Wednesday, June 18, 2025
Homeព័ត៌មានជាតិមិនស្តាប់អាជ្ញាធរ រត់គេចពីកន្លែងធ្វើចត្តាឡីស័ក ត្រៀមបណ្តេញចេញពីកម្ពុជា

មិនស្តាប់អាជ្ញាធរ រត់គេចពីកន្លែងធ្វើចត្តាឡីស័ក ត្រៀមបណ្តេញចេញពីកម្ពុជា

ខេត្តព្រះសីហនុ ៖ កម្ពុជានឹងបណ្តេញនារីជនជាតិចិនម្នាក់ចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់មកវិញជារៀងរហូត ក្រោយនារីរូបនេះ បានគេចចេញពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ដោយជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259។

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង១១ និង៥១នាទីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច បានឃាត់សួរនាំនិងបានបញ្ជូនស្ត្រីជនជាតិត្រឡប់មកគោលដៅដើម ដើម្បីធ្វើចត្តាឡីស័កវិញ ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជាវិធានការ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៖

ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់មកវិញជារៀងរហូត។

ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ៥០លានរៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួត ពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការ តាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។ អាជ្ញាធរសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង សហគមន៍៕

RELATED ARTICLES