ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមា ជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

សម្តេចហ៊ុន សែន បានចាត់ទុកថា មរណភាពរបស់លោកណ្ឌិត ម៉ុម ជីមហ៊ុយ គឺជាការបាត់បង់ស្វាមី បិតា ជីតា ជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី រហូតដល់បច្ឆិមវ័យ រួមចំណែកយ៉ាងសកម្មបំផុតក្នុងការស្តារនិងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ លោកបានបន្សល់ទុកនូវស្នាដៃជាច្រើន នៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ដ៏ច្រើននីតិកាល នៃរដ្ឋសភា និងព្រឹទ្ធសភា ក្នុងវិស័យអប់រំសិក្សាធិការ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

សម្តេច សូមចងចាំនូវគំរូវីរភាព មនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់លោកបណ្ឌិត និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុត ជាមួយលោកស្រី សាប៊ី ពិន្ថា ភរិយានៃសព និងក្រុមគ្រួសារនៃសព ហើយសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត ម៉ុម ជីមហ៊ុយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ។

គួរបញ្ជាក់ថា លោក ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល សមាជិក សភា និងព្រឹទ្ធសភា បានទទួលមរណភាពក្នុងអាយុ៨៩ឆ្នាំ ដោយជរាពាធ កាលពីយប់ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។

លោក ម៉ុម ជីមហ៊ុយ កើតនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៣៩ នៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មានចំណេះដឹងខ្ពង់ខ្ពស់ផ្នែកភាសាបារាំង បានចូលក្របខ័ណ្ឌរដ្ឋ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៦១។ លោក ម៉ុម ជីម ហ៊ុយ ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា កាលពីឆ្នាំ១៩៩៣ ពោលគឺមុនតំណែងនេះបានទៅលើលោក អ៊ឹង ហួត ក្នុងកូតាគណបក្សហ៊្វុនស៊ិនប៉ិច។ លោកធ្លាប់ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ចាប់ពីឆ្នាំ២០០៣។ ក្នុងព្រឹទ្ធសភា នីតិកាលទី៤ លោកជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្ម ការទី៧)។ បន្ថែមពីលើនេះ លោក ម៉ុម ជីមហ៊ុយ ក៏ជាអតីតប្រធានក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង និងជាប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង ផងដែរ។

សម្រាប់ព្រឹទ្ធសភា នីតិកាលទី៥ លោក ម៉ុម ជីមហ៊ុយ ដែលមានងារជា «កិត្តិនីតិកោសលបណ្ឌិត» ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានឋានៈស្មើទេសរដ្ឋមន្ត្រី៕ ខៀវទុំ

