ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ ៤នាក់ ត្រូវបានកម្លាំងយោធាចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រី ប្រមាណ២តោន ក្នុងរដូវបិទនេសាទ គោលដៅទៅលក់ឱ្យឈ្មួញ។

ប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនកូនត្រី ដោយខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះទៅពិនិត្យជនសង្ស័យ និងវត្ថុតាង នៅទីតាំងឈរជើងរបស់កងទ័ពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ក្រោយពីកម្លាំងយោធា ចាប់បានជនសង្ស័យ ៤នាក់ និងឡាន ១គ្រឿង វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលពួកគេកំពុងធ្វើសកម្មភាពដឹកកូនត្រីតូចៗប្រមាណជាង២តោន ក្នុងរដូវបិទនេសាទ ហើយកូនត្រីទាំងនោះ បាននេសាទដោយបទល្មើសរបាំងស្បៃមុង ជាឧបករណ៍ហាមឃាត់។

លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឱ្យដឹងថា ក្រោយការឃាត់ជនសង្ស័យ៤នាក់ រួមនិងវត្ថុតាង ឡានដឹកកូនត្រី ១គ្រឿង មានកូនត្រីពេញឡាន នៅព្រឹកថ្ងៃដដែល កម្លាំងយោធាបានប្រគល់ជនសង្ស័ យនិងវត្ថុតាង ឱ្យសង្កាត់រដ្ឋបាលជលផលជលគិរី ដើម្បីអនុវត្តបន្តតាមនីតិវិធី។ ចំពោះករណីដឹកកូនត្រីខុស ច្បាប់ ក្នុងរដូវបិទនេសាទ ដោយប្រើបទល្មើសរបាំងស្បៃមុងបែបនេះ លោកនឹងកសាងសំណុំរឿង តាមច្បាប់ បញ្ជូនជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាង ទៅស្ថាប័នអយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមច្បាប់។ ដោយសារមានអ្នកទិញកូនត្រី ខុសច្បាប់បែបនេះ ទើបបទល្មើសរបាំងស្បៃមុង តែងកើតឡើងវិញភ្លាមៗ ក្រោយកម្លាំងជលផលបង្ក្រាប ឬកម្លាំងយោធាបង្ក្រាប។ លោកបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជួយទប់ស្កាត់ និងណែនាំប្រជាពលរដ្ឋ កុំឱ្យប្រព្រឹត្តខុសច្បាប់ នាំឱ្យមានទោសដល់ខ្លួន។

លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានឱ្យកម្លាំងយោធា និងសង្កាត់រដ្ឋបាលជលជលគិរី កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាង មកស្ថាប័នអយ្យកា សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ លោកក៏សំណូមពរដល់កម្លាំងសង្កាត់ជលផលជលគិរី និងកម្លាំងកងទ័ព សហការជាមួយអាជ្ញាធរស្រុកជលគិរី បន្តបង្ក្រាបរបាំងស្បៃមុង របាំងសាច់អួន ខុសច្បាប់ និងបទល្មើសនេសាទផ្សេងទៀត ដើម្បីឱ្យពូជមច្ឆជាតិទឹកសាប នៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
