Tuesday, August 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទំនិញថៃ បន្លំបារកូដខ្មែរ មន្ត្រីជំនាញទុកពេល២ថ្ងៃ ប្រមូលមកវិញឱ្យអស់

ទំនិញថៃ បន្លំបារកូដខ្មែរ មន្ត្រីជំនាញទុកពេល២ថ្ងៃ ប្រមូលមកវិញឱ្យអស់

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសអំពីការរកឃើញផលិតផលថៃ ដែលបន្លំបិទបារកូដខ្មែរ និងតម្រូវឱ្យម្ចាស់ទំនិញ ប្រមូលត្រឡប់មកវិញ ពីបណ្តាគោលដៅលក់ចែកចាយទាំងអស់ ក្នុងរយៈពេល២ថ្ងៃ ដោយមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប នឹងចុះតាមឃ្លាំពិនិត្យចំពោះសកម្មភាពនេះ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើ ប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបារកូដ (Barcode) កម្ពុជា (884) បិទលើបារកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោ ម៉ាក Kofi។

មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះទៅត្រួតពិនិត្យដល់ទីតាំងដាក់បង្ហាញលក់ (Showroom) របស់ក្រុមហ៊ុន ដែលស្ថិតនៅផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ បានរកឃើញថា ពិតជាមានការបន្លំបិទបារកូដលើផលិតផលនោះ និងមានការទទួលស្គាល់ពីម្ចាស់ផលិតផលប្រាកដមែន។

តាមរយៈកិច្ចសហការពីម្ចាស់ផលិតផល មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះទៅត្រួតពិនិត្យនៅទីតាំងឃ្លាំងស្តុកទុកផលិតផលដែលមានអាសយដ្ឋានស្ថិតនៅម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងត្របែក និងបានរកផលិតផលទឹកដោះគោម៉ាក Kofi សរុបទាំង អស់ចំនួន ២០៥កេស ក្នុងនោះបិទរួច មានចំនួន១៤៤កេស និងមិនទាន់បិទ មានចំនួន៦១កេស ដោយម្ចាស់ផលិតផលបានសារភាពថា បានធ្វើការចែកចាយលក់បន្តទៅតាមបណ្តាខេត្ត ចំនួន៦ និងបានផ្តល់នូវឯកសារពាក់ព័ន្ធនៃការនាំចូលផលិតផលដល់សមត្ថកិច្ច ក.ប.ប ដើម្បីត្រួតពិនិត្យ។

ជាវិធានការបន្ទាន់របស់ក្រុមការងារ ៖ ១-តម្រូវឱ្យម្ចាស់ទំនិញប្រមូលផលិតផលដែលមានបិទបារកូដបន្លំទាំងអស់ ត្រឡប់មកវិញ ពីបណ្តាគោលដៅលក់ចែកចាយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តពាក់ព័ន្ធក្នុងរយៈពេលពីរថ្ងៃ ដោយមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប នឹងចុះតាមឃ្លាំពិនិត្យចំពោះសកម្មភាពនេះ។ ២-តម្រូវឱ្យបកស្ទិកកឺរបារកូដកម្ពុជា ចេញពីផលិតផលទាំងអស់ ក្រោមការត្រួតពិនិត្យរបស់មន្ត្រី ក.ប.ប។

៣-មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានការបន្តស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

RELATED ARTICLES