Friday, July 4, 2025
Homeព័ត៌មានជាតិសម្ដេច ជា ស៊ីម ឈរញញឹម នៅសាកលវិទ្យាល័យជាតិខេត្តព្រៃវែង

សម្ដេច ជា ស៊ីម ឈរញញឹម នៅសាកលវិទ្យាល័យជាតិខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ សំណាកសម្ដេច ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឈរតម្កល់ក្នុងបុស្បុក នៃបរិវេណសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ត្រូវបានក្រុមគ្រួសារសម្ដេច តំណាងដោយលោកស្រី ញ៉ែម សាខន សម្ដេចសខេង ព្រមទាំងលោកបណ្ឌិត ស សុខា និងលោកស្រី បានអញ្ជើញប្រារព្ធពិធី សម្ពោធ ក្នុងឱកាសនៃពិធីបុណ្យរំលឹកខួបជូនសម្ដេច និងភរិយា ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា កាលពីជាង១០ឆ្នាំមុន សម្ដេច ជា ស៊ីម កំពុងឋិតក្នុងវ័យជរា និងយាយីដោយរោគា តាមដំណើរធម្មជាតិនៃសត្វលោក ដូចព្រះពុទ្ធដីកា មានរូប មានទុក្ខ ជរា ព្យាធិ និងមរណៈ ទោះបីមានសុខភាពទ្រុឌទ្រោម ពឹងអាស្រ័យការធ្វើដំណើរដោយមានជំនួយពីរទេះរុញ ក៏សម្ដេច ជា ស៊ីម នៅតែមានកម្លាំងចិត្តមិនថមថយ ដោយសម្ដេច បានធ្វើដំណើរមកពិនិត្យវឌ្ឍនភាពនៃការអប់រំបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យកំចាយមារ ដែលសម្ដេចផ្ទាល់ បានផ្ដួចផ្ដើមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ព្រមទាំងសប្បុ រសជន និងអង្គការម្ចាស់ជំនួយ បង្កើតជាលើកដំបូង ក្នុងខេត្តព្រៃវែង ដែលជាទឹកដីកំណើតតស៊ូ។

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមគ្រួសារសម្ដេច ជា ស៊ីម  តំណាងដោយលោកស្រី ញ៉ែម សាខន សម្ដេច សខេង ព្រមទាំងលោកបណ្ឌិត ស សុខា និងលោកស្រី បានអញ្ជើញប្រារព្ធកិច្ចជយតុ សម្ពោធរូបសំណាកសម្ដេច ជា ស៊ីម ឈរតម្កល់ក្នុងបុស្បុក នៃបរិវេណសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ។ ពិធីនេះ បានរៀបចំក្នុងឱកាសនៃពិធីបុណ្យរំលឹកខួបជូនសម្ដេច និងភរិយា ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជាងមួយទសវត្សរ៍ បន្ទាប់ពីទទួលអនិច្ចកម្ម ឃ្លាតចាកមាតុភូមិ ក្រុមគ្រួសារនិងជនរួមជាតិ និងដោយឡែកឃ្លាតពីសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ វត្តមានរូបសំណាកសម្ដេច ជា ស៊ីម នាថ្ងៃនេះ មានអត្ថន័យបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សម្ដេច នៅឈរញញឹមជានិមិត្តរូបអមតៈ លើកទឹកចិត្តកូនចៅជំនាន់ក្រោយ ឱ្យខិតខំសិក្សារៀនសូត្រ ដ្បិតកាលពីជំនាន់សម្ដេច នៅរៀន តស៊ូ និងក្រោយការដួលរលំនៃរបបខ្មែរក្រហម តំបន់នេះ ជាមូលដ្ឋានក្រីក្រ និងលំបាកសិក្សារៀនសូត្រ។

ពាក់ព័ន្ធប្រវត្តិនៃការបង្កើតសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ សម្ដេច ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្លាប់បានមានប្រសាសន៍ថា “សម្ដេច ជា ស៊ីម កាលគាត់មានព្រះជន្ម គាត់បានចង្អុលសុំទៅអង្គការវេទមហាឫស្សី មានមូលដ្ឋាននៅប្រទេសអូស្រ្តាលី ដែលមិនសូវមានធនធានច្រើនប៉ុន្មានទេ តែមានឆន្ទៈ មានធនធានមនុស្ស មានគ្រូ និងមានកម្មវិធីសិក្សាល្អៗ។ សម្ដេច គាត់ចង្អុលឱ្យមកធ្វើសាលានៅកន្លែងហ្នឹង (សាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ) ហើយគ្នាក៏មកធ្វើមែន។ ធ្វើហើយ ដំណើរការតិកតក់ៗ ព្រោះមិនមានលុយដើម្បីធ្វើអគារល្អៗនៅឡើយ”។

បើតាមកំណត់ត្រាក្នុងសៀវភៅ «ទស្សនៈសម្ដេចក្រឡាហោម ស ខេង» ឆ្នាំ២០២២ រៀបរៀងដោយលោក រ៉េន រតនៈ នាពិធីសម្ពោធអគារសិក្សាសាលាបឋមសិក្សានៅឃុំបឹងព្រះ ស្រុកបាភ្នំ កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានរំលឹកថា “នៅពេលដំណើរការដំបូង ដោយអង្គការវេទមហាឫស្សី សាលានេះ មានសភាពខ្វះខាតខ្លាំង សូម្បីតែផ្ទះគ្រូ ក៏បាំងស្លឹកត្នោត ប្រក់ស្លឹកត្នោត ផ្ទះសិស្ស-និស្សិតស្នាក់នៅ ក៏ដូចគ្នា។ ចំណែកសាលសហសិក្សា ធ្វើពីដែកចាស់ៗ ប្រក់សង្កសី គ្មានក្រាលការ៉ូ ឬបេតុងអ្វីទេ រៀនលើដីតែម្ដង។ ឃើញវេទនាបែបនេះ ខ្ញុំក៏ចាប់ផ្ដើមជួយអគារមួយខ្នង ៧បន្ទប់។ ក្រោយមក អង្គការក៏សុំដកខ្លួន។ ខ្ញុំក៏សុំឱ្យទុកសាលាហ្នឹង ទុកឱ្យខ្ញុំជួយគាំទ្របន្ត ព្រោះសម្ដេច ជា ស៊ីម លោកខំផ្ដួចផ្ដើម និងជួយច្រើនឆ្នាំហើយដែរ”។

បន្តរំលឹកដល់សម្ដេច ជា ស៊ីម សម្ដេច ស ខេង ដែលត្រូវជាប្អូនថ្លៃ និងក៏ជាអតីតសហការីរួមចំណែកតស៊ូរំដោះជាតិ ជាមួយសម្ដេច និងថ្នាក់ដឹកនាំផ្សេងទៀត បានមានប្រសាសន៍ទាំងទឹកមុខស្រងូតស្រងាត់ អំពីវត្តមានចុងក្រោយរបស់សម្ដេច ជា ស៊ីម នៅសាកលវិទ្យាល័យនេះថា “កាលសម្ដេច ជា ស៊ីម លោកនៅមានព្រះជន្ម ខ្ញុំធ្លាប់បានអញ្ជើញគាត់ មើលសាលាហ្នឹងម្ដងដែរ តែកាលហ្នុង គាត់ជិះរទេះរុញទៅហើយ គាត់ឈឺធ្ងន់ហើយ តែគាត់បានមកមើលលើកចុងក្រោយ គាត់សប្បាយចិត្តគាត់ណាស់ ព្រោះយើងធ្វើឱ្យបានសមរម្យ សម្រាប់ជាកន្លែងអប់រំនៅជនបទ សម្រាប់កូនចៅយើងបានរៀនសិក្សារៀនសូត្រ”។

សូមបញ្ជាក់ថា បច្ចុប្បន្ន សាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ មានបរិវេណសិក្សាទំនើប រួមមានបណ្ណា ល័យ មន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលកុំព្យូទ័រ ដើម្បីគាំទ្រដល់ការសិក្សា និងការស្រាវជ្រាវរបស់និស្សិត។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សាជាច្រើនកម្រិតឧត្តមសិក្សា រួមមានកម្រិតបរិញ្ញាបត្រ និងអនុបណ្ឌិត ក្នុងវិស័យផ្សេងៗដូចជា កសិកម្ម គ្រប់គ្រងអាជីវកម្ម ការអប់រំ បច្ចេកវិទ្យាព័ត៌មាន និងសិក្សាសង្គម។ បច្ចុប្បន្ន សាកលវិទ្យាល័យ បានបង្កើតបន្ថែមនូវមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមកដល់បច្ចុប្បន្ន ដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ក៏បាននិងកំពុងគាំទ្រការរៀបចំទីតាំងសាកលវិទ្យាល័យ ទាំងមូល ឱ្យក្លាយជាមជ្ឈមណ្ឌលបណ្ដុះ បណ្ដាលគ្រប់កម្រិត ចាប់ពីថ្នាក់មតេយ្យ រហូតដល់ក្រោយឧត្តមសិក្សា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្តេច ស ខេង និងលោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាពនិងបណ្តុះបណ្តាលធុរកិច្ច នៅក្នុងបរិវេណសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ផងដែរ៕ ខៀវទុំ

RELATED ARTICLES