Thursday, June 26, 2025
Homeតារាខ្មែរភីយ៉ា សម្រាលកូនប្រុស

ភីយ៉ា សម្រាលកូនប្រុស

ភ្នំពេញ ៖ តារាសម្ដែង រិន បុផា ហៅភីយ៉ា បានសម្រាលកូនប្រុស កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានតារារួមអាជីពផ្ញើសារជូនពរជាបន្ដបន្ទាប់។ តាមប្រភពតារាដែលជិតស្និទ្ធភីយ៉ា ដែលទៅសួរសុខទុក្ខនាងផ្ទាល់ នៅមន្ទីសម្ភព បានឲ្យដឹងថា ភីយ៉ា និងកូន មានសុខភាពល្អដូចគ្នា ប៉ុន្ដែនាងមិនទាន់កំណត់ថ្ងៃមក សម្រាកនៅផ្ទះវិញទេ ។ ចំណែកស្វាមីភីយ៉ាលោកមេធាវី អ៊ុំ រតនា ដែលទៅមើលថែភរិយាសម្រាលកូន ដោយផ្ទាល់នោះ បង្ហាញអារម្មណ៍រំភើប តាំងពីមុនបានឃើញមុខកូនប្រុសម៉្លេះ ហើយមុនភរិយាសម្រាលកូន មួយថ្ងៃ លោកបានស្នើសុំឲ្យមិត្តភក្ដិជួយដាក់ឈ្មោះកូនលោកទៀតផង។

គួររំលឹកថា អ្នកនាងភីយ៉ា បានរៀបការជាមួយលោកមេធាវី អ៊ុំ រតនា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយក្រោយមានស្វាមី នាងនៅតែបន្ដអាជីពសម្ដែងជាធម្មតា ខណៈដែលផលិតករភាគច្រើន តែងឲ្យនាងធ្វើជាតួកាច ។ ប៉ុន្ដែភីយ៉ា អាចសម្ដែងតួស្លូតក៏បាន ទៅតាមអ្នកដឹកនាំរឿងចង់បាន ហើយនាងក៏ជាតារាបង្ហាញម៉ូដ និងពិធីការិនីម្នាក់ផងដែរ ។

ប្រភពបានឲ្យដឹងថា ស្វាមីភីយ៉ា ស្រលាញ់នាងខ្លាំង ពិសេសកាន់តែថ្នាក់ថ្នមនាងលើសដើម តាំងពីនាងមានផ្ទៃពោះ តែលោកមិនចេះហួងហែងភរិយាលេងសិល្បៈឡើយ។ចំណែកភីយ៉ា ក៏មិនប្រកាន់ចរិតតួឯកដែរ ពោលគឺតួបែបណាក៏នាងលេងដែរ ឲ្យតែអ្នកដឹកនាំរឿងត្រូវការ។ យ៉ាងណា បន្ទាប់ពីសម្រាលកូនរួច ភីយ៉ា អាចនឹងបាត់មុខជាច្រើនខែ ពីអាជីពសិល្បៈ ទាល់តែនៅចុងឆ្នាំ២០២៥ ទើបអាចវិលមកប្រឡូកវិញ ។

 ក្រៅពីភីយ៉ា តារាដែលទើបសម្រាលកូននៅឆ្នាំ២០២៥ មានអ្នកនាងសារ៉ាយ សក្ខណា ដែលនៅបន្ដអាជីពសិល្បៈដូចគ្នា ទោះជាក្លាយទៅជាម្ដាយគេដូចគ្នាក្ដី ។ សម្រាប់ភីយ៉ា តាំងពីចាប់ដៃលោកមេធាវី អ៊ុំ រតនា មក នាងរស់នៅក្នុងកម្រិតជីវភាពធូរធារ មានផ្ទះនិងរថយន្ដទំនើបជិះ មិនចាញ់តារាល្បីៗដទៃទៀតទេ ។

 គួរបញ្ជាក់ថា មុនសម្រាលកូន ភីយ៉ា ធ្លាប់ប្រាប់ថា ក្នុង១ឆ្នាំ នាងទទួលថតតែ ២រឿងប៉ុណ្ណោះ ហើយមុនពពោះ នាងលេចមុខក្នុងភាពយន្ដ របស់ PNN «ហ្គេមជីវិត» និងរឿង «មរណមាតា» ជាដើម ។ ប្រភពបានឲ្យដឹងថា ទោះជាស្វាមីបានបើកដៃឲ្យលេងសិល្បៈតាមចិត្តចង់មែន ប៉ុន្ដែលោកមេធាវី បានហាមភរិយា មិនឲ្យនាងលេងឈុតស្នេហាស្រើបស្រាលខ្លាំងនោះទេ ព្រោះលោកក៏ជាមនុស្សមានមុខមាត់ម្នាក់ក្នុងសង្គម ហេតុនេះមិនចង់ឲ្យគេនិយាយប៉ះពាល់ប្រពន្ធ។ ជាង២ឆ្នាំ ក្រោយភីយ៉ា មានស្វាមីនេះ ជីវិតនាងរស់នៅយ៉ាងសុខសាន្ដជាមួយស្វាមីដែលយល់ចិត្ត ពិសេសកាន់តែមានភាពកក់ក្ដៅថែមទៀត បន្ទាប់ពីទទួលបានចំណងដៃកូនប្រុស១ ដូចបំណង ៕

RELATED ARTICLES