ខេត្តព្រះវិហារ ៖ ទំនិញខូចគុណភាព ប្រមាណ៥តោន ត្រូវបានឈ្មួញលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រ ទេសឡាវ នាំចូលមកកម្ពុជា តែត្រូវបានរាំងខ្ទប់ដោយកម្លាំងសមត្ថកិច្ចចម្រុះស្រុកឆែបខេត្តព្រះវិហារ កាលពីអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ហើយនៅរសៀលថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចសហការជាមួយមន្ត្រីជំនាញ បានដុតកម្ទេចទំនិញខូចគុណភាពទាំងនោះចោលតែម្តង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តចំនួន ៤គ្រឿង ត្រូវបានបង្ក្រាប ក្រោយរកឃើញទំនិញខូចគុណភាពនាំពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា ត្រង់ចំណុចកំពង់ស្រឡៅ ស្រុកឆែបខេត្តព្រះវិហារ។ រថយន្តទាំង៤គ្រឿងនោះ ផ្ទុកទំនិញខូចគុណភាព សរុបជាង៥តោន។

ក្រោយពីមានការត្រួតពិនិត្យពីសមត្ថកិច្ចចម្រុះ រួមមានមន្ត្រីគយនិងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ គណៈបញ្ជាការឯកភាពស្រុកឆែប មន្ត្រីការិយាល័យផលិតផលនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ និងសមត្ថកិច្ខពាក់ព័ន្ធ ក្រោមការដឹកនាំ សម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារបានសម្រេចដុតកម្ទេចចោល ទំនិញខូចគុណភាពទាំងនោះ ដែលរួមមាន កោះមាន់ ចំនួន២០៥កេស ស្មើនឹង ២៤៦០គីឡូក្រាម។ ស្លាបមាន់ ចំនួន៤៥កេស ស្មើនឹង៥៤០គីឡូក្រាម។ ត្រីកន្ធរ ចំនួន១០០ការុង ស្មើនឹង២០០០គីឡូក្រាម និងនំម្សៅបំពង ចំនួន១៤០គីឡូក្រាម។ ទំនិញទាំង៤មុខ ខាងលើ សរុប ៥ ១៤០គីឡូក្រាម (៥តោន ១៤០គីឡូក្រាម)។

តាមប្រភពសមត្ថកិច្ច ក្នុងប្រតិបត្តិការខាងលើថា រថយន្តល្មើសទាំង៤គ្រឿងនោះ ត្រូវផាកពិន័យតាមច្បាប់គយ ទើបដោះលែង ។ ចំណែកឈ្មួញ មិនត្រូវបានចាត់វិធានការ ឬឃាត់ខ្លួននៅឡើយ៕

