Thursday, August 28, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញថ្នាំញៀន ជិត៤លាន ជាប់ខ្នោះ៤

ទិញថ្នាំញៀន ជិត៤លាន ជាប់ខ្នោះ៤

ខេត្តកណ្តាល ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញាប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ សរុបចំនួន៤នាក់ ខណៈដែលក្រុមជនសង្ស័យទើបនឹងទិញថ្នាំញៀន ១ខាំ តម្លៃជិត ៤លានរៀល បំណងយកមកចែករំលែកលក់បន្ត។

ការបង្ក្រាបករណីជួញដូរសារធាតុញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង៣និង០៥នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ និងតាមស្រាវជ្រាវរហូតឃាត់ខ្លួនជន សង្ស័យបានទាំង៤នាក់ នៅវេលាម៉ោង៩និង០៥នាទីព្រឹកថ្ងៃដដែល។

ក្រុមជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះកុក លាង អាយុ៣១ឆ្នាំ។ ទី២-ឈ្មោះប៊ន កែវមន្នី អាយុ៣៩ឆ្នាំ។ ទី៣-ឈ្មោះស៊្រុន រស្មី អាយុ៣៩ឆ្នាំ (មានដីកាចាប់ខ្លួន ចេញដោយលោក ថៃ ថេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លេខ៥៣៣ ចខ/ឌ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥) និងទី៤-ឈ្មោះថន អារិទ្ធត្យា អាយុ៣០ឆ្នាំ។ ជនសង្ស័យទាំង៤នាក់ ស្នាក់នៅជាមួយគ្នា ក្នុងភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ។

ចំពោះវត្ថុតាងចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២៨កញ្ចប់ (តូច១៩កញ្ចប់ ធំ៩កញ្ចប់) មានទម្ងន់សរុប ៨៥,៩ក្រាម សម្ភារៈវេចខ្ចប់និងប្រើប្រាស់ប្រាស់ថ្នាំញៀន មួយចំនួន ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន១គ្រឿង និងទូរស័ព្ទដៃចំនួន២គ្រឿង។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ប្រាប់ថា នៅមុនកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅរោងចម្ការស្វាយ ស្ថិតក្នុងភូមិឃុំខាងលើ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះដល់ចំណុចកើតហេតុ ដោយធ្វើការឃាត់ខ្លួនជន សង្ស័យ បានចំនួន៣នាក់ និងរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន១៩ កញ្ចប់តូច និងសម្ភារៈវេចខ្ចប់ ប្រើប្រាស់ មួយចំនួន ហើយបាននាំខ្លួនជនសង្ស័យយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះកុក លាង បានសារភាពថា ថ្នាំញៀន (ម៉ាទឹកកក) ចំនួន១៩កញ្ចប់តូចនេះ ជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីឈ្មោះប៊ន កែវមន្នី តម្លៃ២៥ម៉ឺនរៀល ដើម្បីទុកលក់បន្ត។ រីឯឈ្មោះ ប៊ន កែវមន្នី បានសារភាពថា ថ្នាំញៀននោះ គឺខ្លួន បានទិញពីឈ្មោះស៊្រុន រស្មី។ ចំណែកឈ្មោះថន អារិទ្ធត្យា បានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀន ជាមួយឈ្មោះកុក លាង ចំនួន៦ដង មកហើយ។

ក្រោយបានចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់រួចមក នៅវេលាម៉ោង៩និង០៥នាទីព្រឹកថ្ងៃដដែល លោកអធិការ ព្រុំ សំណាង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងស្រុក សហការជាមួយប៉ុស្តិ៍គគីរ និងប៉ុស្តិ៍សង្កាត់ក្បាលកោះ បន្តនីតិវិធីចុះទៅដល់បន្ទប់ជួលរបស់ឈ្មោះស៊្រុន រស្មី ស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះស៊្រុន រស្មី និងដកហូតនូវសារធាតុញៀន (ម៉ាទឹកកក) ចំនួន៩កញ្ចប់ធំ ដែលជនសង្ស័យបានទិញពីបុរសម្នាក់ឈ្មោះថា ក្នុង១ខាំតម្លៃ ៣លាន៦សែនរៀល សម្រាប់យកមកជួញដូរ យកចំណេញ។

ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES