Saturday, June 14, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ចូលរួម៣០០លាន មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែន

សម្តេចហ៊ុន សែន ចូលរួម៣០០លាន មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែន

ភ្នំពេញ ៖ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចូលរួម ចំនួន ៣០០ លានរៀល ជាដំណាក់កាលទី១ ដល់មូលនិធិស៊ីធីអិន ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែន ដែលបង្កើតដោយអ្នកឧកញ៉ា គិត ម៉េង តបតាមការអំពាវនាវរបស់សម្តេច។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ថា «មូលនិធិ ស៊ីធីអិន ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ បានចាប់ផ្តើមជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍ CTN ។ សូមអរគុណលោកអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានបង្កើតនូវកម្មវិធីនេះឡើង តាមការអំពាវនាវរបស់ខ្ញុំ»។

សម្តេចហ៊ុន សែន បន្តថា «នេះជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំរបស់យើង។ ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់ ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។ យោធា ត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ក៏ត្រូវប្រើពេលយូរ»។

សម្តេចហ៊ុន សែណ បន្តទៀតថា «ខ្ញុំនិងភរិយា សូមចូលរួមមូលនិធិនេះ ចំនួន ៣០០លានរៀល ជាដំណាក់ កាលទីមួយ។ សូមអំពាវនាវបងប្អូនជនរួមជាតិ ចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ព និងជាមួយជាតិ និងទឹកដីរបស់យើងទាំងអស់គ្នា៕ ខៀវទុំ

RELATED ARTICLES