ខេត្តកណ្តាល ៖ នារីម្នាក់ បានកើតទុក្ខមិនសុខចិត្ត រហូតស្នើសុំអន្តរាគមន៍នាយករដ្ឋមន្ត្រី បន្ទាប់ពីត្រូវម្ចាស់ហាងបញ្ចាំមួយ ដែលនាងបានយកគ្រឿងអលង្ការប្លាទីនទៅបញ្ចាំ លុះ២ឆ្នាំក្រោយ ម្ចាស់ហាងបញ្ចាំ បែរជាប្តឹងនាងថា នាងយករបស់កាឡៃ (ក្លែងក្លាយ) ទៅបញ្ចាំតែទីបំផុត សាលាឧទ្ធរណ៍ បានផ្តល់យុត្តិធម៌ឲ្យនារីរងគ្រោះឈ្នះក្តីលើម្ចាស់ហាងបញ្ចាំ ជាដើមបណ្តឹង។
លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ថា មានស្ត្រីម្នាក់ ឈ្មោះ សឿន ស្រីនិត រស់នៅ ខេត្តកណ្តាល មានរឿងអយុត្តិធម៌ ពាក់ព័ន្ធនឹងយកគ្រឿងអលង្ការប្លាទីន ទៅបញ្ចាំ នៅកន្លែងលក់និងបញ្ចាំ មួយកន្លែង កាលពីឆ្នាំ២០១៧ ចំនួន ២លើក លើកទី១ ចំនួន ២៥០០ដុល្លារ បន្ទាប់មក លើកទី២ បានយករបស់ទៅបញ្ចាំថែមទៀត ចំនួន ១០០០ដុល្លារ។

លោកដួង តារា បន្តថា ស្ត្រីឈ្មោះសឿន ស្រីនិត បានបញ្ជាក់ថា ម្ចាស់ហាងទទួលបញ្ចាំបានពិនិត្យនិងដុសមើលទឹកប្លាទីន ត្រឹមត្រូវ ទាំង ២លើក មុននឹងប្រគល់ប្រាក់ ឱ្យខ្លួន។ ដោយសារនាងគ្មានលុយទៅលោះយករបស់ទាំងនោះមកវិញ ក៏ដាច់ទៅ។ រយៈពេល ២ឆ្នាំក្រោយមក ម្ចាស់ហាងបញ្ចាំ បានមកដល់ផ្ទះនាង ហើយនិយាយគំរាម ឱ្យនាងទៅលោះយករបស់ទាំងនោះមកវិញ បើមិនដូច្នោះទេ គាត់នឹងប្តឹងឡើងតុលាការ ដែលបានធ្វើឱ្យនាងភ័យព្រួយយ៉ាងខ្លាំង។ បន្ទាប់មក ម្ចាស់ហាង ក៏បានប្តឹងនាងប្រាកដមែន ពីបទរំលោភលើទំនុកចិត្ត ដែលសាលាដំបូងខេត្តកណ្តាល បានកាត់ក្តីឱ្យនាងចាញ់ និងសងជាលុយសរុប ៨៥០០ដុល្លារ និងជាប់ទោស ១ឆ្នាំ និងឱ្យសងប្រាក់ជំងឺចិត្ត ៣៥០០ដុល្លារថែមទៀត។

ប្រភពដដែល បន្តទៀតថា ដោយសារតែភ័យផង និងតូចចិត្តផង ចំពោះម្ចាស់ហាងបញ្ចាំដែលបានប្តឹង ទើបនាងមិនអាចទ្រាំនឹងភាពអយុត្តិធម៌បាន នាងក៏បានប្តឹងទៅសាលាឧទ្ធរណ៍ភ្នំពេញ។ ទន្ទឹមនឹងនោះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នាងក៏បានដាក់ពាក្យគោរពសុំអន្តរាគមន៍សម្តេចនាយករដ្ឋមន្ត្រី ដើម្បីជួយរកយុត្តិធម៌ផងដែរ។ នៅសាលាឧទ្ធរណ៍ នាងបានបញ្ជាក់ច្បាស់ជូនតុលាការថា គ្រឿងអលង្ការដែលនាងបានយកទៅ បញ្ចាំ គឺម្ចាស់ហាងបញ្ចាំ បានត្រួតពិនិត្យល្អិតល្អន់ ដោយបានដុសមើលទឹកប្លាទីនច្បាស់លាស់ត្រឹមត្រូវពិតប្រាកដ មុននឹងឱ្យប្រាក់មកនាង។ ម្ចាស់ហាងទទួលបញ្ចាំ គឺជាអ្នករកស៊ីផ្នែកបញ្ចាំ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ជាពិសេសលើគ្រឿងអលង្ការ។
ទន្ទឹមនឹងនេះដែរ បើម្ចាស់ហាងបញ្ចាំ បានពិនិត្យឃើញថា គ្រឿងប្លាទីននេះ មិនសុទ្ធ គួរចាត់ការឱ្យបានឆាប់ទាន់ពេលវេលា មិនត្រូវទុករយៈពេល ២ឆ្នាំក្រោយមក ទើបមកប្តឹងទាមទារថា របស់ដែលបានដាក់បញ្ចាំ មិនសុទ្ធនោះទេ ព្រោះយើងមិនដឹងថា តើមានអ្វីកើតឡើងចំពោះគ្រឿងអលង្ការទាំងនេះ ក្នុងរយៈ ពេល២ឆ្នាំ ដែលស្ថិតនៅក្នុងដៃម្ចាស់ហាងបញ្ចាំនោះ។

ក្រោយពីបានស្តាប់ការពន្យល់បកស្រាយរបស់នាង និងភាគីម្ចាស់ហាងបញ្ចាំអស់ហើយ សាលាឧទ្ធណ៍ភ្នំពេញ បានប្រកាសសាលដីកា សម្រេចឱ្យនាងឈ្នះក្តីលើរឿងនេះ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ តាមពិតទៅ រឿងក្តីរ៉ាំរ៉ៃនេះ គឺមានរយៈពេល ៤ឆ្នាំ មកហើយ (២០១៧-២០២១) ប្រសិនបើភាគីម្ចាស់ហាងបញ្ចាំ មិនបន្តប្តឹងឡើងតុលាការកំពូល នោះ រឿងក្តីនេះ នឹងបញ្ចប់នៅពេលនេះ។
លោកដួង តារា បានថ្លែងថា «ខ្ញុំសូមអរគុណដល់សាលាឧទ្ធរណ៍ ដែលបានផ្តល់យុត្តិធម៌ជូនប្អូនស្រី សឿន ស្រីនិត។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង»៕