Tuesday, June 17, 2025
Homeព័ត៌មានជាតិណែនាំយ៉ាងណាមិនស្តាប់ នៅតែបើកបំពាន លួចលាក់សប្បាយច្រៀងរាំ

ណែនាំយ៉ាងណាមិនស្តាប់ នៅតែបើកបំពាន លួចលាក់សប្បាយច្រៀងរាំ

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេងជាអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ខណ្ឌចំនួន២ ចុះបិទអាជីវកម្មភោជនីយដ្ឋាន ២កន្លែងផ្សេងគ្នា ដោយមួយកន្លែង បានលួចបើកខារ៉ាអូខេ លួចលាក់យ៉ាងអនាធិបតេយ្យ និងមួយកន្លែងជាកន្លែងផឹកស៊ី (បារបារាំង) ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ដែលបានបំពាននឹងការណែនាំរបស់ក្រសួងសុខាភិបាល។

ប្រតិបត្តិការនេះ បានធ្វើឡើងនាវេលាម៉ោងជិត១០យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋាន ANGEl ដែលលួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា និងមួយកន្លែងទៀត ជាទីតាំងបារបារាំង ស្ថិតនៅតាមបណ្តាយផ្លូវលេខ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការនេះ នៅទីតាំងភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី ជាង១០នាក់ ក្នុងនោះមេការ៣នាក់ បុរសជនជាតិចិនម្នាក់ និងនារីខារ៉ាអូខេ ជាង១០នាក់ បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ពួកគេទាំងអស់បានលួចលាក់បង្កប់ការច្រៀងខារ៉ាអូខេ នៅក្នុងទីតាំងភោជនីយដ្ឋានខាងលើ ដែលផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

បន្ទាប់មក ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី លោកឃួង ស្រេង បានបន្តចុះបិទបារបារាំង ១ទីតាំងទៀត នៅតាមបណ្តោយផ្លូវ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានលួចលាក់បើកខារ៉ាអូខេ ផ្ទុយពីអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងវិធានការការពារជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអភិបាលខណ្ឌ៧មករា និងអភិបាលខណ្ឌដូនពេញ ធ្វើលិខិតជាលាយលក្ខណ៍អក្សរ បិទទីតាំងទាំង២នេះ ជាផ្លូវការ ដើម្បីទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

RELATED ARTICLES