
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិតស៊ូ ដែលមានលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) សព្វថ្ងៃកំពុងរស់និរទេសនៅប្រទេសបារាំង ជាប្រធាន និងមានលោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម កំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ ជាអ្នកនាំពាក្យ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការនយោបាយ បង្រួបបង្រួមជាតិ ក្នុងកាលៈទេសៈដ៏តានតឹង ដែលកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។
សេចក្ដីថ្លែងការណ៍ របស់ក្រុមប្រឹក្សាជាតិតស៊ូ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ មានខ្លឹមសារថា “ក្នុងកាលៈទេសៈដ៏តានតឹង ដែលប្រទេសជាតិកម្ពុជាយើងមានជម្លោះព្រំដែនជាមួយប្រទេសថៃ និងការប្រឈមដ៏លំបាកស្មុគស្មាញរបស់ប្រជាពលរដ្ឋខ្មែរ ក្រុមប្រឹក្សាជាតិតស៊ូ CNRC សូមអំពាវនាវឲ្យយើងខ្មែរ គ្រប់និន្នាការនយោបាយ ត្រូវធ្វើការបង្រួបបង្រួមជាតិកម្ពុជាយើង ជាចាំបាច់ ។
ក្នុងជំហរផលប្រយោជន៍ជាតិកម្ពុជារួម យើងខ្មែរ ត្រូវរួបរួមគ្នា លើគោលដៅជាក់លាក់ ដើម្បី ៖
១. ការពារបូរណភាពទឹកដី នៃប្រទេសជាតិកម្ពុជាយើង និងដោះស្រាយបញ្ហាអន្តោប្រវេសន៍ ។
២. ដោះស្រាយទុក្ខលំបាក និងការភ័យខ្លាចរបស់ពលករខ្មែរយើង នៅប្រទេសថៃ ។
៣. ដោះលែងអ្នកទោសមនសិការ ស្តារលទ្ធិប្រជាធិបតេយ្យ និងលើកតម្លៃមុខមាត់ជាតិកម្ពុជាយើង នៅលើឆាកអន្តរជាតិ ។
៤. ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ វិបត្តិការងារ និងបំណុលរបស់ប្រជាពលរដ្ឋខ្មែរយើង ។
ក្រុមប្រឹក្សាជាតិតស៊ូ (CNRC) យល់ស្របលើវិធីដែលយើងខ្មែរគ្រប់ភាគីនយោបាយ ត្រូវបើកចិត្តឲ្យទូលាយ ចៀសវាងការរើសអើងក្រុមបក្ខពួក និន្នាការនយោបាយ និងបើកផ្លូវទៅរកការពិភាក្សាគ្នា ក្នុងចំណោមគ្រួសារខ្មែរ ដើម្បីបញ្ចប់ជម្លោះនយោបាយ និងរួមគ្នាដោះស្រាយគ្រប់បញ្ហាជាតិយើងជាមួយគ្នា តាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ“ ។
បន្ថែមលើសេចក្ដីថ្លែងការណ៍ ខាងលើនេះ លោកគឹម សុខ អ្នកនាំពាក្យប្រឹក្សាជាតិតស៊ូ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថា ក្រុមរបស់លោក ត្រៀមខ្លួនជានិច្ចក្នុងការចរចាជាមួយខ្មែរ គ្រប់ភាគីនយោបាយ ។

លោកគឹម សុខ បានមានប្រសាសន៍ថា “យើងខ្ញុំ ក្រុមប្រឹក្សាជាតិតស៊ូ (CNRC) ត្រៀមខ្លួនជានិច្ច ទៅកាន់តុចរចាជាមួយខ្មែរ គ្រប់ភាគីនយោបាយ ដើម្បីផ្សះផ្សា បង្រួបបង្រួមជាតិ និងរួមគ្នាដោះស្រាយវិបត្តិជាតិ“ ។
ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៉ី និងជាសមាជិកក្រុមប្រឹក្សាជាតិតស៊ូ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថា ដល់ពេលដែលខ្មែរ ត្រូវរួបរួមគ្នាហើយ ព្រោះបើមិនរួមគ្នាទេ គឺមិនអាចមានកម្លាំងខ្លាំងក្លាដើម្បីទប់ស្កាត់ការឈ្លានពីសំណាក់ប្រទេសជិតខាង ជាពិសេសប្រទេសថៃ នោះទេ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ដល់ពេលដែលត្រូវខ្មែរ រួបរួមគ្នាហើយ ដើម្បីដោះស្រាយបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ពលករអីមកស្រុកខ្មែរ អត់មានការងារធ្វើ អត់មានលុយសងបំណុលអីហ្នឹង ជាពិសេសគឺរួបរួមគ្នាដើម្បីប្រឆាំងទៅនឹងការឈ្លានពានរបស់ថៃ របស់បរទេសជិតខាងហ្នឹង ហើយដើម្បីមានការរួបរួមគ្នាបាន បង្រួបបង្រួមជាតិបាន ទាល់តែមានការដោះលែងអ្នកទោសនយោបាយ លោកកឹម សុខា អីហ្នឹង ហើយនិងបើកលំហប្រជាធិបតេយ្យ រៀបចំបោះឆ្នោតដោយសេរីនិងយុត្តិធម៌ អាហ្នឹងទើបមានការរួបរួមពិតប្រាកដ ។ បើមិនរួមគ្នាទេ គឺមិនអាចមានកម្លាំងខ្លាំងក្លា ដើម្បីទប់ស្កាត់ការឈ្លានពីសំណាក់ប្រទេសជិតខាង ជាពិសេសប្រទេសថៃ នោះទេ ។ អ៊ីចឹងឲ្យមេដឹកនាំ លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ហ្នឹង ធ្វើម៉េចជំហានដំបូង ដោះលែងអ្នកទោសនយោបាយសិនទៅ វាអាចឈានទៅដល់ការបង្រួបបង្រួមជាតិមួយ ដើម្បីការពារទឹកដីខ្មែរយើង ។ យើងត្រូវការគ្រប់និន្នាការនយោបាយ ដើម្បីចូលរួមក្នុងការដោះស្រាយបញ្ហាជាតិសំខាន់ៗ ហើយនិងប្រឆាំងទៅនឹងការឈ្លានពានពីសំណាក់ប្រទេសថៃ“ ។

ជុំវិញការអំពាវនាវរបស់ក្រុមប្រឹក្សាជាតិតស៊ូ របស់លោកសម រង្ស៊ី ខាងលើនេះ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកវិភាគនិងអ្នកតាមដានសង្គម នយោបាយមួយចំនួន ចាប់អារម្មណ៍គាំទ្រ និងជំរុញឲ្យអ្នកនយោបាយប្រឆាំង និងបក្សកាន់អំណាច ជួបជជែកគ្នាដើម្បីដោះស្រាយបញ្ហារួម គឺបញ្ហាព្រំដែន អធិបតេយ្យ បូរណភាពទឹកដី ដែលកំពុងរងការរំលោភបំពានពីប្រទេសជិតខាង ។
លោកសេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងអ្នកវិភាគតាមដានសង្គម បានលើកឡើងតាមគណនីហ្វេសប៊ុក របស់លោកថា “ក្រុមលោក សម រង្ស៊ី បានបង្ហាញពីសញ្ញាណវិជ្ជមាន និងជំហរសម្របសម្រួលហើយ ពេលនេះវាស្ថិតលើសម្តេចតេជោ និងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់បានការបង្រួបបង្រួមជាតិដែរឬទេ? សង្ឃឹមថា អ្នកនយោបាយ ទម្លាក់ចោលគំនុំគុំកួន ហើយបែរមកតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាគ្រប់ទិស ៖ ការរំលោភបំពានពីប្រទេសជិតខាង អស្ថិរភាពសកល សង្គ្រាមនៅមជ្ឈិមបូព៌ា សេដ្ឋកិច្ចសកលកំពុងដាំក្បាលចុះ និងបញ្ហាផ្ទៃក្នុងកម្ពុជា ជាច្រើនទៀត“ ។

លោកវ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថា ការចង់បានការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ការឯកភាពជាតិ វាហាក់ដូចជានៅឆ្ងាយដូចជើងមេឃ ហើយយើងបានឮត្រឹមជាវោហារសព្ទនយោបាយ នៃអ្នកនយោបាយតែប៉ុណ្ណោះ ប៉ុន្តែការពិតជាក់ស្ដែង មិនទាន់បានកើតឡើងទេ នៅក្នុងបរិបទនយោបាយនៃប្រទេសកម្ពុជា ។ ដូច្នេះគណបក្សប្រជាជនកម្ពុជា អាចធ្វើឲ្យសុបិននេះ ក្លាយជាការពិតបានគ្រប់ពេលវេលា តាមរយៈការអធ្យាស្រ័យផ្នែកនយោបាយ ឲ្យមានការដោះលែង ការលើកលែង ឬក៏ការបន្ធូរបន្ថយទោសសម្រាប់អ្នកទោសនយោបាយនៅកម្ពុជា ។
លោកវ៉ន ចាន់ឡូត បានមានប្រសាសន៍ថា “ការចង់បានការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ការឯកភាពជាតិ វាហាក់ដូចជានៅឆ្ងាយដូចជើងមេឃ ហើយយើងបានឮត្រឹមជាវោហារសព្ទនយោបាយនៃអ្នកនយោបាយតែប៉ុណ្ណោះ ប៉ុន្តែការពិតជាក់ស្ដែង មិនទាន់បានកើតឡើងទេ នៅក្នុងបរិបទនយោបាយនៃប្រទេសកម្ពុជា ។ ខ្ញុំមើលកូនសោគន្លឹះនៅចំពោះមុខនេះ គឺអ្នកកាន់អំណាច នៃគណបក្សប្រជាជនកម្ពុជា អាចធ្វើឲ្យសុបិននេះ ក្លាយជាការពិតបានគ្រប់ពេលវេលា តាមរយៈការអធ្យាស្រ័យផ្នែកនយោបាយ ឲ្យមានការដោះលែង ការលើកលែង ឬក៏ការបន្ធូរបន្ថយទោសសម្រាប់អ្នកទោសនយោបាយនៅកម្ពុជា ។ ទាំងអស់នេះ នឹងស្ដែងឲ្យឃើញកម្ពុជា ពិតជាបានចាត់វិធានការជាក់ស្ដែង ដើម្បីធ្វើឲ្យមាននូវការផ្សះផ្សាជាតិ ការឯកភាពជាតិ ហើយទាំងអស់នេះ គឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរ ចង់បាន ។ ក្នុងករណីនេះ ខ្ញុំមើលឃើញថា បើអ្នកកាន់អំណាចនៃគណបក្សប្រជាជនកម្ពុជា អាចធ្វើបាន នឹងទទួលបាននូវការសាទរ ការគាំទ្រថែមទៅទៀត ហើយក្ដីព្រួយបារម្ភដែលថាអាចនឹងមាននូវបញ្ហា ឬក៏បាតុភាពសកម្មណាមួយកើតឡើងក្រោយពីការអធ្យាស្រ័យផ្នែកនយោបាយនោះ ខ្ញុំមើលមិនឃើញសកម្មភាពទាំងអស់ហ្នឹង អាចនឹងកើតឡើងបានទេ ពីព្រោះគ្រប់អ្នកនយោបាយទាំងអស់ធ្វើអ្វីមួយលុះត្រាតែមានការគាំទ្រពីប្រជាពលរដ្ឋ ចុះបើក្នុងករណីដែលពលរដ្ឋសម្រេចចិត្តមកគាំទ្រ មកសាទរទៅដល់ចំណាត់ការរបស់អ្នកកាន់អំណាចហើយ ពិតណាស់ គឺនឹងមិនអាចមានសកម្មភាពជាហិង្សា ឬក៏បាតុភាពអវិជ្ជមានអីកើតឡើងនៅក្នុងសង្គមកម្ពុជា បានទៀតទេ” ។

លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថា ជាការពិតហើយ កម្ពុជា យើងដល់ពេលវេលាសម្រាប់រួបរួមគ្នា ឯកភាពគ្នាហើយ ស្របតាមកថាខណ្ឌទី៣ នៃបុព្វកថារបស់រដ្ឋធម្មនុញ្ញ ហើយត្រូវផ្សះផ្សាស្មារតីជាតិ តទល់ជាមួយនឹងប្រទេសជិតខាងដែលកំពុងតែមានមហិច្ឆតាឈ្លានពានកម្ពុជា ធ្វើឲ្យយ៉ាងណាកុំឲ្យបាត់ស្មារតីជាតិ ។
លោកម៉ែន ណាត បានមានប្រសាសន៍ថា “ជាការពិតហើយ កម្ពុជាយើង វាដល់ពេល ដល់វេលាសម្រាប់រួបរួមគ្នា ឯកភាពគ្នាហើយ ស្របតាមកថាខណ្ឌទី៣ នៃបុព្វកថារបស់រដ្ឋធម្មនុញ្ញ ល្មមសមហេតុសមផលហើយ ដែលកម្ពុជាត្រូវផ្សះផ្សាចិត្តខ្មែរនិងខ្មែរ ខណៈដែលកម្ពុជាកំពុងតតាំងក្ដីជាមួយនឹងប្រទេសថៃ លើសំណុំរឿងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ហើយនៅមានជម្លោះរ៉ាំរ៉ៃច្រើនទៀត រឿងអស់នេះ ប៉ុន្តែជាការពិតដល់ពេល ដល់វេលាហើយ គួរតែរួបរួម ហើយខ្ញុំមើលទៅក្រុមលោកសម រង្ស៊ី ក៏មានចិត្តចង់រួបរួមដែរ តែគន្លឹះនយោបាយ វាមិនមែននៅលើក្រុមក្រៅរដ្ឋាភិបាលទេ អ្នកដែលចងបញ្ហា គឺរដ្ឋាភិបាលបច្ចុប្បន្ន គឺលោកហ៊ុន សែន អ្នកដែលចងបញ្ហា ។ អ៊ីចឹងគួរតែលោកហ៊ុន សែន ជាអ្នកស្រាយបញ្ហា គឺមានន័យថា ហៅខ្មែរគ្រប់ច្រកល្ហកហ្នឹង មករួបរួមស្មារតីជាតិ មិនមែនរួបរួមបក្សទេ មិនមែនដូចកន្លងទៅ លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត និយាយពីការរួបរួមផ្សះផ្សាទឹកចិត្តហ្នឹង ស្ដាប់មួយភ្លែតទៅ ដូចជាអំពាវនាវឲ្យមានការរួបរួមជាតិអ៊ីចឹង តែតាមពិតទៅ គាត់គ្មានទេ គឺលោកហ៊ុន សែន ដាច់អហង្ការ គឺរួបរួមបក្ស ឲ្យគេ ឲ្យឯងហ្នឹងចូលរួមជាមួយគណបក្សគាត់ទៅ ឬបើមិនចូលក៏បានដែរ តែចុះចូល ឈប់ប្រឆាំង ឈប់តវ៉ាជាមួយគ្នាទៅ ឈប់រិះគន់គាត់ អាហ្នឹងគាត់ហៅថារួមបក្ស ជួយគណបក្ស ជួយការពារបក្សកាន់អំណាច ក្នុងន័យអ៊ីចឹង តែគ្មានន័យថា បង្រួបបង្រួមស្មារតីជាតិទេ“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ អ៊ីចឹងហើយយើងចង់សម្រួលស្ថានការណ៍ហ្នឹងឲ្យលោកហ៊ុន សែន កុំយកអាបញ្ហាបក្សជាធំ ត្រូវយកជាតិជាធំ ព្រោះគណបក្សហ្នឹងអាចរលាយ អាចនៅ អាចឈ្នះឆ្នោត អាចចាញ់ឆ្នោត គឺវាមិនទៀងទាត់ទេ វាមិនដូចជាតិទេ ។ ជាតិកាលណាបាត់បង់ហើយ គឺបាត់រហូត ដូចករណីកម្ពុជាក្រោម យើងពិបាកទាមទារមកវិញណាស់ ដូចករណីខេត្តមួយចំនួនបាត់ទៅប្រទេសថៃ ទឹកដីសុរិន្ទ ទឹកដីស៊ីសាកេត ទឹកដីអីផ្សេងៗដែលថែគ្រប់គ្រងមកដល់បច្ចុប្បន្នហ្នឹង យើងទាមទារមកវិញអត់បានទេ អាហ្នឹងក្នុងប្រវត្តិសាស្រ្តវាអ៊ីចឹង ។ អ៊ីចឹងហើយបានគេមិនឲ្យបាត់ជាតិហ្នឹង គណបក្សអាចបាត់បាន តែជាតិមិនអាចបាត់បានទេ ។ អ៊ីចឹងហើយត្រូវផ្សះផ្សាស្មារតីជាតិ តទល់ជាមួយនឹងប្រទេសជិតខាងដែលកំពុងតែមានមហិច្ឆតាឈ្លានពានកម្ពុជា ។ កាលណាយើងផ្សះផ្សាបានហើយ ទឹកចិត្តប្រជាពលរដ្ឋខ្មែរស្រុះស្រួលគ្នាហើយ គឺអន្តរជាតិហ្នឹងក៏គេបន្ធូរបន្ថយពន្ធដែរ ដូចជាការកែសម្រួលស្ថានការណ៍សិទ្ធិមនុស្ស ការកែសម្រួលប្រព័ន្ធបោះឆ្នោត ការកែសម្រួលប្រព័ន្ធយុត្តិធម៌ ការកែសម្រួលអីផ្សេងៗហ្នឹងអាចធ្វើបានទាំងអស់ ឲ្យតែស្មារតីជាតិហ្នឹងវាស្រុះស្រួលគ្នា ។ អ៊ីចឹងការជជែកនឹងអាចកើតឡើងហើយ ឲ្យតែមានស្មារតីជាតិ តែបើមានស្មារតីបក្សហ្នឹង បញ្ហាកម្ពុជាស្រាយមិនចេញទេ ដូចបច្ចុប្បន្នហ្នឹង ហើយនៅតែមានវិវាទទំនាស់ផ្ទៃក្នុងជាតិហ្នឹង គឺថាមិនស្រួលដោះស្រាយទេ ។ ប៉ុន្តែមិនស្រួលដោះស្រាយហ្នឹង សំដៅលើគណបក្សកាន់អំណាច ដែលមិនព្រមបន្ធូរបន្ថយស្ថានការណ៍ ដែលមិនព្រមសម្រួលស្ថានការណ៍ ។ អាហ្នឹងយើងមើលឃើញជាក់ស្ដែងអ៊ីចឹង យើងអត់មានចង់ស្ដីបន្ទោសអ្នកណាទេ តែសុំឲ្យសម្រួលទៅ ទាំងអស់គ្នាទៅ ខ្មែរនឹងអាចរស់នៅជាសុខជាមួយគ្នាហើយ ទៅថ្ងៃក្រោយនោះ យើងចាប់គិតពីឥឡូវហ្នឹងទៅ“ ។
ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការចេញសេចក្ដីថ្លែងការណ៍របស់លោកសម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ ចង់ឲ្យមានការបង្រួបបង្រួមជាតិគ្រប់និន្នាការនយោបាយនោះ គ្រាន់តែចង់សសៀរចូលស្រុកវិញតែប៉ុណ្ណោះ តែមិនអាចមានឱកាសមកជាន់ដីកំណើតរបស់ខ្លួនទៀតទេ ព្រោះគណបក្សកាន់អំណាច រក្សាជំហរច្បាស់ហើយ មិនចរចាជាមួយទេ ទោះបីលើកហេតុផលក្នុងលក្ខខណ្ឌសុំចរចាប៉ុន្មានចំណុចក៏ដោយ ។
លោកសុខ ឥសាន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” ថា “នៅពេលដែលកម្ពុជា កំពុងមានទំនាស់ជាមួយថៃ រឿងព្រំដែន ទណ្ឌិតជ្រុលនិយម សម រង្ស៊ី ចង់ឆ្លៀតមកចូលស្រុក មកៗទៅ តែត្រូវជាប់ខ្នោះ ។ រាជរដ្ឋាភិបាលកម្ពុជា អត់ត្រូវការជនក្បត់ជាតិ ឬសំរាម មកបាំងភ្នែកទេ មនុស្សនេះនិងបក្ខពួកមួយក្តាប់តូច ជាអ្នកបំផ្លាញជាតិ។ នៅកម្ពុជា អត់មានលំហនយោបាយសម្រាប់ក្រុមជនក្បត់ជាតិជ្រុលនិយមទេ បើហ៊ានមក ដឹងតែជាប់ខ្នោះហើយ។ ទណ្ឌិតមេឧទ្ទាមជ្រុលនិយមនិងបក្ខពួក គឺជាសំរាមនយោបាយដែលគ្មានតម្លៃឬទាល់តែសោះ ការយកក្រុមឧទ្ទាមជ្រុលនិយមទៅត្បៀតក្លៀក នាំឲ្យខាតបង់ផលប្រយោជន៍។ ទណ្ឌិតមេឧទ្ទាមជ្រុលនិយម ទៅនៅកន្លែងណា កន្លែងនោះតែងតែវិនាសអន្តរាយ។ ដូច្នេះគ្មានប្រទេសណាទទួលយកក្រុមក្បត់ជាតិមួយនេះទេ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គមខាងលើនេះ លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ថា “យើងទាំងអស់គ្នាដឹងហើយថា ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនៅក្រៅប្រទេស ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិសម រង្ស៊ី ហ្នឹង ជាអង្គការចាត់តាំងខុសច្បាប់ ហើយទណ្ឌិតសម រង្ស៊ី ក្បត់ជាតិហ្នឹង គឺជាទណ្ឌិតដែលមានសាលក្រម សាលដីការបស់តុលាការហើយ ហើយជាប់គុករហូតដល់ជាង១៦០ឆ្នាំឯណោះ ។ អ៊ិចឹងទេការនិយាយរបស់មេឧទ្ទាមក្រៅច្បាប់នេះ វាគ្រាន់តែជាកាយវិការសសៀរៗចង់ចូលស្រុកទេ ចង់ឲ្យមានការបង្រួបបង្រួម ។ អ៊ីចឹងទេរបស់ដែលហៅថាក្រៅច្បាប់ ខុសច្បាប់ហើយ វាអត់មានអ្នកណាទទួលស្គាល់ទេ ។ គណបក្សកាន់អំណាចគឺអត់មានទទួលស្គាល់ អត់មានយកចិត្តទុកដាក់ជាមួយក្រុមឧទ្ទាមក្រៅច្បាប់ទេ ទោះអ្នកឯងបង្កើតអង្គការចាត់តាំងស្អីក៏ដោយ ដូចជាយាយហួរ បង្កើតរបស់ដែលហៅថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ឬក៏ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែលបង្កើតរបស់ដែលហៅថា ក្រុមប្រឹក្សាជាតិតស៊ូអីហ្នឹង គឺយើងមិនទទួលស្គាល់ទេ ហើយអន្តរជាតិណាក៏គេអត់ទទួលស្គាល់ដែរ មនុស្សហ្នឹងវាឯកោទៅហើយ ។ អ៊ីចឹងចង់សសៀរៗមក នៅពេលដែលខ្មែរយើងមានទំនាស់ជាមួយថៃអីហ្នឹង គឺថាពួកហ្នឹងហើយ ដែលគាំទ្រថៃ វ៉ៃប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាទៅវិញ ។ ដូច្នេះការនិយាយរបស់ទណ្ឌិតក្បត់ជាតិហ្នឹង វាគ្រាន់តែជាការឆ្លៀតឱកាសដើម្បីសសៀរៗចង់បានចូលស្រុកតែប៉ុណ្ណោះទេ ក៏ប៉ុន្តែគំនិតរបស់ពួកហ្នឹង គឺមិនអាចទទួលយកបានពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទេ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ ចំពោះហេតុផល ៤ចំណុច ដែលគាត់បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិតស៊ូ របស់គាត់នោះ ខ្ញុំសុំបញ្ជាក់ថា ប៉ុន្មានចំណុចក៏ដោយ ក៏មិនបាច់ពួកហ្នឹងចូលរួមទេ ក៏រាជរដ្ឋាភិបាលគណបក្សប្រជាជន អាចដោះស្រាយបានដែរ ។ ឥឡូវនេះពលករយើងកំពុងតែធ្វើដំណើរចូលមកក្នុងស្រុក ហើយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ហើយរកវិធីដើម្បីដោះស្រាយការងារជូនបងប្អូនហើយ អត់មានបញ្ហាទេ គ្រប់ខេត្ត គ្រប់ក្រុងដែលមានវិនិយោគបរទេសមកហ្នឹង សុទ្ធតែជាទីផ្សារពលកម្មសម្រាប់បងប្អូនពលករយើងដែលមកពីថៃ ហ្នឹងឯង អត់មានបញ្ហាអីទេ ហើយបញ្ហាសេដ្ឋកិច្ចកម្ពុជា ទោះបីថា មានទំនាស់ជាមួយថៃ ក៏វាអត់មានប៉ះទង្គិចអីធ្ងន់ធ្ងរដែរ ។ ចំពោះអ្នកទោស គឺអ្នកទោសហើយ ហើយមានសាលក្រមតុលាការហើយ ចប់ហើយ អត់មានអ្នកទោសមនសិការទេ អត់មានអ្នកទោសនយោបាយទេ ។ អ៊ីចឹងទេ យើងដឹងថា គំនិតទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិហ្នឹង អាហ្នឹងសុំចូលមកជ្រកកោនហើយ គឺចង់ដាក់លក្ខខណ្ឌទៅទៀត ។ ឥឡូវបើពួកែ សុំឲ្យប្រកាសរំសាយចោលអង្គការចាត់តាំងដែលខ្លួនបង្កើតតាំងពីមុនមក តាំងពីនៅរត់ចោលស្រុកហ្នឹង ប្រកាសឲ្យច្បាស់ទៅ អាហ្នឹងគឺអាចថាមានវាសនាបានមកជិតប្រទេសខ្លះ អាហ្នឹងអ៊ីចឹង ។ ឥឡូវហ្នឹងទោះបីថា យើងមានទំនាស់ជាមយយថៃ ក៏ប៉ុន្តែពួកហ្នឹងអត់ហ៊ានចូលថៃ ទេ ពីមុនមក ថាឲ្យតែមានបញ្ហាអី ពួកហ្នឹងសង្ឃឹមថាបានចូលថៃ ហើយ ឥឡូវអត់ហ៊ានទេ“ ៕ កុលបុត្រ