Thursday, August 7, 2025
Homeតារាខ្មែរខេម ចេញចម្រៀងត្រូវ

ខេម ចេញចម្រៀងត្រូវ

ភ្នំពេញ ៖ បទ «ឧត្តរមានជ័យ» របស់អ្នកស្រីម៉ៅ សារ៉េត ឈ្មោះដើមប៉ុល សារ៉ាន់  អ្នកចម្រៀងសម័យសង្គមរាស្រ្ដនិយម ទសវត្សឆ្នាំ១៩៥០ ដល់១៩៧០ នោះ ត្រូវបានគាស់កកាយឡើងវិញ ដោយមានតារាវ័យក្មេងជាច្រើន ច្រៀង Cover ព្រោះវាត្រូវទៅនឹងកាលអាកាស តថភាពសង្គមជាក់ស្ដែង ពេលកម្ពុជា កំពុងមានសង្រ្គាមឈ្លាន ពានដោយសៀម ពិសេសត្រង់ឃ្លានៃបទនេះ «ប្ដីគេទៅជួយ គេទួញអាណិត ប្ដីខ្ញុំប្ដូរជីវិត ឋិតនៅក្នុងដងព្រៃ…» ដែលបង្ហាញពីការរង់ចាំមើលផ្លូវប្ដី របស់ភរិយាវីរកងទ័ព ទៅច្បាំងជាមួយសត្រូវ។

ចំណែកបទសម័យបច្ចុប្បន្ន របស់តារាចម្រៀង លោកប៉ុន សុណារិន ហៅខេម «ឈាមខ្ញុំជាខ្មែរ» ក៏ត្រូវបានគេនិយមយកទៅប្រើនៅលើបណ្ដាញសង្គមច្រើន បើប្រៀបធៀបទៅនឹងបទផ្សេងទៀត ដែលតារាល្បីៗ បានចេញដែរ ព្រោះបទនេះក៏ឆ្លុះបញ្ចាំងពីប្រទេសជាតិបច្ចុប្បន្ន ដែលត្រូវចោរសៀមឈ្លានពានដែរ ។

ចំពោះលោកខេម និងភរិយាអ្នកនាងស្រីកា វិញបានចេញសារថ្កោលទោសសៀម រួមគ្នា ហើយលោកក៏សំណូមពរឲ្យក្រសួងពាក់ព័ន្ធ នាំបុគ្គលដែលឈ្លោះគ្នាលើបណ្ដាញសង្គមទៅអប់រំផងដែរ ដើម្បីកុំឲ្យបំពុលសង្គមព័ត៌មាន ពេលប្រទេសជាតិ កំពុងជួបបញ្ហា ។

 សូមបញ្ជាក់ថា ក្រៅពីខេម ក៏មានតារាចម្រៀងជាច្រើនដួងទៀត បានចេញបទចម្រៀងចំទៅនឹងទិដ្ឋភាពសង្គមពេលនេះ ដែលរងទុក្ខដោយសារចោរសៀម ក្នុងនោះមានដូចជាលោកខេមរៈ សិរីមន្ដ, ជ័យ សុវ៉ាត, ជូរី ល្អហួស និងអ៊ីវ៉ា ជាដើម ដែលតារាខ្លះច្រៀង Cover បទមរតកដើម។ សម្រាប់លោកខេម ធ្លាប់ចេញបទចម្រៀងជាច្រើន ពាក់ព័ន្ធប្រវត្តិថ្នាក់ដឹកនាំ ក្រោយពីលោកសុណារិន ទទួលបានការទុកចិត្តពេញចិត្តឲ្យលោកច្រៀងបទប្រវត្តិសម្ដេចហ៊ុន សែន ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។ ប៉ុន្ដែបទចម្រៀងសម័យវិញ គេនៅតែមិនអាចសន្និដ្ឋានបានទេថា តើលោកខេម លេខ២ ឬលេខ៣ នោះឡើយ នៅ Galaxy ព្រោះតាំងពីលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មកដល់ លោកសុណារិន ពិបាកដណ្ដើមភាពលេចធ្លោ ពិសេសលោកប៊ុនថៃ ដែលវាយលុកទីផ្សារចម្រៀងជាងគេនោះតែម្ដង ។ ប៉ុន្ដែអ្នកជំនាញសិល្បៈ បានលើកឡើងថា លោកខេម ស្ទីលច្រៀងស្អក តែពីរោះ ហេតុនេះទោះជាGalaxy ទិញតារាប្រុសណាចូលមកទៀត ក៏មិនប៉ះពាល់តំណែងរបស់លោកឡើយ ។

មានការកត់សម្គាល់ដែរថា លោកខេម ដែលជាទម្លាប់តែងតែដឹកដៃប្រពន្ធទៅដើរលេងនៅប៉ែកអឺរ៉ុប ហើយចេញទៅនៅខែធ្លាក់ភ្លៀង ព្រោះស្បើយពីការងារសិល្បៈនោះ ពេលនេះលោកពន្យារពេលទៅសប្បាយនៅបរទេស ព្រោះប្រទេសកំពុងមានសង្រ្គាម ខណៈដែលការឡើងឆាកច្រៀងសម្ដែងរបស់លោក ក៏ត្រូវផ្អាកទាំង ស្រុងដូចតារាល្បីៗមួយចំនួនទៀតដែរ ដោយសារតែចិត្តនៅជាប់កងទ័ពជូរមុខ មិនអាចឡើងឆាករាំ ច្រៀង ពេលនេះបានឡើយ ។ យ៉ាងណា សម្រាប់បទចម្រៀងសម័យ តាមព័តមានពីក្រុមការងារ Galaxy បង្ហើបថា ខេម បានថតបទចម្រៀងរួចជាច្រើនបទ តែផ្អឹបមិនទាន់ចេញ ព្រោះខ្លាចចេញទៅខុសពេលវេលា ។ ប្រភពនោះថា បទរបស់ខេម ក៏មានថតថ្មីៗសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែរ ប៉ុន្ដែមិនទាន់ដឹងថាចេញឬអត់នោះទេ ព្រោះរង់ ចាំមើលសភាពការណ៍នៅតាមព្រំដែនសិន។ Fan នៅតែចង់ឃើញលោកខេម ច្រៀងបទទាក់ទងសង្គម ឲ្យបានច្រើនថែមទៀត ជាជាងគេចាប់ដៃជាមួយ តន់ ច័ន្ទសីម៉ា ញឹកពេក នាំឲ្យគេសាំ ។ ប៉ុន្តែលោកសុណារិន ធ្លាប់និ យាយថា លោកមានមោទនភាពដែលបានច្រៀងចម្រៀងប្រវត្តិថ្នាក់ដឹកនាំ ស្របពេលដែលការចាប់ដៃគូ លោកថា ច្រៀងជាមួយតារាណាក៏បាន ឲ្យតែផលិតកម្មតម្រូវ និងថាបើច្រៀងជាមួយអ្នកមិនសូវល្បី ដូចជាបានធ្វើឲ្យគេមានទីផ្សារឡើងជាងមុនផងដែរ ៕

RELATED ARTICLES