ប្រទេសចិន ៖ ស្រីស្អាត មាន សូនីតា ស្លៀកសខោខ្លីស្ដើង បង្ហាញរាងយ៉ាងតូចច្រឡឹង ដោយចំហរន្ធផ្ចិត ប៉ុន្ដែនាងហាមគេ Zoom មើលទៅវិញ ដែលអ្នកបានឃើញជឿថា សូនីតា ខ្លាចគេឃើញរន្ធផ្ចិតនាងតែម្ដង ។ យ៉ាងណា សម្រស់របស់សូនីតា នៅតែជាទីគយគន់ បើទោះជាឆ្នាំនេះ នាងមានអាយុ៣៥ឆ្នាំ ទៅហើយក្ដី ។

មានការកត់សម្គាល់ថា ការចាប់ផ្ដើមបញ្ចេញសម្រស់របស់មាន សូនីតា នាពេលនេះ បន្ទាប់ពីនាងទើបហត់នឿយធ្វើមូលនិធិ «ខ្មែររួមចិត្តតែមួយ» ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹកនៅតាមព្រំដែន ហើយស្រីស្រស់បានបង្ហូរទឹកនេត្រា នៅពេលដែលទៅជួបផ្ទាល់វីរកងទ័ពរងបួស សម្រាកព្យាបាលនៅមន្ទីរពេទ្យ ខ្លះពិការជើង ដេកលើគ្រែពេទ្យ ។

សូនីតា ក៏ដូចជាតារាល្បីៗផ្សេងៗទៀតដែរ ចាប់ផ្ដើមធ្វើការងារសិល្បៈរបស់ខ្លួនឡើងវិញ ក្រោយអាក់ខានជិត ៣សប្ដាហ៍ ដោយសារសង្រ្គាមបង្កដោយសៀមឈ្លានពានទឹកដីកម្ពុជា ហើយការបញ្ចេញរន្ធផ្ចិតដ៏សិចស៊ីនា ពេលនេះ គឺតម្រូវទៅតាមថៅកែក្រុមហ៊ុនមួយ ដែលឲ្យនាងស្លៀកពាក់បែបនេះ ដើម្បីឲ្យត្រូវទៅនឹងផលិតផលរបស់ខ្លួន ។ ប៉ុន្ដែមិនមែនជាលើកទីមួយនោះទេ សម្រាប់សូនីតា ដែលលេងខ្លួនចំហរន្ធផ្ចិតនេះ ព្រោះកន្លងមក ពេលទៅលម្ហែនៅមាត់សមុទ្រ នាងតែងតែលេងឈុតប៊ីគីនី បញ្ចេញសាច់ មិនចាញ់តារាវ័យក្មេងផ្សេងៗទៀត ឡើយ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ សូនីតា បានហោះទៅដល់ទីក្រុងគ័ងចូវ ប្រទេសចិន ដើម្បីទៅភ្លក្សរសជាតិក្ងានខ្វៃ និងព្រាបរ៉ូទី នៅហាងចិនមួយ ដែលល្បីទទួលបានពានរង្វាន់។ សូនីតា ថានាងជក់ចិត្តជាងគេម្ហូបក្វានខ្វៃ រហូតហៅបាយថែម ខណៈដែលជាទម្លាប់នាង មិនសូវញ៉ាំបាយនោះទេ ។ នាងថា បានទៅប្រទេសចិន លើកនេះតែពីរនាក់ ប៉ុន្ដែមិនប្រាប់ថា ម្នាក់ទៀតដែលរួមដំណើរជាមួយនោះ ជាអ្នកណាឡើយ គ្រាន់តែថា ទៅលេងចិន រយៈពេល៤ថ្ងៃ ទើបវិលវិញ ។

គួរបញ្ជាក់ថា មាន សូនីតា ជាតារាចូលចិត្តទៅដើរលេងនៅក្រៅប្រទេស ជាបន្ដបន្ទាប់ ពោលគឺនៅខ្មែរ តិចជាងក្រៅស្រុក បើទោះជានាងមានមុខជំនួញដល់ទៅ៣ ផ្សេងគ្នា នៅក្នុងស្រុក គឺហាងកាហ្វេ, ហាងកាត់ដេរ និងហាងក្រមា ។ អ្វីដែលគួរឲ្យកត់សម្គាល់ សឹងតែរាល់លើកដែលនាងទៅបរទេស ភាគច្រើនគឺជិះយន្ដហោះកៅអី Business Class មិនខ្វល់ពីការចំណាយលុយឡើយ រហូតអ្នកខ្លះបានហៅនាងថា ជាតារាអភិជនទៀតផង ។ សូនីតា ធ្លាប់ប្រាប់ថា នាងមានកាលវិភាគសម្រាប់ការទៅដើរលេងនៅក្រៅស្រុក ហើយនាងទទួលស្គាល់ថាធ្លាប់បានទៅកម្សាន្ដនៅប្រទេស ទាំងក្នុងតំបន់អាស៊ី និងប៉ែកអឺរ៉ុប ជាច្រើនប្រទេសមកហើយ ។ នាងថា ពេល ឡើងដល់យន្ដហោះ នាងមានអារម្មណ៍ថា ភាពស្មុគស្មាញទាំងប៉ុន្មានត្រូវបានរំសាយអស់ ហេតុនេះហើយបានជានាងចូលចិត្តទៅដើរលេងនៅបរទេស ។

ប្រភពខ្លះថា ដំណើរទៅចិន របស់មាន សូនីតា លើកនេះ អាចជាការទៅសន្សំអនុស្សាវរីយ៍ស្នេហាជាមួយបុរស ជាគូស្នេហ៍លាក់មុខរបស់នាង បន្ទាប់ពីសូនីតា ធ្លាប់បញ្ចេញរូបភាពនាងត្រូវបុរសម្នាក់បំពាក់ចិញ្ចៀនពេជ្រ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅសួនត្រីក្រោមបាតសមុទ្រកែច្នៃ នាខេត្តសៀមរាប ប៉ុន្ដែនាងមិនព្រមបង្ហាញមុខប្រុសនោះជាចំហឡើយ ។ អតីត Freshie ឆ្នាំ២០០៩ រូបនេះ ធ្លាប់ប្រាប់អ្នកកាសែតថា នាងមានសង្សារហើយ ប៉ុន្ដែមិនទាន់គិតគួររឿងរៀបការទេ ព្រោះស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នា ។ ចំណែក Fan ចង់ឲ្យសូនីតា ក្លាហានហ៊ានបើកមុខប្រុសស្នេហ៍ពិត ដើម្បីលាងជម្រះរឿងគេសង្ស័យថា នាងមានស្រីតាមស្រលាញ់ច្រើនជាងប្រុស ៕