បន្ទាប់ពីលោកអ៊ិន ទីតូ បានឆ្លងជំងឺកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ កម្រិតស្រាល (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) នោះ គេឃើញគូស្នេហ៍តារាចម្រៀង ងួន ចាន់ដេវីត និងទេព បូព្រឹក្ស បានទៅធ្វើតេស្តរកមេរោគកូវីដ-១៩ លទ្ធផលចេញមកអវិជ្ជមាន តែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ រង់ចាំធ្វើតេស្តលើកទី២ទៀត។

ងួនចាន់ដេវីត បានបង្ហោះសារថា ”សួស្ដីបងប្អូនទាំងអស់គ្នា ដោយពេលនេះខ្ញុំទាំងពីរនាក់ បានធ្វើតេស្តមេរោគកូវីត ១៩ រួចរាល់ហើយ ដោយលទ្ធផលតេស្តលើកទីមួយ គឺ ( អវិជ្ជមាន ) ប៉ុន្តែដោយមានការណែនាំពីលោកគ្រូអ្នកគ្រូពេទ្យឲ្យពួកខ្ញុំបន្តធ្វើការ ចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ រហូតដល់គ្រប់១៤ថ្ងៃ ដើម្បីរង់ចាំការធ្វើតេស្តលើកទី ២ ម្តងទៀត ។

ដោយខ្ញុំទាំងពីរនាក់ សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបារម្ភពីពួកខ្ញុំ ។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល”។

ចំណែកទេព បូព្រឹក្ស ក៏បានបង្ហោះសារដែរថា “ម្សិលមិញសុំទោសផងដែលមិនបានលើកទូរស័ព្ទ ឬឆ្លើយតបសារ ក៏អរគុណដល់មិត្តភក្តិបងប្អូនទាំងអស់គ្នាដែលបារម្ភ”។

គួរបញ្ជាក់ថា ទេព បូព្រឹក្ស និងងួន ចាន់ដេវីដ បានរាប់អានគ្នាយ៉ាងជិតស្និទ្ធ ដូចបងប្អូនធម៌ ជាមួយលោកអ៊ិន ទីតូ អ្នកដឹកនាំថតស្ពតម្នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ពេលទៅហូបអីជាមួយមន្ត្រីប៉ូលិសម្នាក់។

អ្នកនាងច័ន្ទ កែវនិមល ដែលបានទៅធ្វើជាពិធីការិនីក្នុងស្ពតដែលដឹកនាំលោកអ៊ិន ទីតូ ក៏បានឆ្លងជំងឺកូវីដ-១៩ ហើយបានបន្តឆ្លងទៅស្វាមី និងកូនស្រីម្នាក់ទៀត៕