Saturday, November 29, 2025
Homeតារាខ្មែរអ្នកនាងយក់ ថិតរដ្ឋា ប្រឈមបាត់មុខជាថ្មី ពេលសម្រាលកូនស្រីទី៣

អ្នកនាងយក់ ថិតរដ្ឋា ប្រឈមបាត់មុខជាថ្មី ពេលសម្រាលកូនស្រីទី៣

តារាស្រីថោន អ្នកនាងយក់ ថិតរដ្ឋា នឹងសម្រាលកូនទី៣ ជាកូនស្រី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះហើយ ដែលធ្វើឲ្យនាងប្រឈមបាត់មុខជាថ្មី រយៈពេលជាច្រើនខែទៀតជាមិនខាន ខណៈដែលកៀកថ្ងៃឆ្លងទន្លេនេះ រដ្ឋា កាន់តែមានគូឡូឡើងថែមទៀត ពិបាកក្នុងការធ្វើដំណើរ។

នេះជាបន្ទុកថ្មីមួយទៀតសម្រាប់ផលិតកម្មថោន ដែលមុននេះទើបបាត់បង់តារាចម្រៀងស្នូលសំខាន់របស់ខ្លួនដល់ទៅ២ដួង គឺមាស សុខសោភា និងលោកខេម ដែលពួកគេស្ពាយបង្វេចចេញព្រមគ្នា ហេតុនេះហើយបន្ទុកត្រូវធ្លាក់ទៅលើយក់ ថិតរដ្ឋា ជាអ្នករាប់រង ប៉ុន្ដែពេលនេះការយកកូនប្រើដើម្បីរឹតបណ្ដឹងសុភមង្គលក្នុងគ្រួសារឲ្យកាន់តែរឹងមាំជារឿងចាំបាច់បំផុត ទើបធ្វើឲ្យនាងត្រូវយកកូនទី៣ នៅពេលនេះ បើទោះជាត្រូវប្រឈមក្នុងការបាត់មុខជាថ្មី ហើយពិបាកក្នុងការស្ដារមុខមាត់ឡើងវិញយ៉ាងណាក៏ដោយ តែនាងត្រៀមប្រឈមរឿងទាំងនោះជាមុនរួចទៅហើយ។

យក់ ថិតរដ្ឋា បានចាប់ដៃជាមួយលោកឃុំ ប៉ុណ្ណាដែត រយៈពេល១៤ឆ្នាំទៅហើយ ក្រោយអ្នកទាំង២ បានរៀបការជាមួយគ្នាកាលពីឆ្នាំ២០០៦ ហើយពេលនេះទទួលបានចំណងដៃកូន៣នាក់ គឺកូនទី១. ឈ្មោះឃុំ រដ្ឋាណាលីដូ អាយុជាង១៣ឆ្នាំ និងកូនទី២. ឈ្មោះឃុំ រដ្ឋាណាលីឌី អាយុជាង៤ឆ្នាំ ខណៈដែលកូនទី៣ នឹងត្រៀមសម្រាលនៅចុងខែសីហា​ឆ្នាំ២០២០នេះហើយ។

គេកត់សម្គាល់ថា ប្ដីប្រពន្ធតារា១គូនេះ មានជីវភាពធូធារខ្លាំងណាស់ ដោយពេលនេះទិញបានផ្ទះជាច្រើនកន្លែង​​ ហើយអ្នកនាងរដ្ឋា ត្រូវបានស្វាមីទិញរថយន្ដទំនើបៗឲ្យជិះជាញឹកញាប់ ដូចជា ពេលនេះនាងជិះរថយន្ដ Range Rover និង Lexus LX 570 ឆ្លាស់គ្នាទៀតផង។

ទោះជាយ៉ាងណា បើក្រឡេកមើលអាជីពចម្រៀងវិញ អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ មិនអាចធ្វើឲ្យទីផ្សារចម្រៀងរបស់នាងកក្រើកសាជាថ្មីវិញបានឡើយ ហេតុនេះហើយការបាត់មុខម្ដងទៀតនៅពេលនេះ ធ្វើឲ្យនាងកាន់តែស្ងប់ស្ងាត់ថែមទៀតជាមិនខាន៕

RELATED ARTICLES