ខេត្តព្រះសីហុន ៖ មូលដ្ឋានកងទ័ពជើងទឹក សមុទ្ររាមកម្ពុជា បានជូនដំណឹងអំពីផែនការហ្វឹកហ្វឺនបាញ់គ្រាប់ពិត លើផ្ទៃសមុទ្រ ស្ថិតនៅចន្លោះកោះពូលូវ៉ៃ និងកោះតាង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ។

សេចក្តីជូនដំណឹងរបស់កងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម លេខ ០៤២១ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ស្តីអំពីផែនការហ្វឹកហ្វឺនបាញ់គ្រាប់ពិតលើផ្ទៃសមុទ្រ របស់មូលដ្ឋានសមុទ្ររាម មានខ្លឹសារទាំងស្រុងថា «មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ សូមជម្រាបជូនដំណឹងដល់អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ ឲ្យបានជ្រាបថា ៖ មូល ដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នឹងរៀបចំកម្មវិធីហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅលើដែនសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះកោះពូលូវៃ និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ ប្រជា នេសាទ មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ពេលមានឮសំឡេងកាំភ្លើងរួមជាមួយការចល័តកងទ័ព នាវាចម្បាំង នៅលើផ្ទៃសមុទ្រ និងសូមកុំធ្វើដំណើរឆ្លងកាត់ ឬនេសាទជុំវិញតំបន់ហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ។

ដូចសេចក្ដីជម្រាបជូនខាងលើនេះ សូមអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សូមជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ជាពិសេសបងប្អូនប្រជានេសាទ ឲ្យបានជ្រាបយ៉ាងទូលំទូលាយ និងសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់»៕



