ខេត្តពោធិ៍សាត់ ៖ យោងតាមបទបញ្ជារបស់លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១០និង៤៣នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំនៃអធិការដ្ឋានគរបាលស្រុកក្រគរ ចំនួន៣នាក់ សហការជាមួយកម្លាំងជំនាញការិយាល័យខេត្តចំនួន២នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីប៉ែន ទុង ស្នងការងផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាឆបោកនិងក្លែងឯកសារសាធារណៈ កាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទីព្រឹក នៅចំណុចហាងបាយចិន (ដងស្ទឹងបំណក់) ស្ថិនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ។

លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថាជនសង្ស័យមានឈ្មោះមុំ អស្សនី ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានលំនៅ ផ្ទះលេខ២៧ ផ្លូវ២០១១ ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។
លោកអធិការបានបន្តថា ជននេះបានធ្វើសកម្មភាពដើរឆបោកគេ ដោយថារើសចូលក្របខណ្ឌមន្ត្រីនគរបាលក្នុង មួយនាក់ យក១២០០០ដុល្លារ បើយកមុនតែ៣៥០០ដុល្លារទេ ដោយជនសង្ស័យបានក្លែងឯកសារហត្ថលេខា និងត្រាសម្តេចក្រឡាហោម ស ខេង និងតាងនាមខ្លួនជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថែមទៀតផង។

លោកអធិការបានបន្តថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ ការបន្តទៅតាមនីតិវិធី៕