ភ្នំពេញ ៖ កម្លាំងចម្រុះនៃសាលារាជធានីភ្នំពេញ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង យីហោ អាត់ ជួង ស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលផ្គើននឹងបម្រាមជួបជុំគ្នាក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាលក្នុងសហគមន៍។

លោកអ៊ុ ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានបញ្ជាក់ប្រាប់ថា ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន៣៩នាក់ ក្នុងនោះមានភ្ញៀវចំនួន១១នាក់ ដែលបានលួចលាក់ចូលមកផឹកស៊ី ច្រៀងលេងនៅក្នុងហាងខារ៉ាអូខេ នេះ។

លោកចៅសង្កាត់ បានបញ្ជាក់ថា អ្នកដែលត្រូវឃាត់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ ដោយពុំមានលើកលែងឡើយ។

បើតាមលោកចៅសង្កាត់ ករណីបង្ក្រាបទីតាំងបើកអាជីវកម្មខាងលើ ហើយនឹងឈានទៅដល់បិទអាជីវកម្ម អាត់ ជួង នេះ យោងតាមបញ្ជាពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕


