ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានប្រាប់ថា ក្រុមឈ្មួញបានធ្វើសកម្មភាពនាំគ្នាសម្រុកលីសែង ដឹកជញ្ជូនថ្មើរជើង សាច់មាន់ សាច់ជ្រូក កោះមាន់ និងប្រហិត ឆ្លងដែនពីប្រទេសថៃ ចូលកម្ពុជា តាមច្រករបៀងមួយកន្លែង (ចំណុចវត្តចាស់) ក្នុងភូមិអូរបីជាន់ ស្រុកអូរជ្រៅ កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។

សេចក្តីរាយការណ៍ បានបន្តថា បន្ទាប់ពីបែកការ បុរសម្នាក់ឈ្មោះវី នៅចំណុចកើតហេតុ បានបើកបង្អួចផ្ទះ ស្រែកឱ្យក្រុមទាំងនេះ លីអីវ៉ាន់ទាំងនេះត្រឡប់ចូលដីថៃ វិញ។ សកម្មភាពទាំងនេះ ហាក់បីដូចមិនមានវិធាន ការណាមួយពីកម្លាំងជំនាញ ដើម្បីទប់ស្កាត់រកសារធាតុគីមីដែលនៅក្នុងសាច់ទាំងនោះនៅឡើយ ដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតពលរដ្ឋជាអ្នកទទួលទាន។

ប្រជាពលរដ្ឋ បានលើកឡើងថា ករណីដែលមានក្រុមឈ្មួញ បន្តលួចនាំចូលសាច់មាន់ សាច់ជ្រូក កោះមាន់ និង ប្រហិត ពីប្រទេសថៃ ចូលកម្ពុជា យ៉ាងគគ្រឹកគគ្រេងនេះ កំពុងធ្វើឱ្យពលរដ្ឋខ្មែរ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាសុខភាព និងអាយុជីវិត។

ជុំវិញករណីនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕