Wednesday, August 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជនរងគ្រោះឧកញ៉ាបាញ់ប្រហារ ស្រែកថា ទទួលបានយុត្តិធម៌ហើយ

ជនរងគ្រោះឧកញ៉ាបាញ់ប្រហារ ស្រែកថា ទទួលបានយុត្តិធម៌ហើយ

ភ្នំពេញ ៖  ជនរងគ្រោះដែលរងការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅពីអតីតឧកញ៉ា ស្រី ស៊ីណា នៅពេលចេញពីតុលាការកំពូល កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានស្រែកថា ពួកខ្លួនទទួលបានយុត្តិធម៌ហើយ បន្ទាប់ពីតុលាការកំពូល បានបើកសវនាការប្រកាសសាលដីកាករណីអតីតឧកញ៉ាឃាតករ ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលដីកាសាលាឧទ្ធណ៍ រាជធានីភ្នំពេញ ទុកជាបានការដដែល លើសំណុំរឿងចំនួន៣ ដែលបានផ្តន្ទាទោសលើអតីតឧកញ៉ាឃាតករនេះ ដាក់ពន្ធនាគារ សរុបចំនួន ៣១ឆ្នាំ និងបង់សងជំងឺចិត្តដល់ជនរងគ្រោះ សរុប ២លាន ៥សែនដុល្លារសហរដ្ឋអាមេរិក ។

បន្ទាប់ពីតុលាការកំពូលប្រកាសសាលដីកា លើករណីអតីតឧកញ៉ា ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែលរួចមក ជនរងគ្រោះក្នុងសំណុំរឿងឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ បានបញ្ចេញសារថា “ទីបំផុត ពួកយើងទទួលបាន យុត្តិធម៌ហើយ”។

យុវជន ហុង រិទ្ធារ័ក្ស ដែលជាជនរងគ្រោះម្នាក់ (របួស) ក្នុងចំណោមជនរងគ្រោះ ៤នាក់ (ស្លាប់២នាក់) នៅក្នុងហេតុការណ៍បាញ់ប្រហារដោយអតីតឧកញ៉ា ស្រី ស៊ីណា នោះ បានប្រកាសថា ពេលនេះពួកខ្លួនទទួលបានយុត្តិធម៌ហើយ។

ជនរងគ្រោះខាងលើ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ថា “ទីបំផុតពួកយើងទទួលបានយុត្តិធម៌ហើយ… ពេលព្រឹកថ្ងៃទី១៩ សីហា ២០២៥ តុលាការកំពូល បានប្រកាសសេចក្តីសម្រេចយកការសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល។ យុត្តិធម៌នៅតែមានសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ដូចយើងខ្ញុំ។ ខ្ញុំបាទសូមអរគុណទៅដល់សម្តេចពុក ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែយកចិត្តទុកដាក់នៅក្នុងរឿងក្តីរបស់យើងខ្ញុំ តាំងពីការកើតរឿងដំបូង រហូតទទួលបានយុត្តិធម៌នៅពេលនេះ។ ខ្ញុំបាទជាប្រជាជនស្លូតត្រង់ម្នាក់ ក៏សូមជូនពរឱ្យសម្តេច ទាំងទ្វេ មានសុខ ភាពល្អ នឹងបន្តដឹកនាំដល់កូនចៅ និងប្រទេសកម្ពុជា តរៀងទៅ។ ហើយឆ្លៀតឱកាសពេលនេះ ក៏សូមអរគុណទៅដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តតេជោ សែន និងមន្ត្រីតុលាការគ្រប់ស្ថាប័ន។ សូមឱ្យលោកទាំងពីរ ជោគជ័យគ្រប់ភារកិច្ច។ ហើយក៏សូមអរគុណដល់ប្រជា ពលរដ្ឋទាំងអស់ ដែលបានជួយឈឺឆ្អាល យកអាសាជាមួយនឹងរឿងក្តីរបស់ខ្ញុំ តាំងពីថ្ងៃកើតដំបូង រហូតមក ដល់ពេលនេះ។ សូមប្រជាជនខ្មែរ ទាំងអស់ សុំមានសុខភាពល្អ និងផ្លូវចិត្តរឹងមាំ…”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបួងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌចំនួន៣ ពាក់ព័ន្ធនឹងជន ជាប់ចោទឈ្មោះស្រី ស៊ីណា គឺ សំ ណុំរឿងទី១-ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត សំណុំរឿងទី២-ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងសំណុំរឿងទី៣-ពីបទរំលោភលើលំនៅឋាន និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចប្រកាសសាលក្រម ៖

១-សាលក្រមព្រហ្មទណ្ឌលេខ ១៣៥២ ក្រ៦ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល១៥ឆ្នាំ និងពិន័យជាប្រាក់ ចំនួន២លានរៀល ពីបទឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន ១លានដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះ ឈ្មោះយីន កញ្ចនា ដែលបានស្លាប់ និងបង្គាប់ឱ្យសងសំណងជំងឺចិត្តចំនួន ១លានដុល្លារទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះឡុង លីសុង ដែលបានស្លាប់។

២-សាលក្រមព្រហ្មទណ្ឌលេខ ១៣៥៣ ក្រ៦ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល១៥ឆ្នាំ និងពិន័យជាប្រាក់ ចំនួន២លានរៀល ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា ២៧ មាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់ គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះស្រី ស៊ីណា សងសំណងជំងឺចិត្ត ចំនួន៣០ម៉ឺនដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណី ដែលជាអ្នករងរបួស និងចំនួន២០ម៉ឺនដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។

៣-សាលក្រមព្រហ្មទណ្ឌលេខ ៥២៣០ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទរំលោភលើលំនៅឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទា ទោស តាមមាត្រា២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជា ណាចក្រកម្ពុជា និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជំងឺចិត្ត ចំនួន៥០ម៉ឺនដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះជា អញ្ជលី ត្រូវជាម្តាយម្ចាស់ផ្ទះ។ ប្រព្រឹត្តនៅចំណុចបុរីប៉េងហួត បឹងស្នោ ផ្ទះលេខ២៦ ផ្លូវលេខ P-10 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

គួររំលឹកថា កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចផ្ទះមួយកន្លែង បើកអាជីវកម្មថតរូបមង្គលការ ក្នុងបុរីប៉េងហួត បឹងស្នោ គម្រោងទី៧ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បន្ទាប់ពីមានទំនាស់ពាក្យសម្តីរវាងអ្នកជិតខាង ដោយឧក្រិដ្ឋជនឈ្មោះស្រី ស៊ីណា (អតីតឧកញ៉ា) បានចូលទៅក្នុងលំនៅឋានជនរងគ្រោះ រួចធ្វើសកម្មភាពបាញ់ប្រហារលើមនុស្ស ចំនួន៤នាក់ (ស្លាប់២ របួស២) ក្នុងនោះរួមមាន ១-ឈ្មោះឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាម្ចាស់អាជីវកម្មថតរូបមង្គលការ និង Pre Weeding យីហោ Stellar Picture ស្នាក់នៅផ្ទះកើតហេតុខាងលើ (ស្លាប់)។ ទី២-ឈ្មោះយីន កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ ជាគូដណ្តឹង (ស្លាប់)។ ទី៣-ឈ្មោះសុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ (រងរបួសដៃ) និងទី៤-ឈ្មោះហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ (រងរបួសស្រាល)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនជនរងគ្រោះដែលរងរបួស ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង បន្ទាប់ពីបាញ់សម្លាប់ជន រងគ្រោះរួច បានរត់គេចខ្លួនបាត់ភ្លាម ដោយបានបើករថយន្ត ទំនើប ១គ្រឿង ម៉ាកសាំងយ៉ុង រិចតុន ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2BL-9923 រត់គេចខ្លួនទៅដល់ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ ខ្លួនបាន នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

នៅចំពោះមុខសមត្ថកិច្ច ខ្មាន់កាំភ្លើងជាឃាតករ ជាអតីតឧកញ៉ា ឈ្មោះស្រី ស៊ីណា បានសារភាពថា មុនពេលកើតហេតុ ខ្លួនបានចូលទៅផ្ទះជនរងគ្រោះ ដើម្បីសាកសួរជនរងគ្រោះពីរឿងដែលអ្នកជួលផ្ទះរបស់ខ្លួន ដែលនៅជាប់ផ្ទះជនរងគ្រោះ បានប្រាប់ថា គេដាក់ស្នួហាលខោអាវ ខាងមុខផ្ទះ តែជនរងគ្រោះមិនឱ្យដាក់ លុះចូលទៅដល់ក្នុងផ្ទះជនរងគ្រោះ ត្រូវបានជនរងគ្រោះឱ្យដោះស្បែកជើង និងដេញខ្លួនចេញពីផ្ទះ ដោយហៅសុទ្ធតែអ្ហែងៗ ទើបខ្លួនផ្ទុះ កំហឹង ក៏ដកកាំភ្លើងបាញ់ជនរងគ្រោះតែម្តង៕

RELATED ARTICLES