
ខេត្តបាត់ដំបងៈ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ នៅគ្រប់ច្រកទ្វារព្រំដែនទាំងអស់ ឆ្លើយតបទាហានថៃ ដែលបានបិទច្រកទ្វារព្រំដែន និងផ្លាស់ប្ដូរពេលម៉ោងបិទ-បើកច្រកទ្វារព្រំដែន ជាឯកតោភាគី តាមទំនើងចិត្ត ហើយមិនព្រមបើកធម្មតាវិញនោះមក មានការកត់សម្គាល់ថា បន្លែផ្លែឈើខ្មែរ ចាប់ផ្ដើមមានទីផ្សារ ហើយបានធ្វើឲ្យកសិករខ្មែរមានកម្លាំងចិត្តនៅក្នុងការផលិតដំំណាំកសិកម្មរបស់ខ្លួន ខណៈរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអះអាងថា បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តរភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាព នៃខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេស ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចជាផ្លូវការ បិទខ្ទប់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ពីប្រទេសថៃ នៅគ្រប់ច្រកព្រំដែនទាំងអស់ ខណៈដែលយោធាថៃ មិនព្រមបើកទ្វារព្រំដែនជាមួយកម្ពុជាឲ្យដូចដើមឡើងវិញ។ ការសម្រេចបិទនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលទុកពេលឲ្យយោធាថៃ ២៤ម៉ោង ដើម្បីបើកច្រកទ្វារព្រំដែនជាមួយកម្ពុជា ឲ្យដូចមុនថ្ងៃទី៧ខែ មិថុនា ឆ្នាំ២០២៥វិញ បើមិនដូច្នោះទេ កម្ពុជា នឹងបិទការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ពីប្រទេសថៃ នៅគ្រប់ច្រកទ្វារព្រំដែនទាំងអស់ ។

ក្រោយការបិទព្រំដែនមិនឲ្យនាំចូលបន្លែ និងផ្លែឈើពីថៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានប្រកាសថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតផលក្នុងស្រុក ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ស្របពេលដែលមានការបិទការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ ក្រសួងកសិកម្ម សូមបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន ។ ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះអះអាងថា ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តរភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេស ។ បន្ថែមពីនេះ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ក្នុងស្រុករបស់យើង បង្កើនការគាំទ្រកសិផលរបស់បងប្អូនប្រជាកសិករ ជាពិសេសកសិផលទាំងឡាយណាដែលធ្លាប់តែធ្វើការនាំចេញ ហើយឥឡូវនេះគាត់មានការលំបាកក្នុងដំណាក់កាលអន្តរកាល។ លោកសង្ឃឹមថា នៅពេលខាងមុខ ប្រជាកសិករ នឹងយកឱកាសនេះ ដើម្បីសម្របទៅតាមស្ថានភាពជាក់ស្ដែងនៃទីផ្សារ កាត់បន្ថយការពឹងផ្អែកលើដំណាំណាមួយ ដែលយើងធ្លាប់មានពីមុន ហើយធ្វើពិពិធកម្មទៅប្រភេទដំណាំណាមួយ ដែលឥឡូវនេះកំពុងតែមានតម្រូវការ ហើយមិនទាន់មានស្ថិរភាពនៃការផ្គត់ផ្គង់នៅឡើយ ។

លោកប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ដែរថា ក្រសួងពាណិជ្ជកម្ម នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញនៅលើទីផ្សារ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្រសួងពាណិជ្ជកម្មនឹងប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីធ្វើការពង្រឹងលើមុខទំនិញយុទ្ធសាស្រ្ត ក្នុងនោះក៏មានការសម្របសម្រួលរបស់មន្ទីរនៅតាមបណ្ដាខេត្តជាប់ព្រំដែន ដើម្បីសម្រួលឱ្យមានលំហូរទំនិញទៅកាន់ទីផ្សារ និងការអន្តរាគមន៍លើថ្លៃទំនិញផងដែរ។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម ស្នើឱ្យពលរដ្ឋខ្មែរងាកមកប្រើប្រាស់កសិផល និងទំនិញផលិតក្នុងស្រុក ហើយជៀសវាងការដំឡើងថ្លៃណាមួយនៅក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងមានបញ្ហាប្រឈមនេះ។

ជាមួយនឹងការលើកឡើងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ក៏មានការអះអាងពីអាជ្ញាធរខេត្តមួយចំនួនថា ក្រោយបិទការនាំបន្លែផ្លែឈើពីប្រទេសថៃ ធ្វើឲ្យកសិករខ្មែរសប្បាយចិត្ត ហើយផលិតផលកសិកម្មរបស់ពួកគាត់ចាប់ផ្ដើមមានទីផ្សារ ជាពិសេសគ្រប់គ្រងតម្រូវការទីផ្សារបានគ្រប់គ្រាន់ មិនថាបន្លែ ឬផ្លែឈើ ។
លោកសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា បន្លែផ្លែឈើជាច្រើនមុខ ដូចជា ទុរេន សាវម៉ៅ ចេកណាំវ៉ា ខាត់ណា ស្លឹកខ្ទឹម ល្ហុង ប៉េងបោះ ម្ទេស ស្ពៃ ម្អម ជីក្រហម ម្រះព្រៅ ជីរណា ល្ពៅ …ជាដើម ដែលជារបស់ខ្មែរ បានដាក់លក់ដុំទីផ្សារនៃខេត្តបាត់ដំបង ។ លោកក៏សូមបងប្អូនប្រជាកសិករបន្តខិតខំដាំដុះ និងសូមគាំទ្រផលិតផលខ្មែរទាំងអស់គ្នា ។

សម្រាប់រដ្ឋបាលខេត្តប៉ៃលិន បានចាត់ទុកការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការបិទការនាំចូលបន្លែពីប្រទេសថៃ ជាឱកាសសម្រាប់ខេត្តមួយនេះ ក្នុងការជំរុញប្រជាកសិករឱ្យបង្កើនការដាំដុះ ដើម្បីឆ្លើយតបនឹងតម្រូវទីផ្សារក្នុងស្រុកដោយខ្លួនឯង ខណៈដែលកន្លងមក ខេត្តមានព្រំដែនជាប់ប្រទេសថៃ មួយនេះ បាននាំចូលបន្លែពីខេត្តជិតខាងនិងប្រទេសថៃ ក្នុងកម្រិត៣-៥ភាគរយប៉ុណ្ណោះ ក្នុងមួយថ្ងៃៗ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗខេត្តប៉ៃលិន អាចផលិតបន្លែបានយ៉ាងតិចពី៥ទៅ១០តោន សម្រាប់តម្រូវផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ ក្នុងនោះ បន្លែដែលកសិករខេត្តប៉ៃលិន និយមដាំដុះ មាន ស្ពៃផ្កា ស្ពៃជើងទា ស្ពៃខ្មៅ ត្រប់ ប៉េងបោះ ម្ទេស ត្រសក់ ឆៅថាវ និងដំឡូវ ជាដើម ។ ចំពោះបន្លែដែលកម្ពុជា ក៏ដូចខេត្តប៉ៃលិន នាំចូលបន្លែពីថៃកន្លងមក មានប្រភេទគ្រឿងទេស ពពួកផ្សិតធំ ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ខ្ទឹមស ខ្ទឹមក្រហម ប្រូខូលី និងខាត់ណាផ្កា ។ លោកបន្តថា ការបិទការនាំចូលបន្លែពីប្រទេសថៃនេះ បានឆ្លើយតបនឹងគោលបំណងរបស់មន្ទីរកសិកម្មខេត្តប៉ៃលិន ផងដែរ។ លោករំឭកថា កន្លងមក អ្នកផលិតបន្លែក្នុងស្រុក គឺជួបបញ្ហាប្រកួតប្រជែងខ្លាំងលើតម្លៃជាមួយបន្លែនាំចូល ដែលធ្វើឱ្យពួកគាត់ផលិតបន្លែ ក្នុងកម្រិតណាមួយប៉ុណ្ណោះ។

យោងតាមទិន្នន័យនៅក្នុងគេហទំព័រTrading Economic បានបង្ហាញថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចូលបន្លែ និងបន្លែឈើពីប្រទេសថៃ មានតម្លៃទឹកប្រាក់សរុប ជាង៥.៣១លានដុល្លារ ខណៈនាំចូលពីវៀតណាម មានតម្លៃទឹកប្រាក់ ៤.០៥លានដុល្លារ ។
ជុំវិញចំណុចនេះ ការដែលកម្ពុជាប្រកាសបិទការនាំចូលបន្លែ និងផ្លែឈើទាំងអស់ ពីប្រទេសថៃ នៅពេលនេះ ត្រូវបានអ្នកជំនាញកសិកម្ម និងអ្នកធ្វើការជាមួយកសិករ សម្តែងការសាទរ ដោយចាត់ទុកថា វាជាឱកាសរបស់កសិករខ្មែរ ក្នុងការពង្រីកផ្ទៃដីដាំដុះបន្លែ និងផ្លែឈើ ដើម្បីបំពេញតម្រូវការក្នុងស្រុកជំនួសឲ្យការនាំចូល។ ជាពិសេសស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញ ស្នើឱ្យអាជ្ញាធរនៅតាមតំបន់ គួរមានម្ចាស់ការក្នុងការទិញបន្លែ និងផ្លែឈើ ពីកសិករក្នុងស្រុកយកទៅផ្គត់ផ្គង់នៅតាមទីផ្សារនានា ឬអាចនាំចូលពីទីផ្សារផ្សេងក្រៅពីប្រទេសថៃ ដើម្បីកុំឱ្យឈ្មួញដំឡើងថ្លៃ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ។ អ្នកជំនាញ បានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់កុំឱ្យឈ្មួញដំឡើងថ្លៃលើបន្លែ និងផ្លែឈើ លុះណាតែរដ្ឋាភិបាលដាក់ចេញវិធានការកំណត់តម្លៃលក់នៅលើទីផ្សារ ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ថ្លែងថា នេះជាឱកាសធំរបស់កសិករខ្មែរ ហើយលោកទឹកចិត្តឲ្យបង្កើនការដាំដុះ ប៉ុន្តែយើងកុំដំឡើងថ្លៃនូវផលិតផលទំនិញដែលយើងបានដាំដុះបាន ព្រោះបើយើងធ្វើអ៊ីចឹង ដូចជាបោកឆ្នាំងចានខ្លួនឯង តែបើសិនជាយើងចាប់យកឱកាសនេះដើម្បីឆ្លើយតបនិងដោះស្រាយបញ្ហាចំពោះមុខ គឺយើងនឹងទទួលបាននូវផលប្រយោជន៍ និងទទួលបាននូវការគាំទ្រ រួមជាមួយនឹងគុណតម្លៃ និងសីលធម៌ផងដែរ ។

លោកថេង សាវឿន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ថា “ ខ្ញុំគាំទ្រការបិមិនឲ្យមានការនាំចូលបន្លែឈើពីប្រទេសថៃ ព្រោះថា កាលណាយើងបិទដូច្នេះ វាបង្កើតនូវឱកាសសម្រាប់ផលិតកសិករក្នុងស្រុក ដែលគាត់ផ្គត់ផ្គង់ក្នុងស្រុក ហើយធ្វើឲ្យបន្លែ ក៏ដូចជាផលិតផលក្នុងស្រុកហ្នឹងមានទីផ្សារសម្រាប់លក់ ហើយធ្វើឲ្យមានការចរាចរណ៍នូវបន្លែផ្លែឈើខ្មែរនៅតាមតំបន់ផ្សេងៗ ហើយជាឲ្យឱកាសនៃការលើកទឹកចិត្តផលិតផលរបស់កសិករខ្មែរយើងផងដែរ ហើយខ្ញុំមើលឃើញថា បន្លែផែឈើខ្មែរនឹងមានទីផ្សារ ព្រោះជាទូទៅកាលណាអត់ផលិតផលបរទេសក្នុងការវាយលុកទីផ្សារ គឺផលិតផលក្នុងស្រុកហើយ គឺជាជម្រើសសម្រាប់បងប្អូនអ្នកប្រើប្រាស់ ដែលត្រូវលក់ដាច់ មានការល្អប្រសើរជាងមុន ។ និយាយជារួមទៅ កាលណាបិទបន្លែផ្លែឈើបរទេសមិនឲ្យចូលលក់ វាផ្ដល់ផលប្រយោជន៍ទី១ គឺទំហំទីផ្សារ បរិយាកាសទីផ្សារសម្រាប់លក់ផលិតផលក្នុងស្រុក ។ ទី២ បង្កើតឱកាសការងារ មុខរបរ និងប្រាក់ចំណូល ហើយទី៣ គឺលើកកម្ពស់នូវគុណភាពផលិតផល ការដាំដុះ និងការប្រកួតប្រជែងបន្ថែមទៀត ព្រោះថា កាលណាមានទីផ្សារ ច្បាស់ណាស់នឹងមានការដាំដុះ ហើយមួយទៀត វាអាចកាត់បន្តយនូវការចំណាយថ្លៃផ្នែកសេដ្ឋកិច្ចបន្លែផ្លែឈើពីប្រទេសកម្ពុជា ទៅប្រទេសថៃផងដែរ ។ ជារួម សម្រាប់ខ្ញុំៗទទូចនិងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទាំងអស់ត្រូវតែធ្វើការដាំដុះ ក៏ដូចជារៀបចំនូវខ្សែចង្វាក់នៃការផ្គត់ផ្គង់ ខ្សែចង្វាក់នៃការកែច្នៃនិងត្រួតពិនិត្យទៅលើបន្លែ ហើយមួយទៀត ខ្ញុំមិនចង់ឲ្យនៅក្នុងបរិយាកាសបែបនេះ វាធ្វើឲ្យអាប់អួរទៅបរិយាកាសទីផ្សារទេ មានន័យថា យើងកុំដំឡើងថ្លៃនូវផលិតផលទំនិញដែលយើងបានដាំដុះបាន ព្រោះបើយើងធ្វើអ៊ីចឹង ដូចជាបោកឆ្នាំងចានខ្លួនឯង តែបើសិនជាយើងចាប់យកឱកាសនេះដើម្បីឆ្លើយតបនិងដោះស្រាយបញ្ហាចំពោះមុខ គឺយើងនឹងទទួលបាននូវផលប្រយោជន៍ និងទទួលបាននូវការគាំទ្រ រួមជាមួយនឹងគុណតម្លៃ និងសីលធម៌ផងដែរ “ ។
ដោយឡែក លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានផ្ដល់យោបល់ថា ចៀសវាងគេចពន្ធ ពុករលួយ ឬមានសារជាតិគីមី ស្ថាប័នពាក់ព័ន្ធក្នុងជំនាញវិជ្ជាជីវៈ ត្រូវត្រួតពិនិត្យបន្លែផ្លែឈើសម្រុកចូលពីទីផ្សារយួន ខណៈបិទការនាំចូលពីទីផ្សារសៀម ជាមួយស្មារតីជាតិនិយមនៃផលិតផលខ្លួនឯង ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ថា “ ខ្ញុំមិនមានអ្វីបញ្ជាក់បន្ថែមទេ ក្រៅពីចង់ឲ្យក្រសួងស្ថាប័នដែលពាក់ព័ន្ធហ្នឹង គឺយើងដឹងហើយថា តាមព្រំដែន វាងាយនឹងការរួចពន្ធទំនិញគ្រប់សព្វសារពើ ពិសេសបន្លែផ្លែឈើអីហ្នឹង គឺច្រករបៀបផ្សេងៗ មិនថាព្រំដែនខាងកើត ព្រំដែនខាងលិច ជាមួយយួន ជាមួយសៀម ឬក៏ឡាវអី គឺថា យើងតែងតែឆកល្ហកទៅនឹងអំពើពុករលួយ ទៅនឹងបក្ខពួកអីអ៊ីចឹងទៅ គឺថា ទំនិញគេចពន្ធតាមច្រករបៀង ឬក៏វាធ្វើឲ្យមានការពុករលួយ បាត់បង់ថវិកាជាតិ ជាពិសេសការគ្រប់គ្រងផ្នែកជំនាញហ្នឹង ដូចជាកាំកុងត្រូល ដូចជាគយ ដូចជាអ្នកផ្សេងៗក្នុងស្ថាប័ន កងកម្លាំងប្រដាប់អាវុធហ្នឹង គឺថា វាធ្វើឲ្យប៉ះពាល់ទៅដល់អ្វីដែលយើងគ្រប់គ្រងស្ថានភាពក្នុងកិច្ចសហការមិនបានល្អប្រសើរ អាហ្នឹងចេញហើយ អំពើពុករលួយ បាត់បង់ថវិកាជាតិ ដោយសារតែអ្នកមានអំណាចកាងទំនិញគេចពន្ធអីជាដើមហ្នឹង ។ អ៊ីចឹងអាហ្នឹងហើយដែលជាការព្រួយបារម្ភ ដែលស្ថាប័នជំនាញ កងកម្លាំងប្រដាប់អាវុធហ្នឹងត្រូវសហការគ្នា ហើយបញ្ហាដែលយើងមិនបានយកចិត្តទុកដាក់ វាធ្លាក់ទៅក្នុងអំពើពុករលួយ ទំនិញគេចពន្ធអីជាដើម គប់គិតគ្នាហ្នឹង វារាលទៅដល់ថា បើសិនជាទំនិញខូចគុណភាព បន្លែផ្លែឈើមានជាតិគីមី ដើម្បីរក្សារយៈកាលសម្រាប់ចរាចរណ៍ទីផ្សារមកចូលក្នុងស្រុកខ្មែរហ្នឹង គឺថា ធ្វើឲ្យយើងខូចនូវសុខភាព ធ្វើឲ្យទំនិញហ្នឹងវាថោក ប៉ុន្តែទំនិញវាអស់សុពលភាពថ្ងៃកំណត់វាហ្នឹង អ៊ីចឹងយើងចេះតែយកមកហ្នឹង គឺហូបចុក តម្លៃថោកហើយ វាខូចសុខភាពពលរដ្ឋ ហើយបាត់បង់ថវិការបស់ជាតិហ្នឹងដូចជាយកសំរាមមកចោលនៅក្នុងប្រទេសយើង ។ អាហ្នឹងហើយដែលខ្ញុំចង់ឲ្យរដ្ឋាភិបាលហ្នឹងកំណត់ឲ្យមែនទែន គឺចាត់វិធានការ ក្នុងខណៈដែលបន្លែផ្លែឈើមិនត្រូវឲ្យនាំចូលពីថៃ ប៉ុន្តែខាងទីផ្សារសេរី យើងបិទអត់បានទេ ជាមួយនឹងប្រទេសព្រំដែនជិតខាងហ្នឹង មានថៃ ប៉ុន្តែដោយសារថៃ មានជម្លោះព្រំដែន យើងបិទ តែនៅយួន នៅឡាវអីហ្នឹង គឺថា យើងត្រូវប្រុងប្រយ័ត្ន ដែលធ្វើឲ្យពួកគាត់អាចរកស៊ីគុណទ្វេដង ដើម្បីនាំទំនិញសព្វសារពើ ជាពិសេសយើងនិយាយក្នុងនាមបន្លែផ្លែឈើហ្នឹង គឺថា វាអាចទៅជាអាណាធិបតេយ្យ ដោយការគេចពន្ធ ដោយសារបញ្ហាពុករលួយ ហើយវាមានសារជាតិគីមីអីទៅទៀត តែចំណុចមួយទៀត ខ្ញុំចង់ឲ្យយើងហ្នឹងមានស្មារតីជាតិនិយម ។ យើងដាំបន្លែបង្ការខ្លួនយើង ផ្លែឈើខ្លួនយើង យើងនាំគ្នាទិញផលិតផលរបស់ខ្មែរយើងទៅ បង្ហាញស្មារតីជាតិនិយមទៅ ខ្ញុំថា អានេះជាការចាប់ផ្ដើមហើយ“។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ យើងមើលប្រទេសជិតខាង ដូចជានៅប្រទេសកូរ៉េ ប្រទេសជប៉ុនអី សុទ្ធតែគេមានស្មារតីជាតិនិយម គេប្រើផលិតផលរបស់គេផលិតនៅក្នុងស្រុក បានគេខ្វះខាត គេនាំចូល យើងមិនអាចបិទទីផ្សារសេរីបានទេ ព្រោះយើងមានកិច្ចព្រមព្រៀងសេដ្ឋកិច្ច ពាណិជ្ជកម្មជួញដូរ ទ្វេភាគី ពហុភាគីអីៗហ្នឹងជាមួយនឹងសហគមន៍អន្តរជាតិ ។ អ៊ីចឹងខ្ញុំមានការបារម្ភតែប៉ុណ្ណឹង គឺបារម្ភទាក់ទងទៅនឹងការគ្រប់គ្រងមិនបាន ជាឱកាស ហើយក៏សុំឲ្យបងប្អូនខ្មែរយើងដែលមានទំនិញនៅក្នុងស្រុកកុំឲ្យឡើងថ្លៃ ឆក់ឱកាសទំនិញគុណតម្លៃយក ធ្វើឲ្យកត្តាជីវភាពរបស់ប្រជាពលរដ្ឋ ហើយទីផ្សាររបស់ប្រជាកសិករ ក៏ដូចជាបំណុលអីក្នុងគ្រួសារ ធ្វើឲ្យគាត់ជួបការលំបាក កាន់តែលំបាកៗទៅទៀត នៃកត្តាជីវភាព ព្រោះកន្លងមកយើងតែងតែជួបប្រទះអាសាច់បង្កក មិនថាសាច់ជ្រួក សាច់គោក្លាស្សេ ឬក៏បន្លែអីហ្នឹង តែងតែឃើញមានជាតិគីមី ឃើញខូចគុណភាព ខូចអីហ្នឹង ចាប់បានទាំងរាប់តោនៗ ប៉ុន្មានឆ្នាំចុងក្រោយគឺកើន មិនថាស្រុកយួន ស្រុកសៀម ឬក៏ប្រទេសឡាវ គឺថា យើងឆកល្ហកនឹងការមិនគោរពច្បាប់ មិនអនុវត្តច្បាប់ ចេះតែបណ្ដែតបណ្ដោយទៅនឹងអំពើពុករលួយ ការគេចពន្ធ កាងដោយពួកអ្នកមានអំណាច មានអីជាដើមហ្នឹង ។ អានេះគឺក្នុងនាមគណបក្សក្រៅរដ្ឋាភិបាល យើងចង់ឃើញវិធានការ ចំណាត់ការរបស់រដ្ឋាភិបាល គឺថា ត្រូវតែគិតអំពីផលប្រយោជន៍ជាតិ ក៏ដូចជាសុខភាពជីវិតរបស់ប្រជាពលរដ្ឋ គុណតម្លៃនៃជីវិតរបស់មនុស្ស “ ៕