Tuesday, June 17, 2025
Homeព័ត៌មានជាតិរឿងមិនពិតសោះ ត្រូវអាជ្ញាធរហៅទៅធ្វើចត្តាឡីស័ក ជាមួយនឹងគេដែរ

រឿងមិនពិតសោះ ត្រូវអាជ្ញាធរហៅទៅធ្វើចត្តាឡីស័ក ជាមួយនឹងគេដែរ

ខេត្តបាត់ដំបង ៖ នារីរូបស្រស់ម្នាក់ នៅសុខៗ ស្រាប់តែបែកគំនិតបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកថា ខ្លួនបានកើតមានជំងឺកូវីដ-១៩ មិនហ៊ានចូលផ្ទះនោះទេ ធ្វើឱ្យផ្អើលឆោឡោដល់អ្នកដែលបានស្គាល់ និងធ្លាប់ពាក់ព័ន្ធជាមួយនាង ភ័យព្រលឹងចុងសក់អស់គ្រប់គ្នា និងភ្ញាក់ ផ្អើលដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ចុះសួរនាំ ទើបដឹងថា នាងគ្រាន់តែបង្ហោះលេងសើចប៉ុណ្ណោះ ទីបំផុត ក៏ត្រូវក្រុមគ្រូពេទ្យជំនាញ នាំយកទៅធ្វើចត្តាឡីសី័ករយៈពេល១៤ថ្ងៃ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងទឹកដីស្រុកបាណន់ ខេត្តបាត់ដំបង។

ស្រីស្អាតដែលប្រឌិតរឿងថាខ្លួនឯងឆ្លងកូវីដ-១៩ ធ្វើឱ្យកើតមានការជ្រួលច្របល់យ៉ាងខ្លាំងនេះ មានឈ្មោះរ.ច.ធ អាយុ១៨ឆ្នាំ មុខរបរ ជាអ្នកសម្អាងការ មានលំនៅក្នុងភូមិរូង (តំបន់ច្រាំងចោទ) ឃុំចែងមានជ័យ ស្រុកបាណន់ និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chen Chen។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chen Chen បានបង្ហោះសារថា “ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ” និងសរសេរតាមរយៈខមិន (comment) ថា “ខ្ញុំឆ្លងកូវីដហើយ” ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ច ខេត្តបាត់ដំបង បានសហការណ៍ជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានស្រុកបាណន់ តាមរករហូតដល់រសៀលនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ទើបស្វែងរកនារីខាងលើឃើញ កំពុងនៅក្នុងផ្ទះ។

ប្រភពដដែលបន្តថា បន្ទាប់ពីចុះទៅដល់ជួបផ្ទាល់ជាមួយនឹងសាមីខ្លួននារីខាងលើ មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង ដោយមានការសហការណ៍ពីលោកអភិបាលស្រុកបាណន់ បានធ្វើការសាកសួរ ព័ត៌មានបន្ថែម និងតាមការពិនិត្យសុខភាពជាក់ស្តែង នារីរូបនេះ មិនមានរោគសញ្ញាសង្ស័យទាក់ទងនឹងជំងឺកូវីដ-១៩ ទេ។

នៅចំពោះមុខមន្ត្រីសុខាភិបាល និងអាជ្ញារធរមូលដ្ឋាន នារីរូបនេះ បានឆ្លើយប្រាប់ថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅ នាងបានទៅតែងការឱ្យគេនៅម្តុំកន្ទួត ឃុំធិបតី ដោយមានអាការក្តៅខ្លួន និងថប់ដង្ហើម នៅម៉ោងប្រហែល៨យប់ រូបគាត់បានបង្ហោះសារក្នុង ន័យនិយាយលេងសើចថា “សព្វថ្ងៃខំធ្វើការទាំងឈឺ ទាំងជា ដើម្បីលុយ” ហើយនៅពេលនោះ មានអ្នកចូលទៅខមិនសួរថា “កើតអី?” នាងក៏ឆ្លើយ តបក្នុងខ្លឹមសារថា “ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ មូលហេតុដោយសារខ្ញុំឆ្លងជំងឺកូវីដហើយ ខ្ញុំនិយាយមែនពូ”។

នារីជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chen Chen ខាងលើបានបញ្ជាក់ថា អ្វីដែលនាងបានសរសេរក្នុងខមិន គឺមិនមែនជាការពិតទេ នោះគឺជារឿងប្រឌិតលេងសើចក្នុងបណ្តាសង្គម តែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពេលសាកសួររួច អាជ្ញាធរស្រុកបាណន់ មន្ត្រីសុខាភិបាល សម្រេចនាំរូបគាត់ មកធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌល០១ ក្នុងស្រុកបាណន់ និងក្រុមការងារសម្រេចយកវត្ថុសំណាករបស់នាងទៅពិនិត្យ ត្បិតតាមប្រភពបានឱ្យដឹងថា នាងទើបនឹងវិលត្រឡប់មកពីខាងក្រៅមូលដ្ឋានស្រុកបាណន់ផងដែរ នៅក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកស្នងការខេត្តបាត់ដំបង ក៏បានអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផងដែរ សូមមេត្តាប្រើប្រាស់ក្នុងរឿង ត្រឹមត្រូវ ចៀសវាងការប្រើប្រាស់បណ្តាញសង្គមក្នុងចេតនាបំពុលបរិយាកាសសង្គម ដែលនាំបង្កឱ្យខ្លួនមានទោសកំហុស។/

RELATED ARTICLES