខ្ញុំជាជនរងគ្រោះ បែរជាអត់ដឹងទៅវិញ។

អ៊ីចឹងខ្ញុំអត់ដឹងថា ខាងនោះ គេធ្វើការរបៀបម៉េចទេ យើងអត់មានបានទទួលដំណឹងអីសោះតែម្តង ស្រាប់តែពេលស្អែកហ្នឹង ខ្ញុំទទួលបានការកោះហៅហ្នឹង ឱ្យទៅស្តាប់សវនាការ តែមិនដឹងថារឿងអីគេដែរ ខ្ញុំក៏អត់ដឹងថា ខាងឧទ្ធរណ៍ គាត់កាត់ម៉េចអីម្តងទៀត គាត់សម្រេចម៉េច យើងអត់ដឹងទេ អាហ្នឹងទាល់តែយើងចាំមើលស្អែក ថាតើវាម៉េចអីម៉េច? ហើយចំណុចដែលខ្ញុំបារម្ភ គឺចំណុចហ្នឹងឯង ព្រោះ៤ឆ្នាំហើយ អត់មានបានអី បែរជារុញទៅដល់លើហើយ ឥឡូវហ្នឹងវិលមកខាងក្រោមវិញទៀត”។

កញ្ញាវ៉ាន់នីឡា បន្តថា “និយាយទៅ គឺដដែល គឺចង់ឱ្យខាងតុលាការហ្នឹង គាត់សម្រេច ទៅតាមអ្វីដែលខាងឧទ្ធរណ៍ កាត់ក្តីពីមុនមក ហ្នឹង ថាឱ្យសងជាសំណងមកយើង ហើយនិង គាត់ហ្នឹងត្រូវជាប់ទោស តាមអ្វីដែលខាងឧទ្ធរណ៍ ហ្នឹងគាត់កាត់ ព្រោះគេមានចែងនៅក្នុងហ្នឹងទាំងអស់ អាហ្នឹងគឺជាច្បាប់ព្រហ្មទណ្ឌ អ៊ីចឹងទៅ អ្វីដែលខ្ញុំចង់សុំ គឺប៉ុណ្ណឹងថា ឱ្យរកយុត្តិធម៌ឱ្យយើង ព្រោះរឿងហ្នឹងហើយដែលយើងអត់មានទទួលបានអីទេ។

ហើយអ្វីដែលសំខាន់មួយទៀតនោះ ខ្ញុំខ្លាចថាគេខាងនោះ គេខ្សែធំ គេអីទៅ មានអ្នកណាដែលមានឥទ្ធិពលទៅជួយអន្តរាគមន៍ទៅ យើងបាត់បង់កេរ្តិ៍ឈ្មោះ កិត្តិយសយើងក៏អត់មាន ហើយទៅជាចារជាប្រវត្តិសាស្ត្រ ជាសាវតារប្រចាំខ្លួនខ្ញុំ និងប្រចាំក្រុមគ្រួសាររបស់ខ្ញុំ ព្រោះធម្មតាយើងមានធម្មតា អ៊ីចឹងហើយ គឺវាចារទៅជាសាវតារហើយ អាហ្នឹងយើងមិនអាចលុបបានវិញទេ ទោះបីជារឿងហ្នឹង វាកន្លងយូរឆ្នាំម៉េចក៏ដោយ។ អ៊ីចឹងអ្វីដែលខ្ញុំចង់បាន គឺចង់បានឱ្យច្បាប់រកយុត្តិធម៌ ឱ្យខ្ញុំតែប៉ុណ្ណឹងទេ ក្នុងនាមខ្ញុំជាជនរងគ្រោះ អ៊ីចឹង”។

កញ្ញាសុខ ចិន្តា ហៅវ៉ាន់នីឡា បន្ថែមថា “ចុងក្រោយស្អែកហ្នឹង ខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលបាននូវយុត្តិធម៌ ទោះបីជាខាងតុលាការកំពូល គាត់បានរុញមកក្រោមវិញក៏ដោយ ខ្ញុំសុំសំណូមពរឱ្យខាងសាលាឧទ្ធរណ៍ ក៏ដូចកំពូល រកយុត្តិធម៌ឱ្យខ្ញុំ ព្រោះហ្នឹងយូរហើយ ដូចអ្នកដែលគេមានបញ្ហាអីផ្សេងៗនៅក្នុងហ្វេសប៊ុកអីកន្លងមក គឺគេទទួលបានយុត្តិធម៌អ៊ីចឹង ប៉ុន្តែដោយឡែករឿងខ្ញុំៗមិនដឹងថា មូលហេតុអីគេ?

អ៊ីចឹងចំណុចហ្នឹង បានខ្ញុំនិយាយថា ដោយសារតែគេជាខ្សែធំ “គេជាអតីតមន្ត្រីជាន់ខ្ពស់ ហើយខ្លួនគេហ្នឹង គឺជាក់ស្តែងរាល់ថ្ងៃហ្នឹង គេគឺជាមន្ត្រីពាក់ស័ក្តិ៤ មន្ត្រីពន្ធនាគារ។ ដល់ពេលអ៊ីចឹងរឿង៤ឆ្នាំ ហើយ គេនៅតែដើរហើរបានធម្មតា គេមាន ការធ្វើ ឥឡូវគេរៀបការ គេអីទៀត ប៉ុន្តែយើងនៅតែមានរឿងដែលថា ដក់ជាប់នៅក្នុងចិត្តយើងរហូត។ អ៊ីចឹងអ្វីដែលខ្ញុំចង់សុំហ្នឹង គឺចង់ឱ្យតុលាការហ្នឹង គាត់កាត់ក្តីធ្វើម៉េច ឱ្យមានយុត្តិធម៌សម្រាប់ខ្ញុំជាជនរងគ្រោះប៉ុណ្ណឹង”។

គួរបញ្ជាក់ថា កញ្ញាសុខ ចិន្តា ហៅវ៉ាន់នីឡា ដែលត្រូវជាប្អូនស្រីបង្កើតរបស់កវីនិពន្ធ សុខ ជំនោរ គឺជាអតីតតារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខដ ប៉ុន្តែរយៈពេល៤ឆ្នាំមកនេះ ក្រោយពីមានរឿងអាស្រូវស្នេហាជាមួយអតីតសង្សារ ដោយត្រូវអតីតសង្សារឈ្មោះគុយ សិទ្ធិស័ក្តិ ដែលជាមន្ត្រីនគរបាលមួយរូប បនលួចទម្លាយនិងចែកចាយរូបភាពអាក្រាតរបស់នាងក្នុងបណ្តាញសង្គម ធ្វើឱ្យនាងអាម៉ាស់ យ៉ាងខ្លាំងនោះមក នាងបានរសាត់ឆ្ងាយពីវិថីសិល្បៈអស់មួយរយៈធំ។

ចំណែករឿងក្តីដែលនាងប្តឹងអតីតសង្សារក៏ចេះតែបន្តអូសបន្លាយរហូតមកទល់នឹងពេលនេះ ដោយនាងមិនទាន់បានទទួលយុត្តិធម៌នៅឡើយ ខណៈជនល្មើសជាអតីតសង្សារនៅមានសេរីភាព ព្រមទាំងបានរៀបការប្រពន្ធបញ្ឈឺនាងទៀតផង។

ទោះបីជាយ៉ាងណា កញ្ញាវ៉ាន់នីឡា បញ្ជាក់ថា នាងប្រកាន់គោលគំនិតថា ការច្រៀង គឺជាចំណែកមួយនៃជីវិតរបស់នាង នាងពិតជាចង់ស្រោចស្រង់ក្តីស្រមៃរបស់នាងមួយនេះត្រឡប់មកវិញ ហើយប្រសិនជានាងមានឱកាសត្រឡប់មករកអាជីពរបស់នាងម្តងទៀត នាងនឹងខំប្រឹងប្រែងឱ្យកាន់តែល្អជាងមុន។ ពេលនេះ នាងកំពុងបោះជំហានចូលសិល្បៈវិញហើយ បើទោះបីរឿងក្តីរបស់នាងនៅមិនទាន់ទទួលបានយុត្តិធម៌ក៏ដោយ។

កញ្ញាវ៉ាន់នីឡា បានបញ្ជាក់បន្ថែមថា “ចាស! វិស័យសិល្បៈ ខ្ញុំនឹងចូលវិញ និយាយទៅឆាប់ៗហ្នឹងមែនទែនតែម្តង ដោយសារតែរាល់ថ្ងៃនេះ ខ្ញុំកំពុងតែចាប់ផ្តើមផលិតបទចម្រៀងថ្មី ហើយនិងយើងមានគម្រោងជាច្រើន ហើយមិនមែនចូលផលិតកម្មណាមួយទេ យើងមានក្រុមការងាររបស់យើងធ្វើ និយាយរួមទៅ យើងផ្តើមផលិតហើយ អ៊ីចឹងពេលណាមួយសមរម្យ យើងនឹងចេញ”។

ជុំវិញរឿងក្តីខាងលើនេះ មហាជន ជាពិសេសអ្នកសិល្បៈរួមអាជីពជាមួយតារាចម្រៀងរងគ្រោះ វ៉ាន់នីឡា កំពុងបន្តតាមដានចំពោះការអនុវត្តនីតិវិធីរបស់តុលាការទាំងបីថ្នាក់ ថានឹងផ្តល់យុត្តិធម៌ដល់នារីរងគ្រោះដែលត្រូវបុរសជាអតីតសង្សារបំផ្លាញកិត្តិយសនាងយ៉ាងធ្ងន់នោះបានឬទេ ឬមួយដូចក្តីបារម្ភរបស់តារាចម្រៀងរងគ្រោះដែលខ្លាចមិនបានទទួលយុត្តិធម៌ ដោយសារចុងចោទមានអំណាច មានខ្សែធំ អាចមានឥទ្ធិពលលើឆន្ទានុសិទ្ធិរបស់តុលាការបាន ដូចការចោទប្រកាន់របស់ក្រុម ប្រឆាំង កន្លងមកនោះមែន?

លោកគុយ សិទ្ធិស័ក្តិ និងភរិយា

ដោយឡែក លោកគុយ សិទ្ធិស័ក្តិ អតីតសង្សាររបស់កញ្ញាវ៉ាន់នីឡា ដែលជាចុងចោទ “នគរធំ” មិនអាចសុំការបកស្រាយបំភ្លឺ ពាក់ព័ន្ធសំណុំរឿងបណ្តឹងខាងលើនេះបានទេ កាលពីម្សិលមិញ៕កុលបុត្រ

RELATED ARTICLES