Monday, June 16, 2025
Homeតារាខ្មែរឪពុកអ៊ីវ៉ា ថា ឲ្យតែមនុស្ស១ប្រភេទនេះ កុំថាឡើយស្រលាញ់កូនស្រីលោក ផ្ទះក៏មិនឲ្យចូលផង

ឪពុកអ៊ីវ៉ា ថា ឲ្យតែមនុស្ស១ប្រភេទនេះ កុំថាឡើយស្រលាញ់កូនស្រីលោក ផ្ទះក៏មិនឲ្យចូលផង

រយៈពេលជាងកន្លះឆ្នាំទៅហើយ ដែលលោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា បានប្រកាសបើកភ្លើងខៀវដល់បុរសទាំងឡាយណា ដែលពិតជាស្រលាញ់កូនស្រីលោក កញ្ញាអ៊ីវា ដោយស្មោះសនោះ ត្រូវតែក្លាហានហ៊ានចូលចែចូវតាមផ្លូវច្បាប់ទៅ ព្រោះថា លោកមិនចង់ឲ្យកូនក្រមុំនៅបន្ដភាពនៅលីវយូរឆ្នាំតទៅទៀតឡើយ។

ប៉ុន្ដែរហូតមកដល់ពេលនេះ លោកវ៉ាវ នៅតែមិនទាន់រកឃើញអនាគតកូនប្រសាបាននៅឡើយ ព្រោះថា ”អ្នកក្រមិនហ៊ាន អ្នកមានមិនចូល” បើទោះជាឪពុករបស់អ៊ីវ៉ា ធ្លាប់អះអាងថា លោកមិនប្រកាន់វណ្ណៈក្ដី តែបុរសអ្នកក្រដែលចង់បានបេះដូងអ៊ីវ៉ា ពិតជាមានសង្ឃឹមទាបបំផុត។

ចំណែកលោកវ៉ាវ ក៏បានបញ្ជាក់ថា លោកនិងកូនស្រី ចៀសវាងតែប្រុសមួយប្រភេទប៉ុណ្ណោះ ដែលហាមចូលផ្ទះរបស់លោកនោះ គឺ ”ប្ដីគេ”។ លោកថា ទោះជាឧកញ៉ាមហាសេដ្ឋីក៏ដោយ ឲ្យតែប្ដីគេ ហើយមិនបាច់មកចង់ចែចូវកូនលោកនោះទេ ព្រោះមិនអាចទៅរួចតែម្ដង។

ដោយឡែក តារាចម្រៀងអ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ឆ្នាំនេះនាងមានវ័យ២៨ឆ្នាំហើយ អីចឹងត្រូវការពេលវេលា២ឆ្នាំទៀត ទើបគិតគូររឿងគូស្រក។ នាងថា អំឡុងពេលកូវីដ-១៩ កំពុងតែផ្ទុះនេះ នាងបានពង្រីកហាងលក់សម្លៀកបំពាក់ធំជាងមុន នៅស្រុកកំណើតខេត្តកំពង់ស្ពឺ ហើយគ្រោងរកស៊ីផ្នែកគ្រឿងសម្អាង នៅពេលខាងមុខផងដែរ។

ដោយឡែក លោកវ៉ាវ បាននិយាយបង្ហើបដែរថា លោកចង់បានបុរសវ័យចំណាស់បន្ដិច ធ្វើជាកូនប្រសាមិនមែនចង់បានប្រុសក្មេងនោះទេ ព្រោះថាអ្នកចាស់ទុំបន្ដិច គេក៏ចាស់គំនិតដែរ។

លោកវ៉ាវ បន្ថែមថា មនុស្សស្រីកុំចង់នៅលីវយូរពេក ព្រោះប្រៀបបានដូចជាផ្កាដែរ ដែលរីកហើយគង់តែរោយទៅវិញ អីចឹងការចំណាយជីវិតនៅលីវយូរពេក គ្មានប្រយោជន៍នោះទេ។

ឪពុកតារាចម្រៀងសាន់ដេ រូបនេះ ក៏បានបន្ថែមថា ទោះជាពេលនេះកូនស្រីលោក កំពុងតែល្បីឈ្មោះ និងវ័យមិនទាន់ប្រញាប់ចូលរោងការក្ដី ប៉ុន្ដែលោកមិនខ្លាចកូនស្រីរៀបការទៅធ្លាក់កូដ លែងល្បីឈ្មោះនោះទេ ។ លោកថាបើបានកូនប្រសាទៅ លោកនឹងមិនសូវហត់នឿយជូនកូនស្រីទៅច្រៀងសម្ដែងតាមបណ្ដាខេត្ត ដូចពេលនេះឡើយ ព្រោះស្វាមីនាងនឹងធ្វើកកិច្ចការនេះជំនួស៕

RELATED ARTICLES