Monday, June 16, 2025
Homeសង្គម និងជីវិតម្ចាស់ហាងសាច់អាំង អត់យកលុយរៀល ដោះសា ទម្លាក់កំហុសឲ្យបុគ្គលិក

ម្ចាស់ហាងសាច់អាំង អត់យកលុយរៀល ដោះសា ទម្លាក់កំហុសឲ្យបុគ្គលិក

ខេត្តបន្ទាយមានជ័យ ៖ ក្រោយផ្ទុះការរិះគន់ទៅលើហាងសាច់អាំង មួយកន្លែង ដែលបើកអាជីវកម្មរកស៊ីនៅទឹកដីខេត្តបន្ទាយមានជ័យ ជាយដែនកម្ពុជា-ថៃ ទទួលយកតែលុយបាត មិនយកលុយរៀល រហូតត្រូវបានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ក.ប.ប ចុះពិនិត្យរួចមក ម្ចាស់ហាងសាច់អាំង បានឆ្លើយដោះសាថា តាមពិតគឺជាកំហុសរបស់បុគ្គលិក ហើយពេលនេះ ហាងរបស់ខ្លួន បានទទួលយកប្រាក់រៀលវិញហើយ។

លោកលន់ ស៊ីថា មន្ត្រីជំនាញ ក.ប.ប ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយទទួលព័ត៌មាន និងការរិះគន់ពីមហាជន តាមបណ្តាញសង្គម និងព័ត៌មានបានផ្សព្វផ្សាយថា មានហាងលក់សាច់អាំង យីហោ ម៉ៃម៉ៃ ម្ចាស់ហាងជាជនជាតិឥណ្ឌូណេស៊ី នៅបរិវេណកាស៊ីណូហ្គេនទីង ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលលក់មិនយកប្រាក់រៀល យកតែលុយបាត រួចមក មន្ត្រីជំនាញ ក.ប.ប បានចុះទៅពិនិត្យនិងធ្វើកិច្ចសន្យាជាមួយម្ចាស់ហាងរួចរាល់ហើយ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា ក្រោយមន្ត្រីជំនាញចុះទៅពិនិត្យក្នុងហាង ឃើញដាក់ក្នុងសៀវភៅកម្មង់ម្ហូប ជាលុយបាត មិនមានដាក់ប្រាក់ រៀល ហើយម្ចាស់ហាង និយាយដោះសាថា ជាកំហុសបុគ្គលិក ដែលយកតែលុយបាត។ បន្ទាប់មក មន្ត្រីជំនាញបានណែនាំ និងធ្វើកិច្ចសន្យាឱ្យលក់ ជាប្រាក់រៀល ចំណែកសៀវភៅកម្មង់ម្ហូប ក៏ត្រូវដាក់ជាប្រាក់រៀល ដូចគ្នា បើសិនជាមិនគោរពតាមកិច្ចសន្យា នៅពេលក្រោយ នឹងមានចំណាត់តាមច្បាប់។

លោកលន់ ស៊ីថា បានបញ្ជាក់ថា កន្លងមកមន្ត្រី ក.ប.ប សាខាខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាក់ព័ន្ធ បានចុះផ្សព្វផ្សាយ និងណែនាំដល់អ្នកលក់ដូរនៅបរិវេណកាស៊ីណូជាប់ជាយដែន ក្នុងក្រុងប៉ោយប៉ែត និងតាមបណ្តាស្រុក-ក្រុង ជាប់ជាយដែនទាំងអស់ ត្រូវចាយរូបិយប័ណ្ណខ្មែរ ប្រាក់រៀល៕

RELATED ARTICLES