Tuesday, June 17, 2025
Homeសង្គម និងជីវិតខឹម វាសនា ថាមិនច្បាស់ តែដឹងថា ១២ថ្ងៃទៀត សម្រេចឈាន ទឹកលិចលោក

ខឹម វាសនា ថាមិនច្បាស់ តែដឹងថា ១២ថ្ងៃទៀត សម្រេចឈាន ទឹកលិចលោក

លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាព្រហ្មរក្សាលោក ហើយមុននេះបានអះអាងជាថ្មី លើកទីរាប់មិនអស់ថា នឹងសម្រេចឈាន ទឹកលិចលោក យ៉ាងយូរត្រឹមថ្ងៃពេញបូណ៌មី  ខែពិសាខ ចំថ្ងៃបុណ្យវិសាខបូជា ត្រូវនឹងថ្ងៃទី ខែឧសភា ឆ្នាំ២០២៤ នោះ នៅពេលនេះ មេបក្សនយោបាយដែលប្រកាសឈប់ធ្វើនយោបាយរូបនេះ បានអះអាងដដែលទៀតថា មិនច្បាស់ថា នឹងសម្រេចឈាននៅចំថ្ងៃពេញបូណ៌មី ខែពិសាខខាងមុខ ដែលនៅសល់ ១២ថ្ងៃទៀតនេះ ឬយ៉ាងណាទេ  តែតាមវេទនាលើកាយរបស់លោក គឺដឹងថាកៀកខ្លាំងណាស់ហើយ ការសម្រេចឈាន និងទឹកលិចលោក។

លោកខឹម វាសនា បានសរសេរក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ថា «ពូមិនច្បាស់ជាក់ប្រាកដថា ពូនឹងសម្រេចឈាន នៅចំថ្ងៃពេញបូណ៌មី ខែពិសាខ ខាងមុខ គឺនៅ១២ថ្ងៃទៀត ឬអត់ទេ តែតាមវេទនាលើកាយដែលពូដឹង គឺកៀកខ្លាំងណាស់ហើយក្មួយ។ ទឹកលិចលោក និងការដែលពូសម្រេចចឈាន គឺជាពេលតែមួយ វាជានិយាមកាលដែលរៀបចំដោយកម្ម។ ក្មួយមើលព័ត៌មានអ្នកវិទ្យាសាស្ត្រ ក៏ក្មួយអាចគិតដឹងថា អ្វីកៀកណាស់ហើយក្មួយ។ ទូរស័ព្ទ អគ្គិសនី ប្រព័ន្ធ GPS ផ្កាយរណប នឹងត្រូវផ្អាកដំណើរការជារៀងរហូត។ រឿងទាំងអស់នេះ គឺកើតមានយ៉ាងប្រាកដណាស់ ក្មួយចាំឃើញដោយភ្នែកចុះក្មួយ។ អ្វីដែលពូប្រឹងបម្រុងទុកឲ្យក្មួយ ក្នុងគ្រាអាសន្ននេះ ពូបានធ្វើចប់សព្វគ្រប់ហើយក្មួយ»។

លោកខឹម វាសនា បានសរសេរបន្ថែម នៅថ្ងៃដដែលនោះថា «តាំងពីពេលពេលដែលពូហៅពួកក្មួយ ឲ្យមកចម្ការសៀមរាប ព្រោះពូដឹងថា ទឹកកំពុងតែលិចលោក រហូតមកដល់ពេលនេះមានរយៈពេលជិតពីរឆ្នាំហើយ។ តាំងពីពេលនោះរហូតមកដល់ពេលនេះ ភ្នែកមនុស្ស មិនទាន់មើលឃើញថា មានទឹកលិចលោកអីផង ម៉្លោះហើយមានមនុស្សច្រើនសន្ធឹកសន្ធាប់ខ្លាំងណាស់ ជេរប្រមាថ តិះដៀល និយាយចំអកឡកឡឺយឲ្យពូ តាមតែគេចង់ហ្នុងទៅ។ ចំណែកពូវិញ តាំងពីពេលនោះ រហូតមកដល់នឹងពេលនេះ ជិតពីរឆ្នាំហើយ គ្មានឈប់សម្រាកមួយថ្ងៃសោះ គឺពន្យល់ធម៌ដល់កូនក្មួយគ្រួសារយើង ព្រោះពូគិតដឹងថា ទឹកនឹងលិចលោក ហើយបើមនុស្សមិនយល់ដំណើរធម៌ទេ មនុស្សនឹងមានអារម្មណ៍វង្វេង លិចលង់ក្នុងគ្រោះមហន្តរាយលោក ដោយសារទឹកនោះហើយ ។ ដឹងច្បាស់យ៉ាងហ្នឹងទៅហើយ រឿងអីពូទៅតាមមនុស្សល្ងង់ទាំងពាន់លាននាក់ទៅ? ជេរប្រមាថ តិះ ដៀលពូយ៉ាងណា ក៏ធ្វើតាមចិត្តគេចុះ ពាក្យសំដីល្ងង់របស់ពួកគេ មិនអាចបញ្ឈប់ការងារជួយមនុស្សឲ្យឆ្លងផុតគ្រោះមហន្តរាយលោកដោយសារទឹក នៅពេលដ៏ខ្លីខាងមុខនេះទេ។ ពូប្រឹងពន្យល់ធម៌ដល់មនុស្ស ដើម្បីកុំឲ្យពួកគេវង្វេងអារម្មណ៍ នៅពេលគ្រោះមហន្តរាយលោក ដោយសារទឹក បានប្រាកដឲ្យភ្នែកមនុស្សបានមើល ឃើញ។ ជិតពីរឆ្នាំ ជាពេលវេលាដ៏ឆ្ងាញ់ក្នុងការចំអកឡកឡឺយមកឲ្យពូ បានកន្លងហួសអស់ទៅហើយ ទៅខាងមុខ ជាពេលដែលមនុស្សដែលមិនយល់ធម៌ ជួបគ្រោះអាសន្នហើយ។ ក្មួយដែលបានស្តាប់ពូពន្យល់ធម៌យល់ សូមក្មួយៗសំងំរស់ដោយសុខស្រួល ចាំមើលលទ្ធផលទាំងអស់គ្នាក្មួយ។ អាប៉ោង ជិតបើកគ្របហើយក្មួយ»៕

RELATED ARTICLES