Thursday, August 28, 2025
Homeតារាខ្មែរវី ឌីណែត សុបិនក្លាយជាការពិត

វី ឌីណែត សុបិនក្លាយជាការពិត

ភ្នំពេញ ៖ វី ឌីណែត និយាយដោយរីករាយថា ក្ដីសុបិនរបស់នាងតាំងពីតូច ដែល់ចង់សម្ដែងភាពយន្ដ ចាក់ បញ្ចាំងនៅតាមរោងភាពយន្ដ ពេលនេះបានក្លាយជាការពិត ក្រោយនាងមានឱកាសសម្ដែងភាពយន្ដរឿង «ភូមិគ្រះអាគម» ចាក់បញ្ចាំងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។ កូនក្រមុំតារាចម្រៀងជើងចាស់ លោកហួរ ឡាវី រូបនេះ ហាក់មានជំនឿចិត្តថា ការលេងរឿងខ្នាតធំនេះ អាចនឹងជួយរុញកេរ្ដិ៍ឈ្មោះឲ្យនាងបានល្បីថែមមួយក្រឺតទៀតជាមិនខាន បានជានាងរំភើបខុសពីថតរឿងមួយចំនួន ដាក់បញ្ចាំងតាមទូរទស្សន៍ ។

ប៉ុន្ដែតាមព័តមានថា ឌីណែត ក៏ស្រណោះស្រណោកចិត្តខ្លាំងដែរ ព្រោះរឿងថ្មីនោះនាងត្រូវបានជ្រើសរើសសម្ដែងនិងដឹកនាំថតដោយលោកកៅ សីហា តែលោកសីហា បានលាចាកលោក តាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ទើបភាពយន្ដដែលឌីណែត សម្ដែងនេះ បានដាក់បញ្ចាំង ។

គួររំលឹកថា វី ឌីណែត ធ្លាប់ត្រូវបានហង្សមាស លើកឲ្យធ្វើជាតួឯករឿងភាគ «រាជបុត្រកង្កែប» ដែលនាងចាប់ដៃជាមួយតួប្រុស លោកនី រតនា និងសម្ដែងសាច់រឿងបទចម្រៀងជាមួយទៀតលោក ឆន សុវណ្ណារាជ ។ កូនស្រីលោកហួរ ឡាវី រូបនេះ ត្រូវបានចាត់ទុកថា មានសមត្ថភាពមិនធម្មតាទេ ព្រោះច្រៀងប្រភេទបទខ្ពស់ៗ ដោយគ្មានឧបសគ្គ រហូតមានការលើកឡើងថា នាងអាចស្នងតំណែងឱក សុគន្ធកញ្ញា ពេលកញ្ញា មានវ័យចាស់ទៅទៀតផង។ប៉ុន្ដែគួរឲ្យស្ដាយ ច្រៀងនៅហង្សមាស ១០ឆ្នាំគត់ (២០១៤-២០២៤) ឌីណត បានបាយបាយផលិតកម្មនេះ មុនកំណត់ ហើយពេលនេះនាងមិនទាន់រកបានទ្រនំថ្មីទេ ដោយធ្វើបទខ្លួនឯង ហើយការចេញ ចម្រៀង មិនបានដិតដល់ទីផ្សារ ទើបធ្វើឲ្យនាងបញ្ចេញសម្ថភាពមិនអស់ ។ ចំណែកការថតភាពយន្ដ គេជឿថា ទោះជា ឌីណែត ប្រឹងសម្ដែងរឿងថ្មីៗបន្ថែមទៀត ក៏មិនអាចល្បីជាងអាជីពចម្រៀងដែលជំនាញដើមរបស់ខ្លួន តាំងពីតូចនោះឡើយ  បើទោះជាពេលនេះ នាងថាបំណងចង់លេងរឿងធំ ចាក់បញ្ចាំងតាមរោងកុន បានសម្រេចក្ដី ។

បន្ទាប់ពី វី ឌីណែត ដើរចេញពីហង្សមាស ជាង១ឆ្នាំ ម្ចាស់ពាន I Am A Singer Cambodia រដូវកាលទី២ រូបនេះ នៅតែបង្ហាញការស្រលាញ់ គោរពដល់រៀមច្បងខ្លួន នាងឱក សុគន្ធកញ្ញា ដដែល ដោយថ្មីៗនេះ នាងចាប់ថើបតារាកូន២ នៅចំពោះមុខតារារួមអាជីពជាច្រើន។ ឌីណែត ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងចាត់ទុកឱក សុគន្ធកញ្ញា ជា Idol និងស្រលាញ់ចូលចិត្តច្រៀងបទរៀមច្បងនេះទៀតផង។

 អ្នកជំនាញសិល្បៈ បានលើកឡើងថា វី ឌីណែត អាចនឹងមិនលេចធ្លោជាងនេះទេ ប្រសិនបើការចេញបទ ចម្រៀងរបស់នាង នៅមានកម្រិត បើទោះជានាងមានសមត្ថភាពខ្លាំងប៉ុនណាក៏ដោយ ។ ប៉ុន្ដែនៅតាមបណ្ដាកម្មវិធីប្រគំតន្រ្ដីនានា ឌីណែត នៅតែមានហាងឆេង ព្រោះនាងច្រៀងបទល្បីៗរបស់ខ្លួន កាលនៅហង្សមាស ឡើងវិញ និង Cover បទរៀមច្បង ។ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភ គឺឌីណែត មានជំងឺពកក ប៉ះពាល់ដល់ការប្រើសំឡេងខ្ពស់របស់នាងមួយកម្រិត ខណៈគ្រូពេទ្យ តម្រូវឲ្យនាងលេបថ្នាំ ជាប្រចាំ អស់មួយជីវិត ។

 មិនមែនតែអាជីពចម្រៀងមួយច្រកទេ ដែល វី ឌីណែត មិនច្បាស់ថា បន្ដច្រៀង ផលិតបទដោយខ្លួនឯងទៀត ឬចូលផលិតកម្មថ្មីនោះ ប៉ុន្ដែរឿងស្នេហានាង ជាមួយបុរសម្នាក់ដែលនាងធ្លាប់បង្ហាញភាពស្និទ្ធស្នេហ៍ តែតែង យក Sticker បិទមុខ កុំឲ្យគេស្គាល់ កាលពីឆ្នាំ២០១៩ ដើម្បីបន្សាបរឿងគេសង្ស័យថា នាងខូចចិត្តព្រោះនី រតនា រៀបការប្រពន្ធនោះ ពេលនេះ ឌីណែត លែងកៀកកើយជាមួយប្រុសនោះទៀតហើយ ។ ប៉ុន្ដែមិនយូរទេ ឌីណែត នឹងរកបានកូនកំលោះពិតមិនខាន ព្រោះឪពុកនាង លោកហួរ ឡាវី ក៏ចង់ឲ្យនាងឆាប់ចូលរោងការដែរ បើទោះជាលោកធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ផ្ដល់សិទ្ធិពេញទំហឹងឲ្យកូនស្រី ជ្រើសគូស្រករដោយខ្លួន ឯងក្ដី ៕

RELATED ARTICLES