Tuesday, June 17, 2025
Homeព័ត៌មានជាតិដកលុយច្រើនបែបនេះ មិនមែនគេមិនដឹងឯណា ឥឡូវសមត្ថកិច្ចឃាត់ខ្លួនហើយ

ដកលុយច្រើនបែបនេះ មិនមែនគេមិនដឹងឯណា ឥឡូវសមត្ថកិច្ចឃាត់ខ្លួនហើយ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់បានស៊ីដាច់លុយក្រុមហ៊ុន ចំនួនជាង២ម៉ឺនដុល្លារ លុះម្ចាស់ក្រុមហ៊ុនបានដឹង ក៏ដាក់ពាក្យបណ្តឹងឱ្យកងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅឱ្យតុលាការ នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យដែលស៊ីដាច់លុយក្រុមហ៊ុន ជាង២ម៉ឺនដុល្លារ និងត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួននោះ មានឈ្មោះនិត វឌ្ឍនា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅចំណុចក្រុមហ៊ុនទិញលក់ដីឡូត៍ ស្ថិតក្នុងភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ចំណែកជនរងគ្រោះ មានឈ្មោះ ពិត ភីគីម ហៅស្រួច ភេទប្រុស អាយុ៤០ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន រស់នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះពិត ភីគីម ហៅស្រួច បានបញ្ជាក់ឱ្យដឹងថា កាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យឈ្មោះនិត វឌ្ឍនា បានដកយកប្រាក់ពីក្រុមហ៊ុន ចំនួន ២១ ៩១០ដុល្លារ យកទៅបាត់តែម្តង។

ក្រោយពីបានទទួលពាក្យបណ្តឹងរួចមក យោងការអនុញ្ញតឱ្យបើកការស៊ើបអង្កតបឋម លេខ៣៩៣ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ របស់លោកស៊ិន វិសុទ្ធ ព្រះរាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យ នៅចំណុចក្រុមហ៊ុនទិញ-លក់ដីឡូត៍ ស្ថិត ក្នុងភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដើម្បីនាំខ្លួនយកមកសាកសួរ។

ក្រោយឃាត់ខ្លួនសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានដកយកប្រាក់ពីក្រុមហ៊ុន ចំនួន២១៩១០ដុល្លារ ប្រាកដមែន។

យោងតាមចម្លើយសារភាព និងពាក្យបណ្តឹងរបស់ជនរងគ្រោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES