ម៉ូលីកា ត្រូវបានស្វាមីនាង ហុង ម៉ានុណ ហៅឆានុន លើកនំខេក Surprise ខួបកំណើតរបស់នាងគម្រប់អាយុ២៦ឆ្នាំ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ លោកឆានុន បានបង្ហាញកាយវិការស្រលាញ់ភរិយាពេញបេះដូងតែម្ដង ដោយឱបថើបថ្ពាល់ភរិយា មិនចង់ព្រលែងឡើយ ដែលបញ្ជាក់ថា គូស្នេហ៍តារា១គូនេះ កំពុងតែមានសុភមង្គលខ្លាំង ពិសេសក្រោយទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជាង៨ខែ។

ម៉ូលីកា បានប្រាប់តាមទូរស័ព្ទថា នាងមានគម្រោងធ្វើខួបកំណើតធំឆ្នាំនេះ ផ្គួបជាមួយការឡើងផ្ទះ តែបំណងនេះត្រូវបានរំសាយទៅវិញ ព្រោះថា ពេលនេះកូវីដ-១៩ កំពុងតែផ្ទុះខ្លាំង មិនអាចធ្វើការជួបជុំទ្រង់ទ្រាយធំបែបនោះបានទេ។ ប៉ុន្ដែនៅពេលដែលស្ងាត់កូវីដ នាងនឹងធ្វើពិធីឡើងផ្ទះនៅពេលខាងមុខនេះ។

ម៉ូលីកា បានឲ្យដឹងដែរថា សម្រាប់ខួបកំណើតឆ្នាំនេះ នាងមិនចង់បានកាដូអ្វីពីស្វាមីនោះទេ ព្រោះពេលនេះ លោកម៉ានុន បានដើរតួនាទីជាស្វាមីនិងឪពុកដ៏ល្អរបស់កូននាងទៅហើយ តែនាងចង់បានឲ្យក្រុមគ្រួសារសុខសប្បាយ ក៏ដូចជាការកស៊ីរបស់នាងកាន់តែកាក់កបថែមទៀតផងដែរ។

ដោយឡែក ទាក់ទងមុខជំនូញវិញ ថៅកែស្រីហាង អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក រូបនេះ បានឲ្យដឹងថា ផលិតផលរបស់នាងនៅតែលក់ដាច់ដូចមុនដដែល គ្រាន់តែកាត់បន្ថយបុគ្គលិកមួយចំនួន ដើម្បីសុវត្ថិភាពពីជំងឺកូវីដ។

ម៉ូលីកា អតីតតារាចម្រៀងផលិតកម្មRock បានផ្អាកពីអាជីពសិល្បៈមករកស៊ីតាម Online ទទួលបានជោគជ័យខ្លាំង ហួសការំពឹងទុក ព្រោះតែពេលនេះនាងស្ថិតក្នុងចំណោមអ្នកលក់ខ្លាំង និងល្បីឈ្មោះតាមអនឡាន នាពេលបច្ចុប្បន្ន ដែលមានអតថិជនគាំទ្រច្រើន។

ម៉ូលីកា បានរៀបការជាមួយលោកហុង ម៉ានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ និងសម្រាលកូនស្រីកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ។

គូស្នេហ៍តារា១គូនេះ មានជីវភាពធូរធារស់នៅផ្ទះវីឡា និងជិះរថយន្ដទំនើបៗ ដូចជា Ford Raptor, Range Rover, Alphard និងJuguar ៕


