សហរដ្ឋអាមេរិក ៖ អតីតតារាចម្រៀងនិងសម្ដែង អ្នកនាងអ៊ុន អាលីហ្សា ត្រៀមសម្រាលកូនទី២ នៅខែកក្កដា ឆ្នាំ២០២៥ នេះហើយ ក្រោយកូនស្រីទី១ អាយុជាង៤ឆ្នាំ ។ អាលីហ្សា បង្ហាញអារម្មណ៍រំភើប ព្រោះជិតបានឃើញមុខកូន ហើយនាងហៅកូនទី២ ថា «កូនពៅ» ។

អ្នកយកព័តមានយើងបានទាក់ទងទៅអាលីហ្សា ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក ជាមួយស្វាមី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ហើយត្រូវបាននាងនិយាយយ៉ាងខ្លីថានាងកំពុងជាប់ដៃនៅហាងនំដូណាត់ របស់នាង ទើបមិនអាចផ្តល់សម្ភាសដល់ «នគរធំ» បានទេ។

សូមបញ្ជាក់ថា អាលីហ្សា បានរៀបការជាមួយលោក លី ឃាំង អ្នកជំនួញមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ។ អាលីហ្សា សម្រាលកូនស្រីឈ្មោះជេនណាលី សូ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ដែលពេលនោះ នាងសម្រាលកូនដោយគ្មានប្ដីនៅក្បែទេ ព្រោះប្ដីកំពុងរស់នៅអាមេរិក ឯនាងនៅស្រុកខ្មែរ និងកំពុងផ្ទុះកូវីដ។ នៅឆ្នាំ២០២១ អាលីហ្សា បាននាំកូនស្រី ចេញទៅរស់នៅអាមេរិក តាមស្វាមី ប៉ុន្ដែរឿងដែលនាងខ្លោចផ្សានិងឈឺចាប់បំផុតនោះ គឺម្ដាយនាងកំពុងរស់នៅស្រុកខ្មែរ លោកស្រី ចាន់ថន វ័យ៧០ឆ្នាំ បានទទួលមរណភាពនៅខែធ្នូ ឆ្នាំ២០២១ ហើយនាងមិនអាចមកជួបមុខម្ដាយជាលើកចុងក្រោយបានទេ ព្រោះពេលនោះកូវីដ កំពុងផ្ទុះខ្លាំង ។ តាំងពីទៅរស់នៅស្រុកគេ តាមប្ដីមក អាលីហ្សា មិនទាន់បានមកលេងស្រុកទេ ព្រោះនាងជាប់មើលខុសត្រូវហាងអាហារ និងហាងនំដូណាត់ នៅអាមេរិក ហើយនៅប៉ុន្មានថ្ងៃទៀតនេះ នាងនឹងសម្រាលកូនទី២ ដែលតាមព័តមានថា ទាំងរូបនាងនិងប្ដី សុទ្ធតែចង់បានកូនប្រុសដូចគ្នា ។

គួរកត់សម្គាល់ថា ក្រៅពីអាលីហ្សា តារាដែលយកស្វាមីជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក មានដូចជា អ្នកនាងអម្ពរ ទេវី, គឹម លក្ខិណា, វ៉េត រតនា សារ៉ាយ សក្ខណា និងសុគន្ធ និសា ជាដើម តែក្នុងចំណោមនោះ មានតែអ្នកនាងសុគន្ធ និសា និងសារ៉ាយ សក្ខណា ដែលនៅបន្ដអាជីពចាស់ រហូតមកដល់បច្ចុប្បន្ន ។ សម្រាប់អាលីហ្សា នាងបានបោះបង់អាជីពសិល្បៈ តាំងពីក្រោយរៀបការរួច ហើយដោយសារតែមានស្វាមីជាអ្នកជំនួញហេតុនេះអតីតតារាវ័យ៣៩ឆ្នាំរូបនេះ នឹងមិនអាចវិលមកច្រៀងនិងសម្ដែងភាពយន្ដ ដូចមុនឡើយ ។ ប៉ុន្តែអាលីហ្សា អាចនឹងត្រូវស្វាមីជំរុញឲ្យរកស៊ី ដោយអាចពង្រីកអាជីវកម្មថ្មីមួយ នៅស្រុកខ្មែរ នាពេលខាងមុខ ក្រោយពេលនាងសម្រាលកូនទី២។

មហាជនចាប់អារម្មណ៍ថា អាលីហ្សា បានស្វាមីក្មេងជាងនាង ដល់ទៅ៥ឆ្នាំ ពោលគឺនាងស្ថិតក្នុងចំណោមតារាដែលយកប្ដីក្មេង ដូចគ្នាទៅនឹងអ្នកនាង គង់ សុជាតិ, ខាត់ សុឃីម និងប៉ាច គីមមួយ ជាដើម ។ ប៉ុន្តែអាលីហ្សា បានផ្ដាច់ខ្លួនទាំងស្រុងពីអាជីពចាស់ និងអ្នកធ្លាប់រួមអាជីព ហើយនាងធ្លាប់ប្រាប់អ្នកកាសែតថា ចង់បានកូន៣ ហេតុនេះនឹងតាមយកកូន១ទៀត នាឆ្នាំខាងមុខ ទោះជានាងថា កូនទី២ ជាកូនពៅដោយ ៕


