ភ្នំពេញ ៖ បុរសម្នាក់ ឃើញគេអង្គុយផឹកស៊ីមុខបន្ទប់ជួល ក៏ចូលទៅផឹកជាមួយគេ ទាំងគ្មានអ្នកណាហៅ លុះអ្នករួមវង់ឱ្យជួយចេញសាច់ក្លែម មិនព្រមចេញ ទើបគេលែងផឹកជាមួយ ងើបចេញទៅផឹកកន្លែងផ្សេង ស្រាប់តែខឹងសម្បា ទាញដែកថ្នាំងអំពៅ វាយបុរសម្នាក់ រយះក្បាលហូរឈាមស្រោចខ្លួន រួចទាញកាំបិតចាក់ទៀត តែមិនត្រូវ បន្ទាប់មកបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល មួយកន្លែង ម្តុំផ្លូវឌួងងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
តាមប្រភពជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបខ្លួនបានសម្រាកពីការងារ ហើយជួបជុំផឹក ស៊ីបន្តិចបន្តួច មុខបន្ទប់ជួល។ លុះក្រោយមក លេចមុខជនបង្កហេតុ បានចូលមកផឹកជាមួយដែរ ទាំងគ្មានអ្នកណាហៅឱ្យមកចូលរួមវង់សោះ តែយ៉ាងណា ដោយសារតែជាអ្នកស្គាល់គ្នា ទើបមិនមានអ្នកណាមាត់កអ្វីនោះទេ។
ជនរងគ្រោះ បន្តថា មុនដំបូង ជនបង្កហេតុ ឃើញពួកខ្លួនអង្គុយផឹក ក៏ដើរចូលមកយកស្រាបៀរ គាស់ផឹកតែ ម្តង ហើយថែមទាំងយកក្រវិលកំប៉ុងដែលត្រូវរង្វាន់ ទុកទៀតផង។ លុះផឹកបានបន្តិច រូបខ្លួនបានឈប់ផឹកជាមួយ ដោយសារតែឱ្យជនបង្កហេតុ ជួយចេញស្រាបៀរ ឬសាច់ក្លែម តែជនបង្កហេតុថា អត់មានលុយ ទើបខ្លូនឈប់ផឹកជាមួយ ហើយក៏ទៅទិញស្រាបៀរ ៦កំប៉ុង ផឹកជាមួយមេរបស់ខ្លួន តែ២នាក់ នៅកន្លែងជិតគ្នា។ ស្រាប់តែពេលនោះ ជនបង្កហេតុ ខឹងសម្បាថា ខ្លួនឌឺ ក៏បានទាញដែកថ្នាំងអំពៅ ប្រហែល ១ម៉ែត្រ មកវាយចំក្បាល ចំហៀងខាងស្តាំ បណ្តាលឱ្យបែកហូរឈាម រួចជនបង្កហេតុ បានទាញកូនកាំបិត មកចាក់ថែមទៀត តែខ្លួនគេចទាន់។
ក្រោយពីប្រើហិង្សាទៅលើជនរងគ្រោះរួចហើយ ជនបង្កហេតុ ត្រូវបានសាច់ញាតិនៅក្បែរនោះ ដឹកគេចចេញទៅបាត់។ ចំណែកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនបង្កហេតុ យកមកចាត់ការតាមនីតិវិធី៕