ខេត្តកោះកុង ៖ កម្លាំងនគរបាលការពារព្រំដែនទឹក លេខ២៦៩ ខេត្តកោះកុង បានចុះប្រតិបត្តិការបង្ក្រាបទូកដឹកទំនិញ (គ្រឿងសមុទ្រ) បាន១ទូក និងចាប់ឃាត់ខ្លួនមនុស្ស ២នាក់។

លោកឈិត រតនៈ អភិបាលរងខេត្តកោះកុង បានឱ្យដឹងកាលពីវេលាម៉ោង៦និង០៦នាទីព្រលប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ថា ទូកដឹកជញ្ជូន ភាគច្រើនសុទ្ធតែជាត្រីបង្កក មឹក ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលមិនបានបង់ពន្ធគយ ត្រូវបាននគរបាលការពារព្រំដែនទឹក បង្ក្រាបបានភ្លាមៗ អំឡុងពេលប្រុងឡើងទៅគោក កាលពីម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

អភិបាលរងខេត្តកោះកុង បានបញ្ជាក់ថា ក្រៅពីចាប់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានមនុស្ស២នាក់ ទី១-ឈ្មោះឈិត ទុំ ជនជាតិខ្មែរ និងទី២-ឈ្មោះឡន់ ប៉ែង ជនជាតិថៃ និងវត្ថុតាង មានទូកកន្ទុយវែង ១គ្រឿង នៅចំណុចព្រែកកោះយ៉។

លោកអភិបាលរងខេត្ត បន្តថា ក្រោយពីត្រួតពិនិត្យរួចរាល់ ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញ បានប្រគល់ជូនមន្ត្រីសាខាគយនិងរដ្ឋាករខេត្ត បន្តស៊ើប អង្កេតអនុវត្តនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ទំនិញគេចពន្ធ មកពីថៃ ត្រូវបានប្រភពព័ត៌មានក្រៅផ្លូវការទម្លាយថា មានការដឹកជញ្ជូនតាមផ្លូវទឹកក្នុងចំនួនច្រើន មិនថាយប់ឬថ្ងៃនោះទេ តាមសមុទ្រ ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចក៏បង្កើនការតាមដានល្បាតបង្ក្រាបផងដែរ។ ជាក់ស្តែងក្រុមឈ្នួញខិលខូច តែងតែផ្លាស់ប្តូរទីតាំងឡើងទំនិញទាំងនោះ ដោយពុំមាននរណាអាចដឹងឡើយ៕



