Saturday, November 29, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដ ជួយប្អូនស្រីមិនបាន ជួយស្រីក្មេង២នាក់វិញ?

ខេមរៈ សិរីមន្ដ ជួយប្អូនស្រីមិនបាន ជួយស្រីក្មេង២នាក់វិញ?

ខណៈដែលព្រាប សុវត្ថិ បានយកកូនប្រុសទាំង៣ ចូលច្រៀងនៅហង្សមាស ដោយមិនចាំបាច់ឆ្លងកាត់ការប្រលងចម្រៀង ហើយណុប បាយ៉ារិទ្ធ បានទាញប្អូនប្រុសរបស់ខ្លួន នីកូ ចេញពីសាន់ដេ ចូលហង្សមាស ដែរ ខណៈដែលហ្សូណូ យកប្អូនប្រុសរបស់គេឈ្មោះ K-Ice ចូលផលិតកម្មនេះដែរនោះ ស្រាប់តែមានព័ត៌មានកាលពីពេលថ្មីៗនេះ លេចឮថា លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ចង់យកសាច់ញាតិរបស់ខ្លួនចូលច្រៀងនៅហង្សមាសដែរ។

ការធ្លាយរឿងសិរីមន្ដ ចង់សណ្ដោងក្មួយស្រីស្អាតឲ្យក្លាយទៅជាតារាចម្រៀងល្បីនៅហង្សមាស នេះ បន្ទាប់ពីថ្មីៗនេះ អតីតតារាសាន់ដេ រូបនេះ បានយកក្មួយស្រីរបស់ខ្លួនចូលថតសម្ដែងបទចម្រៀង ”វាលត្រែងវាលស្មៅ” ដែលទាំងពូនិងក្មួយ សម្ដែងចាប់ដៃគ្នាយ៉ាងស៊ីចង្វាក់ដូចគូសង្សារតែម្ដង។

ក្រោយមហាជនចាប់អារម្មណ៍ឃើញសិរីមន្ដ យកក្មួយស្រីធ្វើជាតារាសម្ដែងនោះ ស្រាប់តែសិរីមន្ដ បានបញ្ចេញក្មួយស្រីរបស់គេម្នាក់ទៀត ឈ្មោះ​​ Danny Danny ច្រៀងបទ ”នឹកណាស់ឈឺណាស់” បង្ហោះលើផេករបស់ខ្លួន ទើបធ្វើឲ្យមានការលើកឡើងថា ពេលនេះ សិរីមន្ដ កំពុងតែប្រឹងបណ្ដុះពូជសិល្បៈជាក្មួយៗរបស់គេ ឲ្យឈានចូលប្រឡូកទាំងអាជីពចម្រៀងនិងសម្ដែងព្រមគ្នាតែម្ដង។

ការប្រឹងដុសខាត់ក្មួយស្រីទាំង២របស់ខេមរៈ សិរីមន្ដ នៅពេលនេះ ស្របពេលដែលកូនប្រុសស្រីទាំង៣របស់លោក នៅវ័យក្មេងខ្ចីពេក ទើបមិនអាចនាំយកចូលធ្វើតារាចម្រៀងនៅហង្សមាស ដូចព្រាប សុវត្ថិ បាន។

គួររំលឹកថា អំឡុងពេលដែលខេមរៈ សិរីមន្ដ ដើរចេញពីសាន់ដេ​ចូលហង្សមាស កាលពីឆ្នាំ២០១៧នោះ មានព័ត៌មានថា លោកសិរីមន្ត ក៏ត្រៀមយកប្អូនស្រីសំណព្វចិត្តរបស់លោក កញ្ញាខេមរៈ ស្រីពៅ ចូលច្រៀងរួមគ្នានៅផលិតកម្មនេះដែរ។

ប៉ុន្ដែគួរឲ្យស្ដាយ ព្រោះខេមរៈ ស្រីពៅ បានទទួលមរណៈភាពកាលពីថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ ដែលធ្វើឲ្យនាងខកខានធ្វើជាតារាចម្រៀងហង្សមាស។

យ៉ាងណា ពេលនេះ សិរីមន្ដ បានជួយក្មួយស្រីឲ្យធ្វើជាតារាសម្ដែងក្នុងបទចម្រៀងរបស់ខ្លួននៅហង្សមាស បានដូចបំណងហើយ អីចឹងគេរង់ចាំមើលថា តើសិរីមនុ្ដ នឹងជួយក្មួយស្រីគេម្នាក់ទៀត កញ្ញា Danny Danny  ឲ្យចូលហង្សមាស បានដែរឬអត់?៕

RELATED ARTICLES