ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានប្រើល្បិចដើរឆបោកប្រាក់ពីប្រជាពលរដ្ឋ បានមួយចំនួនធំ ជាថ្នូរនឹងការជ្រើសរើសឱ្យចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ (កងទ័ព) ទីបំផុតចូលក្របខ័ណ្ឌ ក៏មិនបាន ចំណែកលុយទារមកវិញក៏មិនបាន ក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចចាប់វ៉ៃខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ចាប់ខ្លួនជនឆបោកដើរជ្រើសរើសទ័ពនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិជ្រៃកោងលិច ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ មានឈ្មោះឈួន រីដា ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅភូមិជ្រៃកោងលិច ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ។

លោកវរសេនីយ៍ ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ប្រត្តិបត្តិការខាងលើ ធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីបទល្មើសដើរជ្រើសរើសកងទ័ព ដោយខុសច្បាប់នៅខេត្តកំពង់ឆ្នាំង កាលពីអំឡុងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ និងរំលោភលើទំនុកចិត្ត។
លោកមេបញ្ជាការរង បានបន្តថា បុរសជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ៣៥៨/០២១ របស់លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយបានឃាត់ខ្លួនជនសង្ស័យនៅនឹងផ្ទះតែម្តង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងដើរជ្រើសរើសទ័ពដោយខុសច្បាប់ ប្រព្រឹត្តកាលពីអំឡុង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។ នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO ពណ៌ទឹកសមុទ្រ។
លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ករណីជនសង្ស័យបានដើរជ្រើសរើសកងទ័ព ដោយខុសច្បាប់។ ជនសង្ស័យទ្រូវបានចៅក្រម ធ្វើការសាកសួរតាមនីតិវិធី៕