Monday, June 16, 2025
Homeសន្ដិសុខសង្គមប្រពន្ធជួបប្រុសថ្មីស៊ីចុក ប្តីតាមទាន់

ប្រពន្ធជួបប្រុសថ្មីស៊ីចុក ប្តីតាមទាន់

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ រួមរស់ជាមួយគ្នា បង្កើតបានកូនប្រុសស្រី ២នាក់ ជាចំណងនិស្ស័យទៅហើយ បែរជាជួបរឿងរកាំរកូស ប្រពន្ធចោទប្តីមានស្រី ប្តីចោទប្រពន្ធមានប្រុស រហូតចុងក្រោយ បុរសជាប្តី តាមទាន់ប្រពន្ធកំពុងណាត់ជួបស៊ីចុកជាមួយប្រុសថ្មី ក៏ថតវីដេអូបង្ហោះ ផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក។

រឿងរ៉ាវបុរសជាប្តីតាមទាន់ប្រពន្ធលួចណាត់ជួបប្រុសថ្មីនេះ ត្រូវបានបុរសជាប្តី អះអាងថា បានកើតឡើង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីបុរសជាប្តី បានយកវីដេអូតាមទាន់ប្រពន្ធណាត់ជួបប្រុសថ្មីនោះ មកបង្ហោះចែកចាយលើបណ្តាញសង្គម។

ភាគីបុរសជាប្តី មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានឈ្មោះ វណ្ណៈ ជាជាងថតរូប។ ចំណែកស្ត្រីជាប្រពន្ធ ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា ឈ្មោះ ស្រីលីន មុខរបរសម្អាងការ។ ប្តីប្រពន្ធទាំងពីរ សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ និងមានកូនប្រុសស្រីតូចៗចំនួន ២នាក់ ក្នុងបន្ទុក។ រីឯបុរសជាជនទី៣ ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា។

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ បុរសជាប្តី បានបង្ហោះក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នូវរូបថតចំនួន ៣សន្លឹក ក្នុងនោះ មាន ១សន្លឹក ជារូបថតអាពាហ៍ពិពាហ៍របស់ខ្លួន ១សន្លឹក ជារូបថតជុំប្រពន្ធកូន (៤នាក់) និង ១សន្លឹកទៀត បង្ហាញពីគណនីហ្វេសប៊ុកស្ត្រីជាប្រពន្ធ ព្រមទាំងមានវីដេអូឃ្លីប ១ផងដែរ ដែលមានរយៈពេលប្រមាណជាង ៤នាទី បង្ហាញពីសកម្មភាពដែលខ្លួនជាប្តី តាមទាន់ស្ត្រីជាប្រពន្ធ កំពុងស៊ីចុកជាមួយប្រុសថ្មី នៅខ្ចូសមួយកន្លែង តែ២នាក់។

ជាមួយនេះ បុរសជាប្តី បានសរសេររៀបរាប់ថា “ការហើយ ៤ទៅ៥ឆ្នាំ នឹកស្មានមិនដល់ថា វណ្ណៈស្រីលីន សម្អាងការ ជាប្រពន្ធរបស់ខ្ញុំ ណាត់ជួបប្រុសនៅអង្គរបុរី ប្រាប់ខ្ញុំថាទៅធ្វើម៉ូតូ ហូបបាយពីផ្ទះ ក៏ទៅតែម្តង ក៏ចៃដន្យអីខ្ញុំដាក់ GPS ទូរស័ព្ទប្រពន្ធខ្ញុំ ខ្ញុំខលទៅ ក៏មិនលើក ហើយចុចបិទទៀត ដល់ពេលខ្ញុំទៅឃើញ ហួសចិត្ត គាត់និយាយយ៉ាងឡូយ មើលវីដេអូហ្នឹងទៅដឹងហើយ។ (បាយផ្ទះមិនឆ្ងាញ់ដូចបាយហាងទេ) វីដេអូចាប់បាន ២៣/០៥/២០២២ និយាយរួមទៅ ខ្ញុំធ្វើអីក៏ខុសដែរ…”។

តាមរយៈវីដេអូឃ្លីប រយៈពេលជាង ៤នាទី ដែលបុរសជាប្តីខាងលើ បានបង្ហោះ គេឃើញ បុរសជាប្តី បានថតវីដេអូតាមទូរស័ព្ទ រួចដើរចូលសំដៅទៅដល់ខ្ចូសលេខ៩ ដែលមានប្រពន្ធរបស់ខ្លួនកំពុងអង្គុយផឹកស៊ី និងចុចទូរស័ព្ទនៅម្ខាងតុ ក្បែរមនុស្សប្រុសម្នាក់ដែលកំពុងអង្គុយផឹកស៊ី និងចុចទូរស័ព្ទដូចគ្នា។

យ៉ាងណា ទោះជាតាមទាន់ឃើញប្រពន្ធរបស់ខ្លួនកំពុងណាត់ជួបស៊ីចុកជាមួយប្រុសថ្មី ក៏បុរសជាប្តី ហាក់មានចិត្តធ្ងន់ បាននិយាយស្តី សួរនាំទៅកាន់ប្រពន្ធរបស់ខ្លួនតាមសម្រួល ដោយចោទជាសំណួរថា «ហេតុអ្វីបានជាមិនលើកទូរស័ព្ទរបស់ខ្ញុំ?» ស្រាប់តែស្ត្រីជាប្រពន្ធ ឆ្លើយថា «មានការអី?» បន្ទាប់មក បុរសជាប្តី ក៏មិនបានស្រែកឡូឡារករឿងអុកឡុក ឬនិយាយស្តីអ្វីច្រើនទៀតដែរ ដោយគ្រាន់តែនិយាយថា «នេះឬចោទថា ខ្ញុំមានស្រី បែរជាខ្លួនឯងមកណាត់ជួបប្រុសទៅវិញ ហើយសូម្បីបងប្រុសនេះ ក៏គាត់មិនដឹងថា ខ្ញុំជាគ្រួសារ (ប្តី) ផង តើប្រាប់គាត់ថា ម៉េច?» ។ រីឯស្ត្រីជាប្រពន្ធ ហាក់មិនមានអារម្មណ៍ភិតភ័យអ្វីទាំងអស់ បែរជាសើច ញញឹម និងថែមទាំងសួរទៅបុគ្គលិកហាងថា «បាយកុម្មង់ បានឬនៅ? ឃ្លានណាស់»។ ចំណែកបុរសជាប្តី ក៏បានបន្ថែមថា «ដើរនិយាយប្រាប់គេ សុទ្ធតែខ្ញុំមិនដែលឱ្យលុយកាក់កាន់ តើឱ្យកាន់យ៉ាងម៉េច បើធ្វើឱ្យខ្ញុំមិនទុកចិត្តបែបនេះ?»។

 ដោយឡែក ភាគីបុរសជាប្រុសថ្មីវិញ មិនបានមាត់កអ្វី ហើយក៏មិនមានអារម្មណ៍ភ័យព្រួយដូចគ្នា ដោយនៅអង្គុយពែនភ្នែន ចុចទូរស័ព្ទ ផឹកភេសជ្ជ:ធ្វើព្រងើយ។

បន្ទាប់ពីបុរសជាប្តី បានទម្លាយនូវរឿងរ៉ាវខាងលើនេះ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នោះដែរ ភាគីស្ត្រីជាប្រពន្ធ បានសរសេក្នុងគណនីហ្វេសប៊ុក របស់ខ្លួន យ៉ាងខ្លីថា “ជួយចេញមុខដោះស្រាយផង កុំរត់គេចអ៊ីចឹងអី។ វាមិនល្អទេ បើមិនហ៊ានប្រឈមមុខអ៊ីចឹង អាមនុស្សបានតែពីក្រោយខ្នង អ្នកចង់ដឹងរឿងខ្ញុំ អាចសួរខ្ញុំបាន…”។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនទាំងបីភាគីបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES