Tuesday, June 17, 2025
Homeតារាខ្មែរពេជ្រ សោភា ថា បើកើតកូវីដ នឹងយកឧបករណ៍ទាំងនេះទៅជាមួយ

ពេជ្រ សោភា ថា បើកើតកូវីដ នឹងយកឧបករណ៍ទាំងនេះទៅជាមួយ

តារាចម្រៀងពេជ្រ សោភា ដែលថា មានបទចម្រៀងក្នុងដៃផ្អឹបទុកមិនទាន់ហ៊ានព្រលែង ដល់ទៅ៣០បទនោះ បានឲ្យដឹងថា ពេលនេះនាងទើបថត MV បាន២បទប៉ុណ្ណោះ សម្រាប់ចូលឆ្នាំខ្មែរ ២០២១ ខាងមុខនេះ ខណៈដែលការត្រៀមថត១បទទៀត នៅថ្ងៃទី១១ ខែមីនា ត្រូវបានលើកពេលដោយគ្មានពេលកំណត់ឡើយ ព្រោះតែពេលនេះស្ថានភាពកូវីដ-១៩ កាន់តែអាក្រក់ទៅៗ។

សោភា អះអាងថា ការចេញ២បទសម្រាប់ថ្ងៃចូលឆ្នាំខ្មែរ នោះ នាងមិនគិតថា តិចពេក ឬមិនផ្ទុះដូចគេនោះទេ ព្រោះតែសុខភាពសំខាន់ជាងបទចម្រៀងផ្ទុះ ហើយបើស្ថានភាពកូវីដ-១៩ នៅតែបន្ដអូសពេលវេលាទៅមុខទៀតបែបនេះ នាងលែងកំណត់ថាថ្ងៃណានឹងចេញបទថ្មីៗទៀតហើយ។

ការលុបចោលគម្រោងថត MV បទថ្មីៗរបស់ពេជ្រ សោភា ដោយសារតែកូវីដ-១៩ នេះ ស្របពេលដែលតារាចរួមក្រុមជាមួយសោភា ដល់ទៅ៤ដួងហើយ ដែលបានតេស្ដឃើញវិជ្ជមានកូវីដ-១៩ ក្នុងនោះ មានដូចជា សុគន្ធ និសា, វី ឌីណែត, ចាន់ កែវនិមល និងណុប បាយ៉ារិទ្ធ កំពុងស្ថិតនៅព្យាបាលពីក្រុមគ្រួពេទ្យជំនាញ ចំណែកតារាកំប្លែងស្រី អ្នកនាងអ៊ីត ក៏បានឆ្លងជំងឺកូវីដ-១៩ ផងដែរនៅថ្ងៃនេះ។

សោភា និយាយថា បើសិនជានាងឆ្លងកូវីដ-១៩ ដូចមិត្តភក្ដិដែរនោះ នាងនឹងមិនតក់ស្លុត រហូតដេកមិនលក់ឡើយ គឺត្រូវតែទៅព្យាបាលតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះថា ជំងឺនេះអាចព្យាបាលជា មិនមែនដូចគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាប្រាវដាច់ក្បាលឯណា?

សោភា បន្ថែមថា បើនាងទៅព្យាបាលជំងឺកាចសាហាវនោះ នាងក៏ត្រូវយកឧបករណ៍តន្រ្ដីមួយចំនួន ទៅជាមួយផងដែរ ដើម្បីកុំឲ្យអផ្សុក ពិសេស គឺនៅទីនោះ នាងនឹងឆ្លៀតនិពន្ធបទចម្រៀងឲ្យបានច្រើន។

ប៉ុន្ដែយ៉ាងណា សោភា ថា ការនិយាយបែបនេះមិនមែននាងឌឺជំងឺកូវីដ-១៩ នោះទេ តែនាងចង់លើកទឹកចិត្តអ្នកជំងឺទាំងឡាយ ឲ្យដឹងថា ជំងឺនេះគ្មានអ្នកណាចង់កើតទេ តែបើកើតហើយ គឺកុំគិតច្រើនព្រោះ គេអាចព្យាបាលវាជាមិនដូចគ្រោះថ្នាក់ចរាចរណ៍ទេ។

សោភា ថា សម្រាប់រូបនាងវិញ គឺបានប្រយ័ត្នប្រយែងណាស់ចំពោះការពារខ្លួន តាំងពីផ្ទុះជំងឺនេះភ្លាមៗម្ល៉េះ ដោយពេលទៅច្រៀងតាមឆាក នាងសម្ងំតែក្នុងរថយន្ដរហូតដល់វគ្គឡើងច្រៀងទើបឡើង។

ដោយឡែកបទចម្រៀងខ្លះ នាងថត Studio នៅផ្ទះខ្លួនឯងតែម្ដង ព្រោះជៀសវាងការជួបជុំ ខណៈដែលពេលនេះសុខភាពនាងគ្មានចេញរោគសញ្ញាណាមួយ គួរឲ្យបារម្ភនោះទេ៕

RELATED ARTICLES