ភ្នំពេញ ៖ យុវជន២នាក់ បានផ្លោះរបងរត់ចេញពីមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ហើយឡើងលើដំបូលសំយាបផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ ផ្អើល ខណៈដែលអាណាព្យាបាលមកសុំប្រធានមណ្ឌលយកទៅផ្ទះវិញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនថ្នាំ (ឌីធីអេ) នៅតាមផ្លូវ៥៨P ស្ថិតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានគោកឃ្លាង ដែលបានចុះមកដល់កន្លែង កើតហេតុ ឱ្យដឹងថា យុវជនទាំង២នាក់នេះ ត្រូវបានអាណាព្យាបាលយកមកដាក់នៅក្នុងមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន (ឌីធីអេ) ហើយនៅថ្ងៃ កើតហេតុខាងលើ អាណាព្យាបាលបានមកស្នើសុំខាងមណ្ឌល ដើម្បីយកកូនពួកគាត់ត្រឡប់ ទៅផ្ទះវិញ។ ប៉ុន្តែពេលនោះ មិនដឹងជាយ៉ាងម៉េច ស្រាប់តែពួកគេទាំង២នាក់ នាំគ្នាផ្លោះរបង រត់ចេញពីក្នុងមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ឡើងទៅលើដំបូលសំយាបផ្ទះក្បែរនោះ ដោយដៃមានកាន់កាំបិតនិងដែកទីប បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនាំគ្នា ឈប់ឈរមើល និងផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយធ្វើអន្តរាគមន៍។

ភ្លាមៗនោះ ពួកគេទាំងពីរនាក់ មិនព្រមចុះមកក្រោមវិញទេ បើទោះបីជាសមត្ថកិច្ច និងសន្តិសុខនៅមណ្ឌលនោះ ព្យាយាមនិយាយលួងលោមយ៉ាងណា ក៏គេមិនចុះមកដែរ ប៉ុន្តែ ពេលឃើញខាងបុគ្គលិកនៅមណ្ឌលខាងលើ យកលិខិតចេញពីមណ្ឌល ឡើងទៅឱ្យពួកគេ ទាំង២នាក់ ផ្តិតមេដៃតាមការស្នើសុំរបស់អាណាព្យាបាល អាណាព្យាលក៏ជួយនិយាយ អង្វរអស់រយៈពេលជិត៣ម៉ោង ទើបពួកគេព្រមចុះមក ហើយក៏ជិះម៉ូតូនិងរថយន្តចេញ ទៅផ្ទះរៀងៗខ្លួនបាត់ទៅ៕
