រយៈពេលជិត៧ខែមកហើយ ដែលកំពូលតារាចម្រៀងព្រាប សុវត្ថិ ដើរចេញពីហង្សមាស ទៅជ្រកនៅទ្រនំថ្មី Galaxy ដែលមានថៅកែជាអតីតពលករមកពីកូរ៉េ លោកឡេង ណាវ៉ាត្រា ខណៈដែលកេរ្ដិ៍ឈ្មោះរបស់លោកព្រាប សុវត្ថិ នៅពេលនេះ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា មិនធ្លាក់ចុះនោះទេ ពោលគឺនៅតែនាំមុខតារាប្រុសទាំងឡាយដដែល។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ព្រាប សុវត្ថិ ហាក់បង្ហាញអារម្មណ៍មានសេខក្ដីសុខជាមួយផលិតកម្ម ដែលលោកកំពុងតែឈរជើងនេះ ព្រោះថៅកែផលិតកម្មនេះ តែងតែងធ្វើកិច្ចការសប្បុរសធម៌ជាបន្ដបន្ទាប់ ទើបលោកព្រាប សុវត្ថិ ចេញសារគាំទ្រជាហូរហែតែម្ដង ដែលសកម្មភាពបែបនេះ គឺពីមុនមក គេកម្រនឹងឃើញអតីតតារាចម្រៀងហង្សមាស រូបនេះ បង្ហាញឲ្យគេឃើញ។

កាលពីពាក់កណ្ដាលខែមករា លោកព្រាប សុវត្ថិ និងភរិយា លោកអ្នកស្រីឡុង ស្រីមុំ ឈរថតរូបជាមួយលោកឡេង ណាវ៉ាត្រា ហើយលោកបញ្ចេញសំណេរសារថា ”ការយកចិត្តទុកដាក់របស់មេ គឺជាក្ដីសុខរបស់កូនចៅ”។

បើទោះជាលោកព្រាប សុវត្ថិ មិនបានបកស្រាយខ្លឹមសារទាំងមូលនៃពាក្យពេចន៍ដែលលោកចង់និយាយក្ដី តែគេអាចសន្និដ្ឋានបានថា លោកព្រាប សុវត្ថិ កំពុងតែមានក្ដីសុខជាមួយផលិតកម្មថ្មីនេះ ជាពិសេស គឺមានថៅកែផលិតកម្មដែលចេះយកចិត្តទុកដាក់លើរូបលោក ក៏ដូចជាបុគ្គលិកទូទៅផងដែរ។

ដោយឡែក ថ្មីៗនេះ លោកព្រាប សុវត្ថិ ក៏បានចេញសារគាំទ្រដែលលោកឡេង ណាវ៉ាត្រា យកលុយ៣លានដុល្លារ ជួយដល់រដ្ឋាភិបាល ប្រយុទ្ធប្រឆាំងកូវីដផងដែរ។

អ្នកនិពន្ធបទភ្លេងល្បីឈ្មោះម្នាក់នៅហង្សមាស ដែលធ្លាប់ធ្វើការជាច្រើនឆ្នាំ ជាមួយលោកព្រាប សុវត្ថិ មុនពេលដែលកំពូលតារាចម្រៀងរូបនេះ ទៅ Galaxy នោះ បានឲ្យដឹងថា ព្រាប សុវត្ថិ ពេលនេះមើលទៅកំពុងតែមានអារម្មណ៍ល្អធ្វើការនៅផលិតកម្មថ្មីនោះ ដែលខុសពីមុនដើរចេញពីហង្សមាស ព្រាប សុវត្ថិ ហាក់មិនសូវមានអារម្មណ៍ធ្វើការជាមួយហង្សមាស ទេ។

អ្នកនិពន្ធបទភ្លេងរូបនេះ បានឲ្យដឹងដែរថា ពេលនេះ ព្រាប សុវត្ថិ គឺជាតួឯករបស់ Galaxy តែហង្សមាស ក៏មានតួឯកថ្មីដែរ គឺខេមរៈ សិរីមន្ដ ប៉ុន្ដែដោយសារតែកូវីដ កំពុងផ្ទុះ អីចឹងតារាទាំង២ មិនទាន់ប្រជែងគ្នាពេញទំហឹងទេ ហេតុនេះហើយយើងមិនទាន់អាចដឹងថា មួយណាខ្លាំងជាងឡើយ៕
