Wednesday, June 18, 2025
Homeព័ត៌មានជាតិអុញ! ពួកគាត់ទាំង២ លួចចេញពីកន្លែងធ្វើចត្តាឡីស័ក ដើរទៅផ្សារអូរឡាំបីក

អុញ! ពួកគាត់ទាំង២ លួចចេញពីកន្លែងធ្វើចត្តាឡីស័ក ដើរទៅផ្សារអូរឡាំបីក

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានឃាត់ខ្លួនមនុស្ស២នាក់ ដែលជាបុគ្គលិកបម្រើការងារនៅណាហ្គាវើលដ៍ បន្ទាប់ពីពួកគេបានគេចវេសពីកន្លែងធ្វើចត្តាឡីស័កនៅនឹងផ្ទះរបស់ខ្លួន រួចហើយធ្វើដំណើរទៅផ្សារអូឡាំពិក ប៉ុន្តែនៅពេលដែលពួកគេបានស្គេន QR Code នោះបានលោតពណ៌លឿង ដែលមានន័យថា និងសំដៅទៅលើបុគ្គលដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកកើតកូវីដ១៩។

បុគ្គលទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន ទី១-ឈ្មោះហែម ម៉ារីម៉ុច ភេទស្រី អាយុ៣០នាក់។ និងទី២-ឈ្មោះលី ហេង ភេទប្រុស អាយុ១៩ឆ្នាំ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ថា ក្រោយពីទទួលបានព័ត៌មានពីករណីខាងលើនេះ អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យនាំខ្លួនស្ត្រីនិងបុរសទាំងពីរនាក់ ទៅធ្វើចត្តាឡីស័កឡើងវិញ ដែលអាជ្ញាធររៀបចំនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី នៅក្នុងខណ្ឌសែនសុខ។

លោកបានបន្តទៀតថា ចំពោះទង្វើរបស់ពួកគេទាំង២នាក់នេះ នឹងត្រូវទទួលរងការផាកពិន័យតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានចែងពាក់ព័ន្ធទៅនឹងអ្នកគេចវេស។

សូមបញ្ជាក់ថា នេះគឺជាករណីទីមួយហើយ នៅក្នុងរាជធានីភ្នំពេញដែលអាជ្ញាធរបានចាត់វិធានការ និងឃាត់ខ្លួនអ្នកដែលគេចវេសពី ការធ្វើចត្តាឡីស័ក នៅនឹងផ្ទះរបស់ខ្លួនហើយដើរចេញទៅក្រៅដោយពុំមានការអនុញ្ញាត។

លោកម៉េត មាសភក្តី បានអំពាវនាវចំពោះអ្នកដែលធ្វើចត្តាឡីស័កនៅនឹងផ្ទះរបស់ខ្លួន សូមមេត្តាចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព កុំឱ្យ គេចចេញពីចត្តាឡីស័កដែលនាំឱ្យប៉ះពាល់ និងនាំឱ្យមានការឆ្លងទៅអ្នកដទៃបើសិនជាខ្លួនកើតកូវីដ១៩មែននោះ ហើយអាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងកូវីដ១៩។

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំស្តីពីការរឹតបន្តឹង ការអនុវត្តវិធានការចត្តាឡីស័កនៅ តាមទីតាំងឯកជន ដែលជាប់ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” ក្នុងរាជធានីភ្នំពេញ ក្នុងនោះបុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី១លាន ដល់៥លានរៀល។

រដ្ឋបាលរាជធានី បានបញ្ជាក់ថា ក្រោយការផ្ទុះឡើងជាលើកទី៣ នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានី ភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ជាពិសេសបានបង្កើតគណៈបញ្ជាការស្រាល និងបង្កើនកម្លាំងយាម ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង តាមបណ្តាមន្ទីរពេទ្យព្យាបាល និងគោលដៅចត្តាឡីស័កទាំងរដ្ឋ និងឯកជន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះ ហើយត្រូវបានកំណត់ថាជាទីតាំងចត្តាឡីស័ក។

ជាមួយគ្នានេះ ដើម្បីជំរុញ និងគាំទ្រដល់ការអនុវត្តវិធានការចត្តាឡីស័ក ឱ្យកាន់តែមានប្រសិទ្ធភាព ផ្អែកតាមគោលការណ៍អនុញ្ញាតដ៏ ខ្ពង់ខ្ពស់បំផុតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកិច្ចប្រជុំរួមគ្នា និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង QR Code “ទប់ស្កាត់កូវីដ Stop Covid” តាមបណ្តាអង្គភាពរដ្ឋ និងអាជីវកម្មដ្ឋានក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាផ្នែកមួយចូលរួមបង្ការ-ទប់ស្កាត់ការរីករាលជាសកលជំងឺកូវីដ។/

RELATED ARTICLES