ភ្នំពេញ ៖ ពិធីការិនី ចាន់ កែវនិមល បានបញ្ជាក់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា កូនស្រីរបស់អ្នកនាង បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ បន្ទាប់ពីសម្រាកព្យាបាលបាន ៥ថ្ងៃប៉ុណ្ណោះ។

អ្នកនាងចាន់ កែវនិមល បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា «ថ្ងៃដែលខ្ញុំនិងគ្រួសារ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ គឺជាថ្ងៃដែលខ្ញុំបានដឹងកាន់តែច្បាស់ពីការនឿយហត់ និងការប្រឹងប្រែងរបស់សម្តេចទាំង២ លោកខ្នះខ្នែងជួយកូនចៅ ក្នុងគ្រាអាសន្ន មិនគិតពីម៉ោងសម្រាកផ្ទាល់ខ្លួនឡើយ។ដោយឡែក ក្នុងអំឡុងពេលព្យាបាលនេះ បងប្រុស ហ៊ុន ម៉ាណែត និងបងស្រីពេជ្រ ច័ន្ទមុនី តែងតែបារម្ភពីសុខទុក្ខប្អូនៗជានិច្ច ខ្លាចខ្វះនេះខ្វះនោះ ញ៉ាំឆ្ងាញ់អត់? ញ៉ាំគ្រប់អត់? គ្រាន់តែដឹងថាប្អូនៗចង់ញ៉ាំផ្លែឈើ បងស្រីទៅទិញផ្លែឈើ រើសផ្ទាល់ដៃ ចេញលុយផ្ទាល់ខ្លួន មកចែកប្អូនតាមបន្ទប់ទៀត សួរថាឲ្យប្អូនៗ គួរប្រើពាក្យអរគុណបែបណា ឲ្យស្មើទំហំទឹកចិត្តមួយនេះ? ការព្យាបាលកាន់តែមានប្រសិទ្ធភាព តាមរយៈការយកចិត្តទុកដាក់និងលើកទឹកចិត្តពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)។

ជាក់ស្តែង ជាលទ្ធផលថ្ងៃនេះ កូនស្រីខ្ញុំដែលមានអាយុជិត ១០ឆ្នាំ បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ។
សូមគោរពអរគុណម្តងទៀត សម្តេចពុក សម្តេចម៉ែ ដែលមិនចោលកូនៗ ក្នុងគ្រាដ៏លំបាកនេ! អរគុណបងប្រុស បងស្រី សម្រាប់ការហត់នឿយ ១នេះ! អរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) សម្រាប់ការលះបង់ដ៏ធំធេង១នេះ!»។

ពិធីការិនីចាន់ កែវនិមល បានអរគុណក្រុមគ្រូពេទ្យ ដែលស្ម័គ្រចិត្តជួយព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយយកចិត្តទុកដាក់ មិនខ្លាចលំបាកនឿយហត់ និងប្រឈមនឹងគ្រោះថ្នាក់។

អ្នកនាងចាន់ កែវនិមល បានសរសេរក្នុងគណនីហ្វេសប៊ុក ដដែល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ថា «រឿងមួយចំនួន បើយើងមិនធ្លាប់ឆ្លងកាត់ផ្ទាល់ យើងគ្មានថ្ងៃយល់នោះឡើយ អ្នកណាមិនខ្លាចបែកពីគ្រួសារ? អ្នកណាមិនខ្លាចឈឺ? អ្នកណាមិនខ្លាចស្លាប់? មិនត្រឹមតែមិនគេចវេះហើយថែមទាំងស្ម័គ្រចិត្តជួយដោយមិនខ្លាចនឿយហត់ មិនខ្លាចលំបាកទៀត។ ពីមុន ខ្ញុំក៏មិនដែលគិតថា នឹងធ្វើឲ្យពួកគាត់ពិបាកដែរ តែពេលនេះ ខ្ញុំក៏ក្លាយជាបន្ទុក១ ក្នុងចំណោមបន្ទុកជាច្រើន ដែលក្រុមគ្រូពេទ្យ កំពុងរ៉ាប់រង។ ខ្ញុំសូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ទាំងអស់ សម្រាប់ការលះបង់ដ៏ធំធេងមួយនេះ»។

គួរបញ្ជាក់ថា ពិធីការិនីល្បីល្បាញ ប្រចាំស្ថានីយទូរទស្សន៍ ហង្សមាស និងរស្មីហង្សមាស អ្នកនាង ចាន់ កែវនិមល និងស្វាមី ព្រមទាំងកូនស្រីម្នាក់ អាយុ ១០ឆ្នាំ ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ ចំណែកតារាហង្សមាស មួយចំនួនទៀត រួមមានតារាចម្រៀង ណុប បាយ៉ារិទ្ធ សុគន្ធ និសា វីឌីណែត ព្រមទាំងអ្នកដឹកនាំសម្តែងមួយចំនួនទៀត ក៏បានឆ្លងជំងឺកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាល បានរៀបចំនៅសណ្ឋាគារ The Great Duke (អតីតអាំងទែរកុងទីណង់តាល់) រាជធានីភ្នំពេញ។ ចំណែកតារាហង្សមាស មួយចំនួនទៀត ដែលធ្វើតេស្តលើកទី១ លទ្ធផលអវិជ្ជមានកូវីដ-១៩ ក៏មិនទាន់ផុតភ័យនៅឡើយ ដោយត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងរង់ចាំលទ្ធផលតេស្តលើកទី២ ទៀត។

ពិធីការិនី ចាន់ កែវនិមល បានឲ្យដឹងថា មូលហេតុដែលអ្នកនាងឆ្លងកូវីដ-១៩ នោះ គឺដោយសារតែឆ្លងពីលោក អ៊ិន ទីតូ ដែលបានដឹកនាំសិល្បករ សិល្បការិនី ថតស្ពតពាណិជ្ជកម្ម ទាក់ទងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រោយមក អ្នកនាងក៏មានអាការមិនស្រួល ទើបធ្វើតេស្តនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ លទ្ធផលបង្ហាញថា មានវិជ្ជមានវីរុសកូវីដ-១៩ តែម្តង។ អ្នកនាងនិមល បញ្ជាក់ថា កន្លងទៅអ្នកនាង បានព្យាយាមការពារខ្លួនខ្លាំងណាស់ដែរ តែនៅតែភ្លាត់ឆ្លងវីរុសកូវីដ-១៩ នេះ ដូច្នេះអ្នកនាងសូមអធ្យាស្រ័យពីបងប្អូនទាំងអស់គ្នាផង៕
