ខណៈដែលមហាជនជាច្រើនបានព្រួយបារម្ភយ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះអ្នកសិល្បៈនិងប្រជាជន នោះ ចំពោះរឿងស្នេហ៍អ្នកនាងសឿ សុធារ៉ា និងស្វាមី លោកសាពូន មីដាដា ក៏កាន់តែបង្ហាញសញ្ញាប្រេះស្រាំកាន់តែធ្ងន់ធ្ងរ ដោយមុននេះ សុធារ៉ា បានលុបរូបលោកមីដាដា ចេញពីហ្វេសប៊ុកអស់ គ្មានសូម្បីតែ១សន្លឹក ហើយចុងក្រោយនេះ សុធារ៉ា បាននិយាយថា “ខ្លាចរអារ និងសុំចុះចាញ់ហើយស្នេហា”។

អ្នកនាងសឿសុធារ៉ា បានបង្ហោះសារថា “ខ្ញុំខ្លាចរអា ហើយចុះចាញ់សេចក្តីស្នេហាហើយ ខ្ញុំអាចឈប់គិតពីស្នេហាចាប់ពីវិនាទីនេះ ខ្ញុំចាញ់ហើយសេចក្តីស្នេហា”។

មហាជនជាច្រើនបានដាក់ជាចម្ងល់ថា បើពិតជាស្នេហារបស់អ្នកនាងសឿ សុធារ៉ា និងលោកសាពូន មីដាដា ពិតជានៅចុះសម្រុងគ្នាមែន ហេតុអ្វីអ្នកទាំង២ តែងតែបង្ហោះសារខូចចិត្ត ឈឺចាប់បេះដូងបែបនេះ?

មហាជនបានដាក់កាសង្ស័យអ្នកទាំង២ ប្រាកដជារងខ្យល់បោកបក់ខ្លាំងហើយមើល៍ទៅ ប៉ុន្តែអ្នកទាំង២ មិនព្រមទម្លាយរឿងឲ្យគេដឹង។ ខណៈដែលចំណងស្នេហ៍អ្នកទាំង២ ក៏ធ្លាប់ជួបរឿងប្រេះស្រាំ តែត្រូវមន្ត្រីធំមានអំណាចម្នាក់ ព្យាយាមផ្សះផ្សារហូតដល់អ្នកទាំង២ អាចរួមរស់ជាមួយគ្នា មានកូនដល់ទៅ២នាក់ថែមទៀត។

ការព្យាយាមទាក់ទងទៅអ្នកនាង សឿ សុធារ៉ា និងលោកសាពូន មីដាដា បកស្រាយបំភ្លឺពីការបង្ហោះសារបង្កប់ដោយអត្ថន័យឈឺចាប់នេះ មិនបានសម្រេចទេ។ ខណៈដែលទូរស័ព្ទអ្នកទាំង២ ប្រើកន្លងមក តេមិនចូលសោះ៕

