ជារឿងដ៏រន្ធត់សម្រាប់កញ្ញាវី ឌីណែត និងក្រុមគ្រួសារយ៉ាងខ្លាំង ខណៈដែលម្តាយជាទីស្រលាញ់កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ហើយចុងក្រោយនេះ បានទទួលមរណភាពកាលពីមុននេះបន្តិច។

កញ្ញាវី ឌីណែត បានបង្ហោះសារយ៉ាងក្រៀមក្រំថា “ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅឲ្យបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមើលថែប៉ា និងអ្នកផ្ទះយើង កូននឹងរឹងមាំ

សូម្បីតែមុខជាលើកចុងក្រោយក៏មិនបានឃើញ ម៉ាក់ឈឺ ក៏កូនៗមិនអាចទៅមើលថែបាន ម៉ាក់ខូចហើយ ក៏មិនអាចឃើញ សូម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វើបុណ្យឲ្យម៉ាក់ក៏មិនបាន សូមឲ្យវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុគតិភពផងចុះ

សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ វាលឿនពេកហើយ ម៉ាក់អើយ”។

ដោយឡែក លោកហួរ ឡាវី ត្រូវជាឪពុកវី ឌីណែត បានបង្ហោះសារថា “អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញមក ប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូនសាធុ.សាធុសាធុ”។

មហាជន និងអ្នកសិល្បៈជាច្រើនបានបង្ហោះសារចូលរួមរំលែកទុក្ខម្តាយរបស់វី ឌីណែត និងបានបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោកស្រីបានទៅកាន់សុគតិភពកុំបីខាន។

យ៉ាងណា ចំពោះការស្លាប់របស់ម្តាយវី ឌីណែត មន្ត្រីក្រសួងសុខាភិបាល មិនទាន់បានបញ្ជាក់នៅឡើយទេ ពីបញ្ហាជំងឺដ៏ធ្ងន់ធ្ងរ រហូតដល់ស្លាប់នេះ អំឡុងពេលលោកស្រីកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នេះ៕