Tuesday, June 24, 2025
Homeព័ត៌មានជាតិសម្ដេចសង្ឃ ទេព វង្ស យាងចូលទិវង្គត ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា

សម្ដេចសង្ឃ ទេព វង្ស យាងចូលទិវង្គត ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា

ភ្នំពេញ ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥ៈ៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

 យោងតាមលោកឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រកាសឲ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “ សូមប្រគេននិងជូនដំណឹងដ៏សោកសៅ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងព្រះទិវង្គត នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧និង៤០នាទីល្ងាច ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ“ ។

 ជាមួយគ្នានេះ ក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការយាងចូលទិវង្គត របស់សម្តេចព្រះអគ្គមហាសង្ឃរា ជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា ព្រះ សព ត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទាន ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព តាមប្រពៃណីខ្មែរ រហូតដល់ថ្ងៃ ថ្វាយព្រះភ្លើង។

 សូមបញ្ជាក់ថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស (គណៈមហានិកាយនៃកម្ពុជា) ប្រសូតនៅថ្ងៃទី១២ ខែមករា ឆ្នាំវក គ.ស. ១៩៣២ នៅឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ មានបិតានាម ទេព ឈិត និងមាតានាម ប៉ិច អាត់ ៕

RELATED ARTICLES