ភ្នំពេញ ៖ បុរសជាជនជាតិចិន ម្នាក់ បានបើករថយន្តទំនើប ១គ្រឿង បត់ឆ្លងផ្លូវ ស្រាប់តែត្រូវរថយន្ត ១គ្រឿង ទៀត បើកបរដោយបុរសជាជនជាតិខ្មែរ មកពីក្រោយក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកពេញទំ ហឹង ធ្វើឱ្យរថយន្តទំនើបជ្រុលទៅបុកខឿនផ្លូវ រងការខូចខាតយ៉ាងធ្ងន់ បន្ទាប់មកភាគីជនជាតិចិន បានទាមទារឱ្យភាគីបង្កហេតុ យករថយន្តរបស់ខ្លួនទៅជួសជុលឱ្យស្អាតដូចដើម តែភាគីបង្កហេតុ សុំសង២០០០ដុល្លារ មិនព្រម ក៏ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចទល់មុខវត្តទួលទំពូង តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៣៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនជាតិចិន ម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ- 2370 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេងទុង ទិសដៅពីត្បូង ទៅជើង លុះមកចំណុចកើតហេតុ រថយន្តបានបត់ឆ្វេង ឡើងទៅផ្លូវ១៣៥ តែគាប់ជួនពេលនោះ ស្រាប់តែបុរសម្នាក់ជាជនជាតិខ្មែរ បានបើករថយន្ត ១គ្រឿង ម៉ាក Lexus RX-300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-9408 ធ្វើដំណើរតាមផ្លូវម៉ៅសេទុង ក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត TOYOTA ALPHARD ពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្ត TOYOTA ALPHARD ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ បែកកង់មុខចំហៀងខាងស្តាំ និងរថយន្តខូចខាតខ្ទេចផ្នែកខាងក្រោយ តែមិនគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្តឡើយ។ ដោយឡែកខាងរថយន្ត Lexus រងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងធ្ងន់ តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សដូចគ្នា ។

ក្រោយកើតហេតុ គេឃើញតំណាងភាគីទាំងសងខាងបានមកដល់ ធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្ត TOYOTA ALPHARD ទាមទារឱ្យភាគីបង្កហេតុ យករថយន្តរបស់ខ្លួនទៅជួសជុលឱ្យស្អាតឡើងវិញ តែខាងរថយន្ត Lexus សុំសងសំណង ២០០០ដុល្លារ។

ដោយសារតែការដោះស្រាយគ្នាមិនត្រូវរ៉ូវគ្នា ទើបសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះទៅធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

